ជូនជ្រាបជាដំណឹង​ ! អាជីវកម្មរ៉ែមាស​នៅស្រុកកែវសីមា​ កំពុងធ្វើផ្ទុយពីច្បាប់

ខេត្តមណ្ឌលគិរី ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​​នៅ​តែ​មិន​អាច​ទប់​ស្តា​ត់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព ​ខណៈ​ប្រភព​បាន​រាយ​ការ​ណ៏​ថា​ សកម្មភាព​ប្រើ​រំសេវ​ ​និង​ឧ​បករ​ណ៏​ខុសច្បាប់​សម្រាប់​​បំផ្ទុះទាញ​យក​រ៉ែ​មាស​ពី​ក្នុង​ដី ​ត្រូវ​បាន​សហគមន៍​សិប្បករ​រ៉ែ​មាស​​ក្នុង​ឃុំ​ចុង​ផ្លាស់ ​ប្រើប្រាស់​ច្បាប់​ដែល​​ហួស​សុពលភាព ជា​លេស​ក្នុង​ការ​ធ្វើ​សកម្មភាព​ ដើម្បី​ប្រ​យោ​ជ​ន៏​បុគ្គល​​និង​បក្ខពួក​មួយ​ក្តាប់​តូច​។

ការ​ជីក​កកាយ​រុករក​រ៉ែ​យ៉ាង​​អនាធិបតេយ្យ​ក្នុង​ឃុំ​ចុង​ផ្លាស់​ ស្រុក​កែវ​សីមា​ ត្រូវ​បាន​ផ្លាស់​ប្ដូរ​រូបភាព​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់ មក​ស្របច្បាប់​វិញ ​បន្ទាប់​ពី​មានការ​ចុះ​ពិនិត្យ​ដោះស្រាយ ​និង​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ដែល​​បាន​ធ្វើ​អាជីវកម្ម​រ៉ែ ​អនាធិបតេយ្យ​ទាំង​អស់​នោះ​​ចុះ​ឈ្មោះ​ចងក្រង​​ជា​សហគមន៍​សិប្បករ​រ៉ែ​ឲ្យ​បាន​ត្រឹមត្រូវពី​សំណាក់​លោក​ ម៉េ​ង ស​ក្កិ​ធា​រ៉ា ​រដ្ឋ​លេខាធិ​ការ​ក្រសួង​រ៉ែ និង​ថាមពល​​កាលពី​ពេល​កន្លង​ទៅ​ ។ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​មិថុនា ២០១៥​ មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី ​បាន​នាំ​យក​អាជ្ញា​ប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ ជូន​ដល់​សហគមន៍​សិប្បករ​រ៉ែ​ចុង​ផ្លាស់​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​បន្ត​អាជីវកម្ម​នេះ​ទៅ​មុខ​ទៀត ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ ក្រុម​សហគមន៍​សិប្បករ​រ៉ែ​មាស​ទាំងនោះ​​ មិន​បាន​អនុវត្ត​ន៏​ទៅ​​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​​ក្នុង​ច្បាប់​ស្តី​ពី​ការ​បង្កើត​សហគមន៍​សិប្បករ​រ៉ែ​ឡើយ ​គឺ​ពួក​គាត់​បាន​ធ្វើ​សកម្មភាព​​ផ្ទុយពី​បទប្បញ្ញត្តិ​នានា​ដែល​បាន​ចែង​ក្នុង​ច្បាប់​ ដែល​មាន​រណ្តៅ​មាស​ខ្លះ​បាន​ជីក​លុង​​រហូត​ជម្រៅ​ដល់​១០០​ ទៅ​២០០​ម៉ែត្រ​ក៏​មាន​។

