ប្តី​មិន​ចេះ​រកស៊ី​គិតតែ​បង្ហោះ​រូបថត​តាម​ហ្វេ​ស​ប៊ុ​ក ប្រពន្ធ​បន្ទោស​បន្តិចបន្តួច​វាយ​ប៉ោង​មុខ

ប្តី​មិន​ចេះ​រកស៊ី​គិតតែ​បង្ហោះ​រូបថត​តាម​ហ្វេ​ស​ប៊ុ​ក ប្រពន្ធ​បន្ទោស​បន្តិចបន្តួច​វាយ​ប៉ោង​មុខ



រាជធានី​ភ្នំពេញ ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ដែល​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា រឿង​នេះ​បង្ក​ឡើង​ដោយ​លោក​ប្ដី​អត់​គិត​រក​ស៊ី​អី​ទេ គិតតែ​ពី​អង្គុយ​ថតរូប​របស់​ខ្លួន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៑ុក​បង្អួត​ស្រី​ស្នេ​ហ៏ ដោយ​ចោទ​ថា បុរស​ជា​ប្ដីកំពុង​តែ​ព្យាយាម​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ម្នាក់ នៅ​ក្នុង​ហ្វេ​សប៑ុ​ក​នោះ ។ លុះ​ពេល​នាង​និយាយ​ស្ដី​បន្តិចបន្តួច​មិន​ចង់​ឲ្យ​ប្ដី​ដើរ​ផ្លូវខុស ក៏​ត្រូវ​ប្ដី​វាយ​នាង​ប៉ោង​មុខ​បែប​នេះ​តែ​ម្ដង ទើប​មក​ប្ដឹង ។

ចំណែក​បុស​ជា​ប្ដី​បាន​បដិសេធ​ថា មិន​បាន ទាក់ទង​ស្រី​ណា​ម្នាក់​ទេ ខ្លួន​លេង​ហ្វេ​សប៑ុ​ក​ធម្មតា​ៗ តែ​ប៉ុណ្ណោះ ហើយ​រឿង​បន្តិចបន្តួច​សោះ ប្រពន្ធ​បាន​យក​កន្ត្រៃ​ចាក់​រូបគេ ទើប​ទ្រាំ​មិន​បាន​ខ្លួន​ក៏​បាន​តដៃ​វិញ​តែ​ម្ដង​ទៅ ។

រឿងរ៉ាវ​ប្តី​វាយ​ប្រពន្ធ​ប៉ោង​មុខ​នេះ បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ សីហា ដោយ​នាង​ប្រពន្ធបាន​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​ធ្វើការ​អប់រំ​ប្ដី​ឲ្យ​នាង​ផង ។ ប​នា្ទ​ប់​មក​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​នាំ​ខ្លួន​បុរស​ជា​ប្ដី ទៅ​សាកសួរ និង​ធ្វើការ​អប់រំ​ឲ្យ​ឈប់​ប្រើ​ហឹ​ង្សា​លើ​ប្រពន្ធ​បែប​នេះ​ទៀត ។

បុរស​ជា​ប្ដី​រូប​នោះ​ឈ្មោះ ម៉ៅ គឹ​ម​ហៀ​ង អាយុ​២៩​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ មាន ស្រុក​កំណើត​នៅ​ក្នុងភូមិ​អំពិល ឃុំ​កក់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ម៉េ​ង ធូ អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពាម​ស្ដី ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្ដាល ។ ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​នគរបាល​ថា មុន​មានការ​ចាប់ដៃ​គ្នា​ជាមួយ​ប្ដី​រូប​នេះ នាង​គឺជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ម្នាក់​និង​កូនស្រី​២​នាក់ ដោយ​ការ​លែងលះ​គ្នា​ជាមួយ​ប្ដី​។ បន្ទាប់​មក​បាន​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាមួយ ឈ្មោះ ម៉ៅ គឹ​ម​ហៀ​ង បាន​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​មិន​បាន​រៀប​ការ​ធំដុំ​នោះ​ទេ ដោយ​គ្រាន់តែ​សែនព្រេន​ធម្មតា​ៗ កុំ​ឲ្យ​មេបា កាច់​ស្លាប់​ប៉ុណ្ណោះ ហើយ​ជា​ចំណងដៃ​ស្នេហា​នេះ​បានកូន​ប្រុស​ម្នាក់ ។

នាង​និយាយ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប្ដី​ហាក់​មាន​ច​រិ​កឫក​ពារ​ប្លែក​ណាស់ មួយ​ថ្ងៃ​ៗ​គិតតែ​អង្គុយ​លេង​ហ្វេ​ស​ប៊ុ​ក​មិន​គិតការ​ងារ​អ្វី​សោះ មិនតែប៉ុណ្ណោះ​បាន​ថតរូប​ខ្លួនឯង​ផុស​លើ​ហ្វេ​ស​ប៊ុ​ក បង្អួត​ស្រី​ស្នេហ៍​ថែម​ទៀត​។

ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ដោយ​អត់ទ្រាំ​លែង​បាន នាង​ក៏​បាន​ស្ដី​ឲ្យ​បន្តិចបន្តួច ក៏​ស្រាប់តែ​លោក​ប្ដី​ផ្ទុះ​កំហឹង​វាយ​នាង​តែ​ម្ដង ទើប​នាងរ​ត់រក​ឲ្យ​នគរបាល​ជួយ​ហៅ​លោក​ប្ដី ដើម្បី​នាំ​ទៅ​ធ្វើការ​អប់រំ​មិន​ឲ្យ​ចាត់ការ​តាម​ច្បាប់​អី​ទេ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​បាននាំ​ខ្លួន​ប្ដី​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​សាកសួរហើយ​គេ​បាន​ប្រាប់​ថា ខឹង​ប្រពន្ធ​យក​កន្ត្រៃ​ដេញ​ចាក់​មក​លើ​ខ្លួន ទើប​ខ្លួន​វាយ​តដៃ​វិញ ។ បន្ទាប់​ពី​ការ​សាកសួរ​រួច នគរបាល​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​វាយតប់​ប្រពន្ធ​តទៅ​ទៀត ឱ្យ​ឈប់​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ធ្វើការ​អប់រំ​រួច ក៏​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