មហោស្រព​តន្ត្រី​ចម្រៀង​​សម័យ​ថ្នាក់​ជាតិ​ត្រៀម​ធ្វើ​ជា​លើក​ទី​៤

ក្រសួង​ព័ត៌មាន ត្រៀម​រៀបចំ​មហោស្រព​តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​លើក​ទី​៤​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ២០១៦ ខាង​មុខ​នេះ​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា។

 

មហោស្រព​តន្ត្រី​ចម្រៀង​​សម័យ​ថ្នាក់​ជាតិ​ត្រៀម​ធ្វើ​ជា​លើក​ទី​៤ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ក្នុងនាមជាគណកម្មការ

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​​​បាន​មាន​ប្រសាសន៍​ថា មហោស្រព​នេះ​មិន​បាន​ប្រើប្រាស់​ថវិកា​រដ្ឋ​នោះ​ទេ ហើយ​រាល់​ការ​ចំណាយ​ទាំង​អស់​ជា​ថវិកា​ឧបត្ថម្ភ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ខៀវ កាញារិទ្ធ និង​លោក​ជំទាវ ព្រម​ទាំង​សប្បុរសជន​នានា​ផង​ដែរ។

 

ទោះ​បី​ជា​យ៉ាង​ណា មាន​យុវតន្ត្រី​ករ​ចំនួន​២៤​ក្រុម​ក្នុង​ចំណោម​រាប់​សិប​ក្រុម​ផ្សេង​ទៀត​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​ផ្លូវ​ការ​ក្នុង​ការ​ប្រកួត​ប្រជែង។ ឯកឧត្ដម​បន្ត​ថា ក្រុម​ទាំង​នេះ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​បាន​កំណត់ ដោយ​មាន​បទ​ចម្រៀង​ថ្មី​ផ្ទាល់​ខ្លួន។ ក្រុម​នីមួយៗ​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជម្រុះ​ជា​បន្ទាប់​រហូត​ដល់​ការ​ប្រកួត​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​សីហា ជា​ការ​ប្រកាស​ជយលាភី និង​បិទ​មហោស្រព​តែ​ម្ដង។

 

“ខ្ញុំ​សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​វេទិកា​យក​ចាញ់​ឈ្នះ​គ្នា​ទេ ប៉ុន្តែ​ជា​ការ​ចូលរួម​បំផុស​ក្នុង​ការ​បង្កើត​ស្នាដៃ​ថ្មី ហើយ​កាត់​បន្ថយ​ការ​ចម្លង​ស្នាដៃ​របស់​បរទេស នាំ​ឱ្យ​គេ​មើល​ងាយ​ខ្មែរ​យើង”។ ឯកឧត្ដម​ថ្លែង​មក​កាន់ Sabay។ ឯកឧត្ដម​បញ្ជាក់​ថា ទោះ​បី​ជា​មាន​ការ​លំបាក​មួយ​ចំនួន​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​នាម​ក្រសួង​ព័ត៌មាន​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​នោះ ចាំ​បាច់​ត្រូវ​តែ​ធ្វើ​មហោស្រព​នេះ​ឡើង​ដោយ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​ស្នាដៃ​ថ្មី កាត់​បន្ថយ​ការ​ចម្លង។

 

មហោស្រព​តន្ត្រី​ចម្រៀង​​សម័យ​ថ្នាក់​ជាតិ​ត្រៀម​ធ្វើ​ជា​លើក​ទី​៤សកម្មភាព​មហោស្រព​ចម្រៀងលើកទី៣កាល​ពី​ឆ្នាំ២០១៥

 

ទោះ​បី​ជា​យ៉ាង​ណា ឯកឧត្ដម​ចាប់​អារម្មណ៍​ឃើញ​ថា មាន​យវតន្រ្តីករ​កាន់​តែ​ច្រើន បាន​ចូលរួម​ក្នុង​មហោស្រព​តន្ត្រី​រៀប​ចំ​ដោយ​ក្រសួង ព្រោះ​ពួក​គេ​ក៏​មាន​ការ​ឈឺ​ចាប់​ចំពោះ​ពាក្យ​សំដី​ផ្លែផ្កា​ពី​បរទេស​ផង​ដែរ។ ជាមួយ​គ្នា​នោះ ក៏​មាន​បទ​ចម្រៀង​ស្នាដៃ​ថ្មី​ជា​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​ស្នាដៃ​មួយ​ចំនួន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ទៀត​ដូច​ជា​បទ “បទ​រាំ​ញី​កែង​ជើង” ជា​ដើម។

 

យ៉ាង​ណា​មិញ ក្នុង​កម្មវិធី​ថ្នាក់​តំបន់​អាស៊ាន​កន្លងមក កម្ពុជា​ក៏​ធ្លាប់​បាន​បញ្ជូន​បេក្ខភាព​ជយលាភី​ឆ្នាំ​មុនៗ​ចូលរួម​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​ដល់​មន្ត្រី​តំណាង​ប្រទេស​នីមួយៗ​ផង​ដែរ។ ហើយ​ជា​លទ្ធផល​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​របស់​កម្ពុជា​ទទួល​បាន​ការ​កោត​សរសើរ​ពី​មន្ត្រី​អ្នកមុខអ្នកការ​ទាំង​អស់​នោះ៕

 

អត្ថបទ៖ សំ ជំនាញ