អាជ្ញាធរ​​បញ្ជូន​​ស្ដ្រី​​បឹង​​កក់​​ពីរ​​នាក់​​ទៅ​​តុលាការ ដោយ​​សារ​​ការ​​ចូល​​រួម​​ធ្វើ​​យុទ្ធនា​ការ​​ថ្ងៃ​​ចន្ទ​​ពណ៌​​ខ្មៅ

សកម្មជនបឹងកក់ទាំង២នាក់គឺ អ្នកស្រី ទេព វណ្ណី និងអ្នកស្រី បូវ សោភា ត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការ ដើម្បីបន្តការសាកសួរនៅព្រឹកថ្ងៃទី ១៧ ខែ សីហានេះបន្ទាប់ពីសកម្មជនទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនបន្ទាប់ពីបានចូលរួមធ្វើយុទ្ធនាការពណ៌ខ្មៅ។ អ្នកទាំង២នេះត្រូវបានអាជ្ញាធរចោទប្រកាន់ ក្រោមហេតុផលថាបានញុះញង់ និងបង្កចលាចលនៅក្នុងសង្គម។ រហូតមកទល់ពេលនេះ តុលាការមិនទាន់បញ្ចប់ការសាកសួរអ្នកទាំងពីរនៅឡើយទេ។

ព្រឿន បញ្ញារី ជូនព័ត៌មាន៖

មន្រ្តីជាន់ខ្ពស់អង្គការ សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការឃាត់ខ្លួនសកម្មជនបឹងកក់ទាំងពីរ ដែលរួមមាន អ្នកស្រី ទេព វណ្ណី និងអ្នកស្រី បូវ សោភានេះ បានបង្ហាញថា ការរិតត្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិរបស់ពលរដ្ឋនៅកម្ពុជាកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ជាពិសេសការបញ្ចេញមតិ និងការជួបជុំប្រមូលផ្តុំដោយសន្និវិធី។ ពីព្រោះថា ទង្វើរបស់អ្នកទាំងពីរនេះមិនបានរំលោភបំពានច្បាប់ ឬប៉ះពាល់ដល់សន្តិសុខសាធារណៈអ្វីនោះទេ ដោយសារអ្នកទាំងពីរធ្វើយុទ្ធនាការនេះនៅក្នុងមូលដ្ឋានរបស់គាត់តែប៉ុណ្ណោះ។

បន្ទាប់ពីអាជ្ញាធរបានឃាត់ខ្លួនសកម្មជនបឹងកក់ទាំងពីរនេះ ដើម្បីសាកសួរអស់ពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ អស់រយៈពេល២ថ្ងៃហើយ បច្ចុប្បន្ននេះ អ្នកទាំង២កំពុងតែត្រូវបានបន្តការសាកសួរនៅតុលាការជាបន្ត។ ហើយរហូតមកទល់ពេលនេះអង្គការ សិទ្ធិមនុស្សលីកាដូ ក៏បានផ្តល់មេធាវី ផ្នែកច្បាប់ដើម្បីជួយសម្របសម្រួល ដល់សកម្មជនបឹងកក់ទាំងពីរនាក់នេះអោយមានការដោះលែងផងដែរ។

មន្រ្តីសិទ្ធិមនុស្សរូបនេះក៏បានបន្ថែមថា ការចាប់ខ្លួនអ្នកទាំងពីរនេះ អាចធ្វើអោយមានប្រតិកម្ម និងការរិះគន់ពីមតិជាតិ និងអន្តរជាតិកាន់តែខ្លាំង ដោយសារតែទង្វើនេះប៉ះពាល់ដល់សិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។ ជុំវិញការឃាត់ខ្លួននេះ អ្នកស្រី បូវ សោភា ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជន២នាក់ ដែលត្រូវបានឃាត់ខ្លួន បច្ចុប្បន្ននេះកំពុងតែមានបញ្ហាសុខភាព ដោយសារតែអ្នកស្រីត្រូវបានជាប់ឃុំនៅក្នុងបុស្តិ៍ប៉ូលិសខណ្ឌដូនពេញអស់រយៈពេល២ថ្ងៃហើយ ទើបបណ្តាលអោយអស់កម្លាំង និងក្អួតចង្អោរថែមទៀតផង។

ចំណែកឯស្រ្តីបរទេសជនជាតិអេស្ប៉ាញម្នាក់ ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនបញ្ជូនទៅកាន់ផ្នែកអន្តោប្រវេសន៍កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ខណៈដែលគាត់កំពុងថតយកសកម្មភាពនៃការតវ៉ាអោយមានការដោះលែង សកម្មជនទាំងពីរនាក់នេះ ត្រូវបានអាជ្ញាធរដោះលែងវិញហើយ។ ដោះលែងដោយសារតែអ្នកនាងមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយបច្ចុប្បន្នអ្នកនាងកំពុងតែធ្វើការស្រាវជ្រាវផ្នែកយេនឌ័រ សម្រាប់បញ្ចប់ថ្នាក់បណ្ឌិត និងមិនពាក់ព័ន្ធរឿងនយោបាយអ្វីទេ។ មួយវិញទៀត អ្នកនាងក៏បានមកស្នាក់ប្រទេសកម្ពុជាដោយស្របច្បាប់ផងដែរ។

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែសីហា នេះ សកម្មជនដីធ្លីដែលបានចូលរួមទាំងអស់នេះមិនត្រឹមតែមានលក្ខណ:ជាការប្រមូលផ្តុំនោះឡើយប៉ុន្តែពួកគេបានធ្វើរួបត្លុកជាមនុស្ស ដោយសរសេរថា មន្រ្តីពុករលួយ តុលាការ អ្នកបញ្ជាសម្លាប់ និងឃាតករ។ សូមបញ្ជាក់ថា យុទ្ធនាការថ្ងៃនេះធ្វើឡើង ដើម្បីបន្តទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សសមាគមអាដហុក និងមន្រ្តីគ ជ ប និងទាមទារឲ្យរដ្ឋាភិបាលស្វែងរកការពិតនៅពីក្រោយឃាតកម្មលោកកែម ឡី៕

ប្រភព៖ RFI


Related Posts