មន្ត្រី​ជំនាញ​នៅ​ច្រករបៀង​ស្រុក​អូរជ្រៅ មិន​បង្ក្រាប​ការនាំ​ចូល​សាច់មាន់​ខូចគុណភាព​

​ប្រភពព័ត៌មាន​ពី​ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​ឲ្យ​ដឹងថា សាច់មាន់​ត្រូវ​មីន​មួយចំនួនធំ ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បង្ក្រាបបាន​កាលពី​យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់ពី​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​សៀម តាម​ច្រករបៀង​ភូមិសាស្ត្រ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។ ប្រភព​ដែល​បាន​បញ្ជាក់ថា​ការបង្ក្រាប​ខាងលើនេះ គឺជា​ការបង្ក្រាប​មួយផ្នែក​តូច​ប៉ុណ្ណោះ ខណៈ​ការ​នាំចូល​សាច់មាន់​ខូចគុណភាព​បានកើត​ឡើង​ស្ទើរ​រៀងរាល់​យប់​។​

ប្រជា​ពល​រស់នៅ​ក្បែរ​ច្រករបៀង​អូរជ្រៅ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់ថា សព្វថ្ងៃនេះ​នៅ​ច្រករបៀង​ខាងលើ​មាន​ករណី​នាំចូល​សាច់​ខូចគុណភាព​ស្ទើរ​រៀងរាល់​យប់ ហើយក៏​មាន​ករណី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​មួយចំនួនទៀត​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា នៅពេល​មានការ​បង្ក្រាប​បន្តិចបន្តួច​មន្ត្រី​ជំនាញ​បានអនុញ្ញាត​ឲ្យ​សារព័ត៌មាន​ផ្សាយ​ព្រោងព្រាត តែ​ចំពោះ​ករណី​នាំចូល​ទំនិញ​ខុសច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំ​ពួកគេ​បាន​ឃុបឃិត​គ្នា​នាំចូល​ដោយ​ស្ងៀមស្ងាត់ ហើយ​បែងចែក​ផលប្រយោជន៍​ជាមួយ​ឈ្មួញ​យ៉ាង​រលូន​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ  បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ​ជួយ​ត្រួតពិនិត្យ និង​ជំរុញ​មន្ត្រី​ជំនាញ​ឲ្យ​បំពេញការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​បាន​ត្រឹមត្រូវ​ផង ព្រោះ​សព្វថ្ងៃនេះ​តាម​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ នៅតែមាន​ករណី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​ជា​រៀងរាល់ថ្ងៃ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា បើ​មន្ត្រី​ជំនាញ​មាន​ភាព​ស្អាតស្អំ និង​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​បទល្មើស នោះ​អំពើ​ល្មើសច្បាប់​ទាំងឡាយ​នឹង​មិនអាច​កើតឡើង​បានឡើយ​។​    ​

​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ  បាន​បញ្ជាក់ថា បើ​មន្ត្រី​ជំនាញ​នៅតែ​អាច​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​គ្មាន​វិធានការ​ច្បាប់​ដើម្បី​ទប់ស្កាត់ នោះ​បទល្មើស​សេដ្ឋកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ​នឹង​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ប្រៀបធៀប​ប្រសិទ្ធភាព​ការងារ​រវាង​មន្ត្រី​ជំនាញ​របស់​ខ្មែរ​នៅតាម​ព្រំដែន និង​មន្ត្រី​ជំនាញ​របស់​សៀម​វា​មាន​ភាពខុសគ្នា​ឆ្ងាយ​ណាស់ ព្រោះ​មន្ត្រី​ជំនាញ​របស់​សៀម​មិនមាន​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ដូច​មន្ត្រី​ជំនាញ​របស់​កម្ពុជា​នោះទេ ខណៈ​មន្ត្រី​ជំនាញ​របស់​សៀម​មាន​ជីវភាព​ប្រសើរ​ជាង​មន្ត្រី​ខ្មែរ​៕

ហ ថងថង