កែម ឡី ដែល​​ខ្ញុំ​​ស្គាល់​

ថ្ងៃនេះទី ១៧ ខែសីហាគឺមានរយៈពេល ១ ខែ ៧ ថ្ងៃហើយនៃឃាតកម្មបាញ់សម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយល្បីឈ្មោះម្នាក់។ គាត់ត្រូវបានបាញ់ស្លាប់ខណៈកំពុងទទួលទានកាហ្វេនៅហ្គារ៉ាស់សាំងកាល់តិច បូកគោ កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុងក្នុងរាជធានីភ្នំពេញ។

វាជាកន្លែងដែលយើងបានជួបគ្នាកាលពីមុនជាច្រើនឆ្នាំមុនពេលគាត់បានក្លាយជាអ្នករិះគន់មិនសំចៃមាត់ទៅមេដឹកនាំនយោបាយ និងគណបក្សនយោបាយទាំងរដ្ឋាភិបាល និងទាំងគណបក្សប្រឆាំង។

ក្នុងអំឡុងរយៈពេលពីរសប្តាហ៍នៃពិធីបុណ្យសពគាត់អ្នកកាន់ទុក្ខជាច្រើនបានទៅចូលរួមជាពិសេសនៅពេលហែទៅស្រុកកំណើតរបស់គាត់នៅខេត្តតាកែវកាលពីថ្ងៃទី ២៤ ខែកក្កដាចំនួនអ្នកចូលរួមត្រូវបានប៉ាន់ប្រមាណថាមានចំនួនរាប់ម៉ឺននាក់។ ប៉ុន្តែ តើបណ្ឌិត កែម ឡី ជានរណា និងតើគាត់បានក្លាយជាអ្នកវិភាគល្បីឈ្មោះយ៉ាងដូចម្តេចនៅក្នុងនយោបាយកម្ពុជា? ដែលអ្នកខ្លះកំពុងទាមទារឲ្យមានថ្ងៃឈប់សម្រាកសាធារណៈដើម្បីរំឭកឈ្មោះគាត់។

នោះគឺជាសំណួរទៅកាន់អ្នកដែលតាមដាននយោបាយកម្ពុជា និងអ្នកដែលស្គាល់គាត់ដែលមិនមែនជាពលរដ្ឋខ្មែរ។ ប៉ុន្តែអ្វីដែលខ្ញុំអាចចែករំលែកគឺជាអ្វីដែលខ្ញុំមានបទពិសោធផ្ទាល់ខ្លួនតាមរយៈការជួប និងការប្រាស្រ័យទាក់ទងជាមួយលោក កែម ឡី ជាពិសេសក្នុងឆ្នាំ ២០០៤‑២០១១ ពីមុនពេលគាត់ចូលឆាកនយោបាយ និងត្រូវបានគេចាប់ផ្តើមស្រង់សម្តីគាត់នៅក្នុងកាសែត និងថាគាត់ជា «អ្នកវិភាគនយោបាយ»។

ខ្ញុំដំបូងបានជួបគាត់នៅឆ្នាំ ២០០២‑២០០៤ នៅពេលដែលគាត់កំពុងធ្វើការជាមួយអង្គការ KHANA ដែលជាអង្គការល្បីឈ្មោះលើការងារអេដស៍ និងមេរោគអេដស៍ដែលខ្ញុំកំពុងជួយលើការងារប្រមូលថវិកា និងការគាំទ្របច្ចេកទេសលើបញ្ហា MSM (បុរសរួមភេទជាមួយបុរស) និងអ្នកប្រើប្រាស់គ្រឿងញៀន។ គាត់បានចាកចេញក្នុងឆ្នាំ ២០០៤ ហើយយើងបានជួបគ្នាម្តងទៀតនៅពេលគាត់ធ្វើការនៅគម្រោងមួយរបស់អង្គការសហប្រជាជាតិស្តីពីការចូលរួមប្រសើរជាងមុនរបស់ប្រជាជនដែលរស់នៅជាមួយមេរោគអេដស៍ (GIPA)។

មួយឆ្នាំក្រោយមកខ្ញុំបានសម្ភាសគាត់សម្រាប់គម្រោងមូលនិធិសកលស្តីពីគម្រោងមេរោគអេដស៍/ជំងឺអេដស៍។ គាត់មិនបាននៅទីនោះយូរទេដោយសារគាត់បានជម្រាបទៅថ្នាក់លើអំពីភាពមិនប្រក្រតីមួយចំនួននៅក្នុងបញ្ហាហិរញ្ញវត្ថុហើយគាត់ត្រូវបានគេប្រាប់ថា «នោះមិនមែនជារឿងរបស់អ្នកទេ»។

