ច្បាប់មានមែន! មានតែលើក្រដាស…

​ខេត្តប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​ថ្ងៃ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​​ក្រៅ និង​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្ត​បាត់​ដំបង ដែល​ជាប់​នឹង​ប្រទេស​ថៃ ត្រូវ​បាន​ម្ចាស់​កាស៊ីណូ​ស្ទើរតែ​ទាំង​អស់ទទួល​ស្វាគមន៍ប្រជា​ពលរដ្ឋ​ខ្មែរ ឱ្យ​ចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្វល់​ពី​ច្បាប់​ហាមឃាត់​អ្វី​នោះឡើយ ។

ការ​អនុញ្ញាតឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ការ​ស៊ី​ណូ​បែប​នេះ គឺជា​ទ​ង្វើ​មួយ​ផ្ទុយ​នឹង​ច្បាប់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ស្តី​ពី​ការ​ហាមឃាត់​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​ជន​ជាតិ​ខ្មែរ​ណា​ម្នាក់ចូល​ទៅ​លេង​នោះ​ឡើយ ពោល​គឺ​កាស៊ីណូ​បើក​សំរាប់​ទទួល​ជន​បរ​ទេស​តែ​​ប៉ុ​ណ្ណោះ ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ស៊ី​ណូ​ចំនួន​៤​ ទៅ​៥​កន្លែង ​ក្នុង​ចំណោម​កាស៊ីណូ​ជា​ច្រើន​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទី​១-កាស៊ីណូ (​ក្រោ​ន​វ៉ិ​ច​តូ​រិយ៉ា​) ទី​២-​កាស៊ីណូ (​កាឡា​ស៊ី ហ្គោ​ល​ហូ​ថែ​ល​) ទី​៣-កាស៊ីណូ (​ប៉ៃលិន​ផ្លា​មមី​ង​ហ្គោ​) ទី​៤-កាស៊ីណូ (​ចា​ស្ម៊ិ​ន​) និងទី​៥-កាស៊ីណូ (​ឡា​គី ដាយ ម៉ិ​ន​ក្រោ​ន​) ដោយ​កាស៊ីណូ​ទាំងនេះ មាន​ជនបរទេស​ចូល​លេង​ត្រឹមតែ​៥០%​ប៉ុណ្ណោះ ។

ក្រៅពី​នោះ មាន​សុទ្ធតែ​ពលរ​ដ្ន​ខ្មែរ​ទាំងអស់ ដោយ​ចេញចូល​យ៉ាង​ពពាក់ពពូន​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ក្នុង​នោះ​ក៏​មាន​មន្ត្រីរាជការ​ផង​ដែរ ដោយ​ភ្លេច​អស់​ការងារ និង​តួនាទី​របស់​ខ្លួន ។ អ្នកខ្លះលក់​អស់ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង ដីធ្លី ស្រែ​ចម្ការ និង​អ្នកខ្លះ​ទៀត​យក​ម៉ូតូ រថយន្ត​របស់​ខ្លួន និង​មិត្តភក្តិ ទៅ​បញ្ចាំ​លេងល្បែង​ចាញ់ អស់រលីង អ្នកខ្លះ​ទៀត​ក្លាយ​ទៅជា​ព្រាត់ប្រាស​ប្រពន្ធ កូនបាត់​បង់​អស់​សេចក្តីសុខ​នៅ​ក្នុង គ្រួសារ រហូត​ដល់​ក្លាយទៅជា​ជន​ក្រៅសង្គម (​ជួញដូរ​គ្រឿ ង​ញៀន និង​បង្ក​ឱ្យ​មាន​ចោរកម្ម លួច​ឆក់​ប្លន់​យ៉ាង​អនាធិបតេយ្យ​) ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​មិន​ធ្លាប់​ឃើញ​អាជ្ញាធរ​មូលដ្ឋានខាង​អ្នក​ច្បាប់ ក៏​ដូច​ជា​មន្ត្រី​នគរបាល​យុ​តិ្ត​ធម៌​ណា​ម្នាក់​ចុះ​ទៅ​ធ្វើ​ហាមឃាត់ ឬ​បង្ក្រាប​នោះ​ឡើយ ។ ចំណែក​ប្រជាពលរដ្ឋ​ជា​ច្រើនបាន​រិះគន់​ថា ល្បែង​កាស៊ីណូ​កំពុង​តែ​ពង្វក់ស្មារតី​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​មាន​ទាំង​ក្រ​ឱ្យ​លង់ខ្លួន​កាន់តែ​ជ្រៅ ដោយ​ម្នាក់​ៗ​មិន​គិត​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រក ស៊ី​តាម​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​នោះ​ឡើយ ដោយ​មួយ​ថ្ងៃ​ៗ គិតតែ​ចូល​លេងល្បែង​ក្នុង​កាស៊ី​ណូ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ ម្ចាស់​កាស៊ីណូ​មួយ​ចំនួន​កំពុង​តែ​រៀបចំ​បង្កើត​សង្វៀនមាន់ជល់ និង​ល្បែង​លេង​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់ ប្រុស​ ស្រី ​ចូល​ទៅ​លេង​នៅ​ទីនោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បញ្ហា​សង្គម​កាន់តែ​ប្រឈម​ធ្ងន់ធ្ងរ​ទៅ​ៗ ។

បញ្ជាក់​ថា ច្បាប់​មាន​តែលើ​ក្រដាស​ប៉ុណ្ណោះ ។