អាជ្ញាធរ​ស្រុក​អូរជ្រៅ​ឃាត់​គោយន្ត​ដឹក​ពលរដ្ឋ​មាន​ទំនាស់​ដី​​មិន​ឲ្យ​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត ២៥០​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាខេត្ត​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពួកគាត់។ ទន្ទឹម​គ្នា​នេះ ​​គោយន្ត​ដឹក​ក្រុម​អ្នក​តវ៉ា​​ ២​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​អូរជ្រៅ ឃាត់​ជាប់ ​ធ្វើឲ្យ​​ពួកគាត់​មួយ​ចំនួន​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​តវ៉ា​បាន។

ក្រុម​អ្នក​តវ៉ា​ប្រមាណ ៥០​នាក់ បាន​ទៅ​ដល់​ទីកន្លែង​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ ចំណែក​ឯ​ពលរដ្ឋ​​ពាក់កណ្ដាល​ទៀត​មិន​បាន​ទៅ​ដល់​គោល​ដៅ​ឡើយ។

​​​​​​​​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​អ្នកស្រី ឡុង សុគន្ធី​ ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា មូលហេតុ​ដែល​ពួកគាត់​​តវ៉ា​ដោយសារ​កន្លង​មក​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ត្រឹម​តែ​សន្យា​ខ្យល់​ជាមួយ​ពួកគាត់​ដោយ​ពុំ​បាន​ដោះស្រាយ​អ្វី​ឡើយ។

អ្នកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដោះស្រាយ ដោយ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​រហ័ស៖ «ពួកខ្ញុំ​ចេះ​តែ​រង់ចាំ​មើល​អាជ្ញាធរ​ដោះស្រាយ​ ហើយ​សួរ​ពេក​ក៏​គាត់​និយាយ នឹង​ដោះស្រាយ​ជូន​តែ​រហូត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​មិន​អាច​រង់ចាំ​បាន ហើយ​ធ្វើ​ចំណាក​ស្រុក​ជា​ច្រើន​នាក់»

ដី​ទំនាស់​មាន​ទំហំ​ជាង ២​ពាន់​ហិកតារ ដើម​ឡើយ​ស្ថិត​នៅ​ភូមិ​ថ្នល់បត់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​កាត់​ឲ្យ​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់គ្រង​របស់​ភូមិ​បឹងស្នោ ឃុំ​ស្លាក្រាម ស្រុក​ស្វាយចេក វិញ។ អ្នក​ភូមិ​អះអាង​ថា ដី​នេះ​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​បាន​កាន់កាប់ និង​ដាំដុះ​​តាំង​ពី​ឆ្នាំ​១៩៩៩ មក។ ដី​នេះ​​​ប្រជាពលរដ្ឋ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន សំផាន់ ណារិទ្ធ អាជ្ញាធរ​ស្រុក​ស្វាយចេក និង​អ្នក​មាន​ទ្រព្យធន​មួយ​ចំនួន​ទៀត ហើយ​ដោះស្រាយ​មិន​ចេញ​តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក។

ឆ្លើយ​តប​នឹង​ការ​តវ៉ា​នេះ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក សួន បវរ មាន​ប្រសាសន៍​ថា លោក​ត្រៀម​បញ្ជូន​អភិបាល​រង​ខេត្ត​ម្នាក់ និង​មន្ត្រី​​ពាក់​ព័ន្ធ​​ក្នុង​មូលដ្ឋាន ប្រជុំ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សាលា​ស្រុក​អូរជ្រៅ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា។

លោក​អះអាង​ថា​ នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ៖ «យើង​នឹង​ខិតខំ ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព ថ្វីត្បិត​រឿង​នេះ​ស្មុគស្មាញ​យ៉ាង​ណា​ក៏ដោយ ដើម្បី​ស្រាវជ្រាវ​រក​សាវតារ​ទំនាស់​ឡើង​វិញ ហើយ​ខិតខំ​ដោះស្រាយ​សម្របសម្រួល​ឲ្យ​ចប់»

​​​​​​​​​​​​​​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ​ លោក ភុន ឈិន កត់​សំគាល់​ថា រឿង​ទំនាស់​ដី​នេះ​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​ ដោយសារ​កន្លង​មក​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ត្រឹម​តែ​សន្យា​ក្នុង​រូប​ភាព​បន្ទន់​ចិត្ត​​ប្រជាពលរដ្ឋ​ដោយ​ពុំ​មាន​ចេតនា​ដោះស្រាយ​ជូន​ពួកគាត់​ឡើយ៖ «អាជ្ញាធរ​ខេត្ត​គួរ​តែ​ពន្លឿន​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​ឆាប់។ បើ​សិន​ជា​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​តាម​សេចក្ដី​សម្រេច​របស់​មន្ត្រី​សុរិយោដី ហើយ​ចេញ​សេចក្ដី​សម្រេច​ទៅ ហើយ​បើ​សិន​ជា​ភាគី​ណា​មិន​សុខ​ចិត្ត អាច​មាន​សិទ្ធិ​ប្ដឹង​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ ឬ​បន្ត​នីតិវិធី​ទៅ​តុលាការ​ទៀត​ទៅ»

ក្រុម​អ្នក​តវ៉ា​បាន​ស្ទាក់​រថយន្ត​​អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​មុខ​សាលា​ខេត្ត ហើយ​​បាន​​ជួប​និយាយ​ផ្ទាល់​ជា​មួយ​លោក​អភិបាល​ខេត្ត។ ពួកគាត់​បាន​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ដដែល ហើយ​​​រង់ចាំ​មើល​លទ្ធផល​ការ​ប្រជុំ​ដោះស្រាយ​នៅ​សាលា​ស្រុក​អូរជ្រៅ បន្ត​ទៀត។ ក្រុម​អ្នក​តវ៉ា​​បញ្ជាក់​ថា​ ប្រសិនបើ​​ការ​ប្រជុំ​នោះ​គ្មាន​ដំណោះ​ស្រាយ​ទេ ពួកគាត់​នឹង​តវ៉ា​សា​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។