នៅគណៈកម្មាធិការសម្របសម្រួលមេរោគអេដស៍/ជំងឺអេដស៍ (HACC) ដែលជាបណ្តាញធំបំផុតនៃអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើបញ្ហាមេរោគអេដស៍ក្នុងប្រទេសកម្ពុជាគាត់គឺជានាយកប្រតិបត្តិពីឆ្នាំ ២០០៧ ដល់ ២០០៩ ហើយគាត់មានចក្ខុវិស័យ និងសេចក្តីក្លាហានក្នុងការនិយាយមិនសំចៃមាត់ប្រឆាំងនឹងសម្ពាធពីបុគ្គលល្បីៗមួយចំនួនទៅលើគណៈកម្មាធិការរបស់លោក ឬពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។

បន្ទាប់ពីគាត់បានចាកចេញវាបានចំណាយរយៈពេលជាងមួយឆ្នាំកន្លះទើប HACC អាចស្វែងរកអ្នកស័ក្តិសមជំនួសតំណែងរបស់គាត់បាន។ យើងបានធ្វើការពិគ្រោះយោបល់មួយចំនួនជាមួយគ្នាដូចជាការបណ្តុះបណ្តាលការធ្វើផែនការយុទ្ធសាស្រ្តការវាយតម្លៃអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើប្រជាជនដែលមានមេរោគអេដស៍ និងជំងឺអេដស៍។ ក្រោយមកយើងបានចាប់ផ្តើមកន្លែងបណ្តុះបណ្តាលសិស្សដែលចាប់អារម្មណ៍ និងអ្នកជំនាញវ័យក្មេងលើវិធីសាស្រ្តស្រាវជ្រាវ ការតាមដាន និងវាយតម្លៃ។

ភាពជាគ្រូពេទ្យរបស់គាត់ដែលឯកទេសក្នុងវិស័យសុខភាពសាធារណៈ និងរោគរាតត្បាតរឹតតែជាភាពអស្ចារ្យសម្រាប់សមត្ថភាពការងាររបស់គាត់។ គាត់អាចនិយាយអំពីបញ្ហាជាច្រើនរួមទាំងបញ្ហាសុខាភិបាលហើយគាំទ្រជាមួយនឹងឯកសារ និងស្ថិតិដែលមានលក្ខណៈសមហេតុផល។

ការិយាល័យចម្បងរបស់គាត់កាលពេលនោះគឺនៅភោជនីយដ្ឋាន Baitong នៅផ្លូវលេខ ៣៦០ ដែលជាកន្លែងអំណោយផលសម្រាប់ក្រុម CSO ជួបប្រជុំគ្នា និងពិភាក្សាលើបញ្ហាអភិវឌ្ឍន៍ហើយយើងបានជួបគ្នាជាទៀងទាត់នៅទីនោះ។ ប៉ុន្តែបើសូម្បីនៅក្នុងសហគមន៍អង្គការក្រៅរដ្ឋាភិបាលជាញឹកញាប់តួនាទីរបស់គាត់បានធ្វើឲ្យគាត់សួរសំណួរជាច្រើនទៅមេដឹកនាំអង្គការ និងមេដឹកនាំផ្សេងៗជាពិសេសសំណួរពាក់ព័ន្ធនឹងអំពើពុករលួយ។ មេដឹកនាំអង្គការមួយចំនួនបានចាត់ទុកការសួរសំណួរដេញដោលរបស់លោក កែម ឡី ថា «ការប្រឆាំងនឹងអង្គការ»។

ចំពោះមុខអាជីពនយោបាយរបស់គាត់ដែលទើបតែចាប់ផ្តើមរីកចម្រើន និងតួនាទីរបស់គាត់ជា «អ្នកវិភាគនយោបាយឯករាជ្យ» ខ្ញុំគ្រាន់តែអាចដឹងបានតាមរយៈអ្វីដែលខ្ញុំបានអាននៅក្នុងកាសែតភាសាអង់គ្លេស និងការបង្ហោះនៅក្នុងព័ត៌មានបណ្តាញសង្គមយូរៗម្តង និងវីដេអូឃ្លីបមួយចំនួនពីបទសម្ភាសតាមវិទ្យុ។

ខ្ញុំបានឃើញគាត់ជាលើកចុងក្រោយពីរបីខែមុនពេលឃាតកម្មនេះកើតឡើង។ ខ្ញុំកំពុងជិះកង់របស់ខ្ញុំហើយគាត់កំពុងតែឆ្លងផ្លូវនរោត្តមដើរទៅលេងសួននៅជិតវិមានឯករាជ្យ។ ខ្ញុំបានបក់ដៃ និងនិយាយជាមួយគាត់បានពីរបីនាទីហើយខ្ញុំរំឭកប្រាប់គាត់ថា «ប្រយ័ត្នខ្លួនផងអ្នកប្រហែលជាធ្វើឲ្យមនុស្សមានអំណាចជាច្រើនទើសចិត្ត» ហើយគាត់គ្រាន់តែបានញញឹមដាក់ខ្ញុំ។ ខ្ញុំនឹងចងចាំរយៈពេលយូរថាស្នាមញញឹម និងចិត្តមោះមុតចេញពីក្រសែភ្នែកដែលពូកែសួរសំណួរ និងស្វែងរកសេចក្តីលម្អិត និងរិះគន់គឺជាគុណភាពកម្រមួយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts