ចាន់ វឌ្ឍនាកា បញ្ចេញ​អារម្មណ៍​ចង់​ឈប់​លេង​បាល់

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​កីឡាករ​ល្បីឈ្មោះ​លោក​ចាន់ វឌ្ឍនាកា បាន​ប្រកាស​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​Facebook ថា ខ្លួន​មាន​បំណង​ចង់​ឈប់​លេង​បាល់​ក្នុង​ពេល​ដែល​អាជីព​លេង​បាល់​របស់​លោក​កាន់តែ​មាន​ភាព​រីក​ចម្រើន​ក្នុង​តំណែង​លេង​ក្នុង​ក្រុម​ជា​លក្ខណៈ​ឯកជន និង​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ ។ នេះ​ជា​ការ​លើក​ឡើង​ដ៏​ភ្ញាក់ផ្អើល​មួយ ដែល​បង្ហាញ​ថា​កីឡាករ​វ័យក្មេង​រូប​នេះ​ចាប់ផ្ដើម​មាន​អារម្មណ៍​នឿយណាយ​នៅ​ក្នុង​កាលៈទេសៈ​ដែល​វិស័យ​បាល់ទាត់​កាន់តែ​មាន​តម្រូវការ​អ្នកមាន​សមត្ថភាព​ដូច​លោក​។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​ទី​១៦ សីហា ម្សិលម្ង៉ៃ កីឡាករ​ជើង​ខ្លាំង​រូប​នេះ​បាន​សរសេរ​ថា​៖«​មាន​អារម្មណ៍​ចង់​ឈប់​លេង​វា (​បាល់ទាត់​) ​ទៀត​ហើយ ព្រោះ​ខ្ញុំ​គ្មាន​ពេល​ទំនេរ​​សម្រាប់​គ្រួសារ​ខ្ញុំ​ទេ សូ​ម្បី​តែ​យាយ​ស្លាប់ អ៊ុំ​ស្រី​ស្លាប់ បងស្រី​រៀប​ការ ក៏​ខ្ញុំ​មិន​បាន​នៅ​ចូលរួម ខ្ញុំ​ពិតជា​អាត្មា​និយម​ណាស់​!» ។ ការ​លើក​ឡើង​របស់​លោក​ត្រូវ​គេ​មើល​ឃើញ​ថា ​ពិតជា​ត្រូវ​នឹង​បរិបទ​ជាក់ស្ដែង​នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​លោក​បន្ទាប់​ពី​លោក​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​លំដាប់​ប្រទេស​ហើយ​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​សហព័ន្ធ ដែល​សូ​ម្បី​តែ​ម៉ោង​ពេល​ចេញ​ដើរ​ឯកជន ក៏​ត្រូវ​រឹត​ដ្បិត​ដើម្បី​ថែរក្សា​សុខភាព និង​សុវត្ថិភាព ។

គ្រប់​កីឡាករ​ទាំងអស់​មិនមែន​តែ​ចាន់ វឌ្ឍនាកា ប៉ុណ្ណោះ​ទេ សុទ្ធតែ​ត្រូវ​ហាមប្រាម​មិន​ឱ្យ​ចេញ​ដើរ​យប់ ឬ​ទៅ​ណា​មក​ណា​ពេល​យប់ ជា​ពិសេស​ក្នុងអំឡុងពេល​ប្រកួត​League​ម្ដង​ៗ ។ ភាគច្រើន​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផឹកស៊ី ឬ​ចូលរួម​ក្នុង​ពិធីជប់លៀង​ណាមួយ​នោះ​ទេ ប្រសិនបើ​កីឡាករ​ទាំងអស់​ស្ថិត​ក្នុង​ការ​ត្រៀមខ្លួន​ដើម្បី​ចូល​ប្រកួត​ជាមួយ​ក្រុម​ណាមួយ ។ ការ​ហ្វឹកហាត់​សឹង​រក​ពេល​សម្រាក​មួយ​ថ្ងៃ​មិន​បាន ក៏​ជា​សម្ពាធ​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​កីឡាករ​បាល់ទាត់​មិនសូវ​បាន​ដើរ និង​មាន​សេរីភាព​នោះ​ដែរ ។ ជាមួយនឹង​ការ​ដឹង​ឮ​នេះ​ហើយ ដែល​អ្នក​ណា​ក៏​មើលឃើញ​ថា ពេលវេលា​ឯកជន​របស់​កីឡាករ​បាល់ទាត់​ទាំងអស់​បូក​រួម​ទាំង​ចាន់ វឌ្ឍនាកា ម្នាក់​ផង គឺ​ត្រូវ​វិនិយោគ​ជាមួយ​អាជីព​បាល់​ទាត់​សឹង​នឹង​អស់​ទៅ​ហើយ ដោយ​មិន​អាច​ឱ្យ​លោក​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បំពេញ​កិច្ចការ​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​ផ្ទាល់ខ្លួន​នោះ​ឡើយ ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកាស​របស់​កីឡាករ​លេចធ្លោ​ចាន់ វឌ្ឍនាកា បាន​ក្លាយជា​រឿង​រសើប​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្របា​ម្ភ​ខ្លាច​កីឡាករ​រូប​នេះ​សម្រេចចិត្ត​ដើរ​ចេញពី​អាជីព​ព្រោះតែ​ទ្រាំទ្រ​នឹង​សម្ពាធ​រវល់​រឿង​ហ្វឹកហាត់ និង​ការ​រឹតត្បិត​រាល់​សម្មភាព​ឯកជន​មិន​បាន ។

