រុ​ស្ស៊ី​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​អីុរ៉​ង់ ហើយ​ចេញ​វាយប្រហារ​នៅ​ស៊ី​រី

បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៦ សីហា បាន​ចេញ​វាយប្រហារ​ជា​លើក​ដំបូង​លើ​បណ្តា​ទីតាំង​របស់​ពួក​ជី​ហា​ដ​នៅ​ស៊ី​រី ដោយ​ហោះ​ឡើង​ពី​ព្រ​លាន​យន្តហោះ​មួយ​នៅ​អីុ​រ៉​ង់ ដែល​នេះ​ជា​ជំហាន​មួយទៀត​ក្នុង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​២​ដែល​ជា​អ្នក​ជួយ​ទ្រទ្រង់​ដល់​របប​ក្រុង​ដា​ម៉ាស់ ។

សហរដ្ឋ​អា​​មេ​រិ​កបាន​រិះគន់​រុ​ស្ស៊ី​ចំពោះ​ការ​វាយប្រហារ​បែប​នេះ​ចេញពី​អីុ​រ៉​ង់ ក៏​ប៉ុន្តែ​ទ​ទួ​​ល​ស្គាល់​ពី​ការ​ប្រាប់​ឱ្យ​ដឹង​មុន​ពី​សំណាក់​ក្រុង​មូ​ស្គូ ខណៈ​ប្រទេស​ទាំង​២​បន្ត​និយាយ​គ្នា​ពី​កិច្ច​សហប្រតិបត្តិការ​ខាង​យោធា​ជាយថាហេតុ​មួយ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក លោក MARK TONER បញ្ចេញ​ប្រតិកម្ម​ថា ជា​ការ​គួរ​ឱ្យ​សោកស្តាយ​ចំពោះ​ទ​ង្វើ​នេះ ក៏​ប៉ុន្តែ​ពុំ​មានការ​ងឿងឆ្ងល់​ឡើយ ។ និយាយ​ដោយ​ត្រង់​ទៅ បែប​នេះ​រឹតតែ​ធ្វើ​ឱ្យ​សភាពការណ៍​ដែល​ស្មុ​គ្រ​ស្មាញ និង​លំបាក​ស្រាប់​កាន់តែ​លំបាក​ថែម​ទៀត ។ បែប​នេះ​វា​ធ្វើ​ឱ្យ​អ្វី​ដែល​យើង​ខិតខំ​ស្វែងរក​ជាមួយ​គ្នា​គឺ​បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ​លើ​ដែនដី​ស៊ី​រី​ទាំងមូល និង​ដំណើរការ​នយោបាយ​នៅ​ក្រុង​ហ្សឺ​ណែវ​អំពី​ការ​ឆ្លងកាត់​ដោយ​សន្តិវិធី​មួយ​កាន់តែ​ឃ្លាតឆ្ងាយ​ថែម ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក TU-22 M3 និង SU-34 បាន​ហោះ​ចាក​ចេញពី​មូលដ្ឋាន​យោធា HAMEDAN ភាគ​ពាយ័ព្យ​អីុរ៉​ង់​ដើម្បី​ធ្វើការ​វាយប្រហារ​នៅ​ស៊ី​រី​លើ​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា (​បច្ចុប្បន្ន​ដូរ​មក​រណសិរ្ស FATEH AL-CHAM) ។ ក្រសួង​នេះ​អះអាង​ថា ការ​វាយប្រហារ​ទាំងនេះ​អាច​កម្ទេច​ទីតាំង​ស្តុក​អាវុធ និង​គ្រាប់រំសេវ​ធំ​ៗ៥​កន្លែង និង​ជំរំ​ហ្វឹកហ្វឺន​នៅ DEIR EZZOR និង​នៅ SARAQEB ក្នុង​តំបន់​ខេត្ត​អីុដ​លី​ប និង​នៅ AL-BAB ជាទី​ក្រុង​មួយ​កាន់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តំបន់​អា​ឡែ​ប ។ កង​យន្តហោះ​រុ​ស្ស៊ី​វាយប្រហារ​ផង​ដែរ​លើ​មជ្ឈមណ្ឌល​ទីបញ្ជាការដ្ឋាន​៣​នៅ​តំបន់ JAFRA និង​តំបន់ DEIR EZZOR សម្លាប់​យុទ្ធ​ជន​ជី​ហា​ដ​ជា​ច្រើន​នាក់ ។

នេះ​ជា​លើក​ដំបូង​ដែល​រុ​ស្ស៊ី​ប្រើប្រាស់​ដែនដី​ប្រទេស​ទី​៣​មួយ ដើម្បី​ចេញ​វាយប្រហារ​នៅ​ស៊ី​រី​ចាប់តាំងពី​អន្តរាគមន៍​រុ​ស្ស៊ី​នៅ​ប្រទេស​នេះ​ពី​ជិត​មួយ​ឆ្នាំ​មក​ហើយ ។

អ្នកវិភាគ​ម្នាក់ លោក PAVEL FELGENHAUER គូសបញ្ជាក់​ថា នេះ​ជា​ដំណាក់កាល​ថ្មី​មួយ​ក្នុង​យុទ្ធនាការ​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី ។ ការ​ប្រើប្រាស់​មូលដ្ឋាន​អីុរ៉​ង់​នេះ​ផ្តល់​អំណោយ​ផល​ខាង​យុទ្ធសាស្ត្រ​ថែម​ទៀត​ដល់​រុ​ស្ស៊ី ព្រោះ​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​របស់​ខ្លួន​ផ្ទុក​គ្រាប់បែក​បាន​ច្រើន​អាច​ហោះ​ចេញ​វាយប្រហារ​ប្រើ​ពេល​ខ្លី ។

អាជ្ញាធរ​រុ​ស្ស៊ី និង​អីុ​រ៉​ង់​អះអាង​នា​ថ្ងៃ​ទី​១៦ សីហា ពី​ការ​ដាក់​ពង្រាយ​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​អាច​ហោះហើរ​ឆ្ងាយ​នៅ​ឯ​មូលដ្ឋាន HAMADAN ។ ក្រុង​មូ​ស្គូ​យល់​ថា ការ​ដាក់​ពង្រាយ​នេះ​មាន​ន័យ​ថា ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​អុ​ី​រ៉​ង់​ពេល​នេះ​ឡើង​ដល់​កម្រិត​យ៉ាង​ខ្ពស់​ថ្មី​មួយ ៕