សិស្ស​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧​បី​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តកណ្តាល ៖ សិស្ស​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​ព្រួត​គ្នា​វាយ​​សិស្ស​២​នាក់​បណ្តាល​ឲ្យ​រង​របួស​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧ ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវ​សិស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ យឹ​ម ពុទ្ធិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​, ២-​ឈ្មោះ គង់ មក​រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ​និង ៣-​ឈ្មោះ យុន វិ​ឆុ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ និង​បក្សពួក​ជា​ច្រើន​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​អស់ ។ ចំណែក​យុវ​សិស្ស​រង​គ្រោះ​២​នាក់ ម្នាក់​ឈ្មោះ ធី សុ​ផា​រាជ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ និង​ម្នាក់​ទៀត​ឈ្មោះ ធី សុ​ផា​រ៉ា​ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវជា​បងប្អូន​គ្នា បាន​រង​របួស​ជាំភ្នែក​ខាងស្តាំ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ យុវ​សិស្ស​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​កំពុង​ឈរ​ជជែក​គ្នា​នៅ​ក្រោម​ដើមឈើ​ក្នុង​បរិវេណ​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧ ស្រាប់តែ​យុវ​សិស្ស​ល្មើស​ទាំង​៣​នាក់ និង​បក្សពួក​ជា​ច្រើន​នាក់​ទៀត​បាន​មក​ព្រួត​គ្នា​ដាល់​យុវ​សិស្ស​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ដោយ​មិនដឹង​មូលហេតុ ។ បន្ទាប់​មក​យុវ​សិស្ស​រង​គ្រោះ​បាន​ស្គាល់​អត្តសញ្ញាណ​យុវ​សិស្ស​ល្មើស​៣​នាក់​ក៏​រត់​មក​ដាក់​ពាក្យបណ្តឹង​ប៉ូលិស​ប៉ុស្តិ៍​ដី​ឥ​ដ្ធ​ឲ្យ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​យុ​សិស្ស​ល្មើស​ទាំង​៣​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​បាល​ស្រុក​ចាត់ការ​បន្ត​តាម​នីតិវិធី ៕