យ៉ាងណា​ក៏​ដោយ កីឡាករ​រូប​នេះ​បាន​ឆ្លើយ​ប្រាប់​អ្នកគាំទ្រ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ សីហា ដដែល​ថា នោះ​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ក្នុង​ពេល​គិត​ច្រើន​ប៉ុណ្ណោះ ដោយ​ភាព​ជាក់ស្ដែង​គឺ​លោក​ស្រឡាញ់​អាជីព​ប្រដាល់​មិន​ទាន់​ចង់​ឈប់​នោះ​ឡើយ ។ លោក​និយាយ​ថា នៅ​ពេល​រវល់​រហូត​ដល់​ថ្នាក់​មិន​អាច​ជួបជុំ​អ្នកជា​ទីស្រឡាញ់​បាន ខ្លួន​ពិតជា​មាន​អារម្មណ៍​តូចចិត្ត ជា​ពិសេស​នៅ​ពេល​មាន​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​មានទុក្ខ ហើយ​លោក​បែរជា​អាត្មា​និយម​មិន​អាច​ទៅ​ចូលរួម​បាន ។ លោក​ថា ច្បាប់​នៅ​ក្នុង​សហព័ន្ធ និង​នៅ​ក្នុង​ក្រុម​ដែល​លោក​ជ្រកកោន មាន​ភាព​ម៉ត់ចត់​មិនមែន​អាក្រក់​នោះ​ទេ ដោយសារ​តែ​ការ​ឃុំគ្រង​នេះ​ក៏​ជួយ​ឱ្យ​កីឡាករ​ចេះ​ធ្វើ​ម្ចាស់​ការ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​អាជីព​ផង​ដែរ ប៉ុន្តែ​មក​ពី​ភាព​ជាក់ស្ដែង​គឺ​គ្រួសារ​របស់​លោក​មានទុក្ខ ឬ​មាន​ពិធី​សប្បាយ​ៗ​ចំ​តែ​ពេល​លោក​ត្រូវ​ត្រៀមប្រយុទ្ធ​នៅ​ក្នុង​អាជីព​បាល់ទាត់​ទើប​ចេះ​តែ​អវត្ត​មាន ។ លោក​និយាយ​ថា​៖ «​ការ​ពិត​សហព័ន្ធ​គេ​ឱ្យ​ច្បាប់​យើង​តើ ប៉ុន្តែ​មក​ពី​ការងារ​ខ្លះ​គឺ​ចំ​តែ​ពេល​ត្រូវ​ប្រកួត ទើប​យើង​មិន​ចង់ទៅ​ដោយ​ខ្លួនឯង​!» ។ លោក​ថា កីឡាករ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ហូប​គ្រឿង​ស្រវឹង​ផ្ដេសផ្ដាស់​នោះ​ទេ ដែល​កិច្ចការ​នេះ​គឺ​សុទ្ធតែ​ជា​ប្រយោជន៍​សម្រាប់​អាជីព​អ្នក​បាល់ទាត់ ។

ចាន់ វឌ្ឍនាកា បាន​អះអាង​ថា បើ​ទោះជា​លោក​មាន​អារម្មណ៍​នឿយណាយ​ខ្លះ​ព្រោះតែ​រឿង​គ្មាន​ពេល ប៉ុន្តែ​លោក​នៅ​តែ​បន្ត​អាជីព​ជា​កីឡាករ​បាល់ទាត់​ដោយ​មិន​ទាន់​កំណត់​នៅឡើយ បើ​ទោះជា​លោក​ជា​កូន​ចៅហ្វាយខេត្ត​ម្នាក់ ដែល​មាន​ជីវភាព​ធូរធារ​ទៅ​ហើយ​ក្ដី ។ លោក​ថា ការ​ស្រឡាញ់​នៅ​តែ​ជំរុញ​ឱ្យ​លោក​ចង់​បន្ត​អាជីព​បាល់ទាត់ និង​បាន​ចាត់​ទុក​ថា​ការ​បង្ហោះ​គ្រាន់តែ​ជា​ការ​បញ្ចេញ​អារម្មណ៍​ឱ្យ​ធូរទ្រូង​ប៉ុណ្ណោះ​។ ក្នុង​នោះ​លោក​ថា គ្រួសារ​របស់​លោក​ក៏​បាន​យល់​ពី​សភាព​ការងារ​របស់​លោក​ផង​ដែរ ដោយ​មិន​ប្រកាន់​រឿង​លោក​អវត្តមាន​គ្មាន​ពេល​ឱ្យ​ក្រុម​គ្រួសារ​នោះ​ដែរ ។ សូ​ម្បី​តែ​ការ​ដាក់​សម្ពាធ​ឱ្យ​ឈប់ ឬ​ឱ្យ​កាត់​បន្ថយ​ណាមួយ​ក៏​មិន​មាន​នោះ​ដែរ ទើប​លោក​នៅ​តែ​មាន​ជំហរ​បន្ត​អាជីព​បាល់ទាត់​ដោយ​គ្មាន​កំណត់ ៕