ចាងហ្វាងផលិតកម្មវ័យក្មេង ២រូប វិវឌ្ឍន៍ខ្លួនក្លាយជាតួសម្តែង

បើតាមសង្កេតមើលនៅក្នុងឆ្នាំ២០១៦នេះ វិស័យភាពយន្ត កំពុងតែរីកចម្រើនខ្លាំងទាំងរោងភាពយន្ត ក៏ដូចជាផលិតកម្ម កំពុងតែនាំគ្នាផលិតយ៉ាងសស្រាក់ សស្រាំ ម្នាក់ៗខិតខំប្រឹងច្នៃ រិះរកសាច់រឿងប្លែកៗ ដើម្បីធ្វើណាអោយទស្សនិកជនចាប់អារម្មណ៍ ចង់ទស្សនានៅលើទីផ្សារភាពយន្តសេរី មួយដែលកំពុងតែ មានការប្រកួតប្រជែងខ្លាំងទាំងភាពយន្តក្នុងស្រុក និងភាពយន្តបរទេសក្រៅស្រុក ពិសេសគឺភាពយន្តយក្សហូលីវូតផងដែរ បើធៀបជាមួយភាពយន្តស្រុកខ្មែរ គឺនៅទាបជាងគេ ព្រោះតែយើងទើបតែងើបឡើងក្រោយគេ។ ដូចនេះហើយដើម្បី អោយដើរទាន់សម័យទំនើបមួយនេះ ចៀសមិនផុតគឺត្រូវតែរត់តាមគេ ដាច់ខាតគឺត្រូវតែមានការតស៊ូសិក្សារស្វែងយល់ខ្ពស់ និងប្រកបដោយភាពឆ្នៃប្រឌិត អ្នកធ្វើមិនល្អនិងដួលតែរោងភាពយន្តមិនដួល តាមផលិតករនោះឡើយ។

ដោយការសម្លឹងមើលឃើញពីទស្សនវិស័យ យ៉ាងច្បាស់បែបនេះហើយទើប បានជាមានចាងហ្វាងផលិតកម្មវ័យក្មេង ពីររូបកំពុងវិវឌ្ឍន៍ខ្លួនយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងម៉េចទើបខ្លួនអាចឈរជើង នឹងនៅក្នុងវិស័យភាពយន្តទំនើប មួយនេះបាន ក្នុងនោះទីមួយគឺមានលោក ឈុន សុវណ្ណភក្តី ដែលទើបតែបញ្ចប់ ការដាក់បញ្ចាំងភាពយន្តរបស់ខ្លួនថ្មីៗ គឺរឿងអាស៊ុយទ្រីស្មោះស្នេហ៍ ដែលលោកបានចូលរួមសម្តែងដោយខ្លួនឯងផ្ទាល់ បន្ទាប់ពីទទួលបាន បទពិសោធន៍ជាផលិតករ និងតារាសម្តែង ចាងហ្វាងក្មេងមួយរូបនេះ បានដឹងខ្លួនឯងច្បាស់ថាខ្លួនឯង ត្រូវទៅមុខដោយរបៀបណាទៀត មិនបង្អង់យូគ្រាន់តែចប់។ ការដាក់បញ្ចាំងរឿងរបស់ខ្លួនរួច គឺលោកបានទៅសង្ងំរៀនដឹកនាំរឿងនៅឯ ប្រទេសថៃភ្លាម ហើយលោកនិងត្រឡប់មកវិញឆាប់ៗនៅភាពយន្តថ្មីរបស់ លោកដែលដឹកនាំដោយ ខ្លួនឯងផ្ទាល់តែម្តង ។

ចំពោះអ្នកទីពីរវិញ ប្រហែលជាបងប្អូនទស្សនិកជន ស្គាល់ច្រើន ព្រោះចាងហ្វាងផលិតកម្មមួយនេះថ្វីត្បិត តែក្មេងតែមាន បទពិសោធន៍ច្រើនជាងលោកភក្តីខាងលើ ព្រោះលោកប្រឡូក ចូលភាពយន្តតាំងពីឆ្នាំ២០០០ ដែលមិនទាន់ ទាំងមានរោងភាពយន្តទំនើបផង ហើយលោកក៏ទទួល បានជោគជ័យរួចមក ហើយដែរនៅសម័យកាលនោះ គឺរឿងខ្មោចដើមចេកជ្វា ហើយដោយពិតជា បេះដូងអ្នកសិល្បៈ លោកមិនទៅណាឡើយ បើទោះបីជាវិស័យភាពយន្តត្រូវ ដួលមួយសារយ៉ាងណាក្តីក៏លោកបានវិលត្រឡប់មកវិញនៅក្នុងសម័យរោង ភាពយន្តទំនើបបូក និងបច្ចេកវិទ្យាផលិតភាពយន្តទំនើបផងដែរ ដែលលោកបានផលិតរឿង ២រួចមកហើយគឺរឿងអាព្រឿងងាប់ហើយ និងរឿងអាកុកអាច្រវា។ ថ្វីត្បិតតែមិនទទួលបានជោគជ័យធំធេងដូចសម័យមុនក៏ដោយ ក៏លោកមិន បោះបង់ចោលដែរ ដោយនៅក្នុងឆ្នាំនេះលោកបានខំប្រឹងវិវឌ្ឍន៍ខ្លួនរបស់ លោកបន្ថែមទៀត ជាតារាសម្តែងក្នុងរឿងដែលលោកបង្កើតឡើងថ្មីជារឿង ពិតដែលមានចំណងជើងថា វិកលចរិត ដែលលោកសម្តែងជាតួវិកលចរិតតែម្តង ដែលបច្ចុប្បន្នខ្សែរភាពយន្តនេះបានថតចប់ហើយ កំពុងតែធ្វើការកាត់ត។ សម្រាប់ខ្សែភាពយន្ដនេះ សង្កេតឃើញថាមានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាទស្សនិកជនអ្នកគាំទ្រ ដែលទន្ទឹងរងចាំអោយតែភាពយន្ត នេះចេញនឹងនាំគ្នាទៅមើល ព្រោះគេសង្កេតឃើញថា ខ្សែភាពយន្តមួយនេះ លោកហ៊ុយ យ៉ាឡេង មានការខិតខំប្រឹងមែនទែន ផលិតករដឹកនាំនិងសម្តែង ដោយខ្លួនឯងពិតជាមិនធម្មតា គេឃើញលោកមានការបួសនិងលះបង់ខ្លួន យ៉ាងច្រើនដើម្បីថតខ្សែភាពយន្តនេះ អោយបានល្អ អាចនិយាយបានថាខ្សែភាពយន្តវិកលចរិត គឺជាខ្សែរភាពយន្តដែលធ្វើអោយកក្រើកអារម្មណ៍ដល់អ្នក ទស្សនានាចុងឆ្នាំ ២០១៦ នេះជាក់ជាមិនខានឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload