តុលាការកំពូលបិទសំណុំរឿងលោក អ៊ុំ សំអាន ជាស្ថាពរ

នៅព្រឹកថ្ងៃ ទី ១៧ ខែសីហានេះ តុលាការកំពូល បានប្រកាសសាលក្រមសំណុំរឿងសុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន ដោយមិនអនុញ្ញាតអោយតំណាងរាស្រ្តគណៈបក្សសង្គ្រោះជាតិ មានសិទ្ធនៅក្រៅឃុំឡើយ។ គណបក្សប្រឆាំង បានអះអាងថា ការបដិសេធនេះ គឺជារឿងមិនអាចទទួលយកបានទេ។

រាយការណ៏ដោយ ប៉ោ គឹមហុក

តុលាការកំពូលបានប្រកាសបដិសេធជាស្ថាពរលើសំណើនៅក្រៅឃុំរបស់លោកអ៊ុំ សំអាន។ ក្នុងការប្រកាសសាលក្រមនេះ តុលាការកំពូល បានអះអាងថា ការសម្រេចរបស់ សាលាដំបូង និងសាលាឧទ្ទរណ៍រាជធានីភ្នំពេញមានភាពត្រឹមត្រូវ។ ក្នុងការបន្តឃុំខ្លួននេះ តុលាការផ្អែកលើមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌអាចអនុញ្ញាតអោយមានការឃុំខ្លួនជាបណ្ដុះអាសន្នបាន ហើយការឃុំខ្លួនជនជាប់ចោទនេះជាការចាំបាច់ ដើម្បីបញ្ចប់បទល្មើស។ ក្រៅពីនេះ តុលាការ បានបដិសេធពិចារណាលើអភ័យឯកសិទ្ធិរបស់លោកអ៊ុំ សំអាន ព្រោះថា ខ្លួនមិនមានយុត្ថាធិការនោះឡើយ។ លោក ហែម សុជាតិ មេធាវីការពារក្ដីឱ្យលោក អ៊ុំ សំអាន បានប្រាប់អ្នកសារព័ត៌មានក្រោយការប្រកាសសាលក្រមថា ការបដិសេធនេះមិនមានយុត្តិធ៌មសម្រាប់កូនក្ដីរបស់លោកឡើយព្រោះថារឿងក្ដីនេះគ្រាន់តែជារឿងមជ្ឈឹមប៉ុណ្ណោះ ហើយគ្មានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមនោះទេ។

គួររំលឹកថា លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ក្រោមបទចោទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាដិ៍ និងបទញុះញង់ឲ្យមានការរើសអើងប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី ១០ ខែ មេសាឆ្នាំ ២០១៦បន្ទាប់ពីលោកបានបង្ហោះសារផែនទីក្លែងក្លាយស្ដីពីព្រំដែន កម្ពុជា វៀតណាម។ ហើយការប្តឹងជំទាស់សុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន នេះបានធ្វើឡើងចំនួនបីដងរួចមកហើយ តែគ្រប់ការប្ដឹងជំទាស់សុទ្ធតែត្រូវបានបដិសេធ។ ក្រោយការសម្រេចបិទផ្លូវតវ៉ានេះ លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាងថាមិនអាចទទួលយកបានទេ ព្រោះថាការបន្តឃុំខ្លួនតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភានេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ។ ហើយថាករណីទាំងអស់ ដែលបានកើតឡើងចំពោះ លោកសម រង្ស៊ី លោកហុង សុខហួរ លោក អ៊ុំ សំអាន និងលោកកឹម សុខា គឺជាសុទ្ធតែជារឿងនយោបាយ ដែលមានគណបក្សកាន់អំណាចនៅពីក្រោយ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថាការនិយាយខុស ឬការចោទប្រកាន់មកលើរដ្ឋាភិបាលខុសនោះ គួរទុកឱ្យតុលាការប្រជាពលរដ្ឋជាអ្នកវិនិច្ឆយវិញល្អជាង៕

ប្រភព៖ VOD


Related Posts