ជន​ស៊ី​វិល​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​7​នាក់​ស្លាប់​ដោយ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ពី​យេ​ម៉ែ​ន

ក្រសួង​ការពារ​ស៊ី​វិល​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រាយការណ៍​ថា ជន​ស៊ី​វិល​៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦ សីហា នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក្នុង​ទីក្រុង NAJRAN ដោយសារ​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​បាញ់​ចេញពី​ប្រទេស​យេ​ម៉ែ​ន​ជិតខាង​ពី​សំណាក់​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី ។

នេះ​ជា​ចំនួន​ជន​ស៊ី​វិល​ច្រើន​នាក់​ស្លាប់​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ចាប់តាំងពី​ប្រទេស​នេះ​ដឹកនាំ​ក្រុមចម្រុះ​អា​រ៉ាប់​ធ្វើ​អន្តរាគមន៍​យោធា​នៅ​យេ​ម៉ែ​ន​ពី​ខែមីនា ឆ្នាំ​២០១៥ មក ជួយ​ទ្រទ្រង់​ដល់​ប្រធានាធិបតី​យេ​ម៉ែ​ន​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី ។

ការ​បាញ់​គ្រាប់​រ៉ុក្កែត​នេះ​សម្លាប់​ជនជាតិ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៤​នាក់ និង​ជនបរទេស​៣​នាក់​រស់នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។ សញ្ជាតិ​របស់​ជនបរទេស​៣​នាក់​ដែល​រង​គ្រោះ​ពុំ​ត្រូវ​បាន​គេ​បញ្ជាក់​ឡើយ ។ គ្រាប់​រ៉ុក្កែត​នេះ​ធ្លាក់​ចំ​តំបន់​ពាណិជ្ជកម្ម​មួយ​ដែល​មាន​កន្លែង​ជួសជុល​រថយន្ត​ជា​ច្រើន ។

ជន​ស៊ី​វិល និង​ទាហាន​ជាង​១០០​នាក់ ហើយ​ស្លាប់​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដោយសារ​ការ​វាយប្រហារ​ចេញពី​យេ​ម៉ែ​ន​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៥​មក ៕