បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ

កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ រថយន្ត​យី​ឌុប​ធុន​ធំ​២​គ្រឿង​បាន​ដឹកឈើ​លេខ​១​និង​ឈើ​លេខ​២​ចេញពី​ទឹកដី​ស្រុក​ជាំ​ក្សាន្ត ចូលមក​ខេត្តកំពង់ធំ​យ៉ាង​រលូន ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ពី​ខេត្តព្រះវិហារ ចូលមក​ខេត្តកំពង់ធំ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​កន្លែង ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​ហុង​សុភាព​ឡើយ​។ គេ​សង្ស័យថា​សមត្ថកិច្ច​ទទួល​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​ហុង​សុភាព ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​។

មន្ត្រី​អាជ្ញាធរខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ហុង​សុភាព បានទទួល​សិទ្ធិ​ក្នុងការ​ដេញថ្លៃ​និង​ម៉ៅការ​ឈូសឆាយ​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ផ្លូវ​និង​ផ្ទះ​ឲ្យ​គ្រួសារ​កងទ័ព​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៧ ក្នុងភូមិ​ឈើទាល​គង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ឈានដល់​ការ​អារច្រៀក​ឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ឆ្លងខេត្ត​ស្រេច​តែ​អំពើ​ចិត្ត​ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​ទៀត​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​សកម្ម​ភាពមិនប្រក្រតី​ក្រុមហ៊ុន​ហុង​សុភាពជា​បន្ទាន់ ព្រោះ​ក្រុមហ៊ុន​នេះ​កំពុង​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកឈើ​ពី​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ចូលមក​ខេត្តកំពង់ធំ តាម​អំពើ​ចិត្ត​។

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បាន​ឲ្យ​ដឹងថា​ឈើ​ដែល​ក្រុមហ៊ុន​ហុង​សុភាព ដឹកជញ្ជូន​ពេញ​រថយន្ត​ធំៗ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ មិនមែនជា​ឈើ​ដែល​បានមកពី​ការ​ឈូសឆាយ​ធ្វើ​ផ្ទះ​ឲ្យ​គ្រួសារ​កងទ័ព​នៅក្នុង​ឃុំ​ស្រអែម​នោះទេ​។ ផ្ទុយទៅវិញ​ឈើ​ទាំងនោះ​អាច​កាប់​ដឹក​ចេញពី​តំបន់​ព្រៃ​អភិរក្ស​ជុំវិញ​ប្រាសាទព្រះវិហារ ដូច្នេះ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ព្រោះ​បច្ចុប្បន្ន​ព្រៃឈើ​នៅ​តំបន់​ប្រាសាទព្រះវិហារ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​ឥតឈប់ឈរ​។ ជាងនេះទៅទៀត​ព្រៃឈើ​ក្នុងស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​គូលែន និង​ស្រុក​រវៀង ខេត្តព្រះវិហារ ក៏​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ ព្រោះ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ​៕

1_26-5-16_4លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ hong-sopheab-timber-500x327