ស្អុយ​ខ្លាំង​ពេក ឡើង​ទៅ​មើល​ទើប​ដឹង​ការ​ពិត

ខេត្តកណ្ដាល ៖ ដោយសារ​តែ​ធុំក្លិន​ស្អុយ​ខ្លាំង​ពេក ស្ត្រី​ជា​បង​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ប្អូនប្រុស​របស់​ខ្លួន​បាន​ចង​.​ក​ស្លាប់​មិនដឹង​តាំងពី​ពេល​ណា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​ថោ​ង ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។

សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សឿង វ​ណ្ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។

សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ជន​រង​គ្រោះជា​មនុស្ស​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ហើយ​ត្រូវ​បាន​ប្រពន្ធ​លែងលះ​ទៀត ក្រោយមក​ទើប​ជន​រង​គ្រោះ​មក​ស្នាក់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​តែ​ម្នាក់ឯង ។ នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ ឈ្មោះ សឿង គង់ ត្រូវជា​បងស្រី​របស់​ជន​រង​គ្រោះ​បាន​ធុំក្លិន​ស្អុយ​ចេញពីផ្ទះ​ជន​រង​គ្រោះ ក៏​ឡើង​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ប្អូនប្រុស​របស់​ខ្លួន​ចងក​នឹង​ក្រមា ពណ៌​ស ក្រហម ជាប់​ធ្នឹម​ចំហៀង​ខាងជើង​ជាប់​នឹង​ជញ្ជាំង​ផ្ទះ មិនដឹង​ស្លាប់​តាំងពី​ពេល​ណា ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សព ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ដែល​តាម​ការ​ពិនិត្យ​ប្រហែលជា​ស្លាប់​៣​ថ្ងៃ​មក​ហើយ ៕