​យោង​តាម​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​​បាន​ចេញ​ជូន​ម្ចាស់​អាជីវកម្ម​រ៉ែ​ទាំងអស់​​ មិន​ត្រូវ​ប្រើប្រាស់​រំសេវ​ផ្ទុះ ​ឬ​គ្រឿងចក្រ​ក្នុង​សិប្បកម្ម​រ៉ែ​របស់​ខ្លួន​ ដោយ​មិន​មានការ​អនុញ្ញាត​ពី​​អាជ្ញាធរ​មូលដ្ឋាន​ ឬ​សមត្ថកិច្ច​ជំនាញ​ឡើយ​ និង​ត្រូវ​ត្រួតពិនិត្យ​រណ្ដៅ​រ៉ែ​​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​បង្ក​ហានិភ័យ​ផ្សេង​ៗ ​។ ប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ខ្នាត​តូច​ដែល​បាន​ផ្ដល់​ឲ្យ​នេះ​ គឺ​មិន​តម្រូវ​ឲ្យ​សាង​សង់​​ហេ​ដ្ឋា​រចនា​សម្ព័​ន​បន្ថែម​ ​និង​ត្រូវ​ប្រើប្រាស់​ឧបករណ៍​​សម្ភារសាមញ្ញ​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​ ហើយ​សម្រាប់​ការ​ផ្ដល់​អាជ្ញា​ប័ណ្ណនីមួយ​ៗ​ដល់​អាជីវករ​រ៉ែ​នេះ​ទៀត​សោត ​កំណត់​មិន​ឲ្យ​ធ្វើ​លើស​ទំហំ​ផ្ទៃដី​១​ហិ​កតា ​ជម្រៅ​មិន​ឲ្យ​លើស​ពី​៥​ម៉ែត្រ​​សម្រាប់​ប្រភេទ​អណ្ដូងរ៉ែ​បើក ចំពោះ​អណ្ដូងរ៉ែ​ក្រោម​ដី ​ជម្រៅ​មិន​ឲ្យ​លើស​ពី​២០​ម៉ែត្រ ​និង​ជា​លក្ខណៈ​គ្រួសារ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​មូលដ្ឋាន ​។ប្រ​សិន​បើ​អាជីវករ​រ៉ែ​ទាំងអស់​​ធ្វើ​ផ្ទុយ​ទៅ​នឹង​បែបបទលក្ខខណ្ឌ​នៃ​​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ខ្នាត​តូច​នេះ​ និង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់ ។ ​ចំណែក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី​ លោក សាន សា​រិ​ទ្ធ ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ដែល​​បាន​ប្រគល់​អាជ្ញាប័ណ្ណ​រ៉ែ​មាស​ដល់​សហគមន៍​សិប្បករ​រ៉ែ​ថា​ សុពលភាព​នៃ​អាជ្ញា​ប័​ណ្ឌ​ធនធាន​រ៉ែ​​នេះ​មាន​រយៈពេល​មួយ​ឆ្នាំ ​ហើយ​ប្រសិនបើ​​អាជីវករ​រ៉ែ មាន​បំណង​ចង់​បន្ត​អាជីវកម្ម​ទៀត​នោះ ត្រូវធ្វើ​លិខិតស្នើ​សុំ​អាជ្ញាប័ណ្ណ​ថ្មី​ឲ្យ​បាន​មុន​ការ​ផុតកំណត់​សុពលភាព​អាជ្ញាប័ណ្ណ​ចាស់ ។ ម្យ៉ាងទៀត​នោះ​ សម្រាប់​បរិមាណ​ផលិតកម្ម​ថ្មី​រ៉ែ​សរុប​​ប្រចាំឆ្នាំ​មិន​ឲ្យ​លើស​ពីបី​ពាន់​តោន ​និង​ត្រូវ​ផ្ដល់​របាយការណ៍​​ទៀងទាត់​ជូន​  អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ទីរ​រ៉ែ​រៀង​រាល់​៣​ខែ​ម្ដង ។

សូម​បញ្ជាក់​ថា ​អាជ្ញាប័ណ្ណ​ដែល​បាន​ផ្ដល់​​ឲ្យ​សហគមន៍​សិប្បករ​រ៉ែ​ចុង​ផ្លាស់​នា​ពេល​នោះ ​គឺ​មាន​៣២​អាជ្ញា​ប័​ណ្ឌ ​លើ​ផ្ទៃដី​៤៣ ហិ​កតា ក្នុង​ឃុំ​ចុង​ផ្លាស់ ​ស្រុក​កែវ​សីមា ​។ ប្រជាពលរដ្ឋ​បាន​ទន្ទឹង​រង់ចាំ​មើល​ថា ​តើ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ​ជា​ពិសេស​មន្ត្រី​ជំនាញ​​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ​អាច​ដោះស្រាយ​បញ្ហាដែល​សហគមន៍​សិប្បករ​រ៉ែ ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ផ្ទុយ​​ពី​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​ដាក់​ចេញ​បាន​ដែរ​ ​ឬ​អត់ ឬ​ ​មួយ​អស់លោក​បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​រួច​អស់ហើយ​​ក៏​មិនដឹង​ ៕