ពេជ្រ សីហា ក្លាយជា​បេក្ខភាព​សំខាន់​ក្នុង​សមរភូមិ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់ ខណៈ សរ រាជសីហ៍ ឡើង​ប្រកួត​ក្នុង​ឋានៈ​ជា​គូ​មិត្តភាព​ស​ប្តា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Sumaee Sor Weerawan នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​នៅ​ថ្ងៃអាទិត្យ ទី​២១ សី​ហាស​ប្ដា​ហ៍​នេះ បាន​ក្លាយជា​បេក្ខភាព​សំខាន់​ក្នុង​ការ​ប្រជែង​ជាមួយ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។

ពេជ្រ សីហា ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​ពីរ​លើក ក្នុង​នោះ​លើក​ទី​១ បាន​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២ និង​លើក​ទី​២​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ដោយសារ​គូប្រកួត​អវត្ត​មាន ។​ដូច្នេះ​សរុប​លទ្ធផល គេ​មាន​៦​ពិន្ទុ​ដូច​ឡុ​ង សុវណ្ណ​ឌឿ​ន ដែរ ទើប​គេ​នៅ​រង់ចាំ​មើល​ការ​ប្រកួត​លើក​នេះ ថា​តើ ពេជ្រ សីហា អាច​ធ្វើ​បាន​ល្អ​ដូច ឡុ​ង សុវណ្ណ​ឌឿ​ន ឬ​អត់ ។

បើ​តាម​ការ​ស្ទាបស្ទង់​សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​ចេះ​ប្រើ​ស្នៀត​កែង​និង​ជង្គង់​ស្ទាត់ជំនាញ កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង​លើក​នេះ​ប្រហែលជា​មិន​ងាយស្រួល​ប៉ុន្មាន​ឡើយ ។ ពេជ្រ សីហា បើសិនជា​ចង់​ឈ្នះ​តែម ឡុ​ង សុវណ្ណ​ឌឿ​ន ទាល់តែ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​មុន​ទឹក​ទី​២ បើ​ពុំនោះ​ទេ​គេ​នឹង​ចាញ់​ប្រៀប​មិន​ខាន ។ ពេជ្រ សីហា ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​ល្អ ផ្លែ​កែង​និង​ជង្គង់​របស់​គេ​អាច​ប្រើ​ការ​បាន ទាស់​តែ​កម្លាំង​រាង​ចុះ​ខ្សោយ​ជាង​មុន​បន្តិច ។ ម្យ៉ាង​បើ​គេ​មិន​ចោល​ចរិត​ឆេវឆាវ​ទេ​អាច​នឹង​ភ្លាត់ស្នៀត​បណ្ដាល​ឱ្យ​ចាញ់​ក៏​ថា​បាន ។

ចំណែក សរ រាជសីហ៍ មក​ពី​ក្លិប​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ឡើង​ប្រកួត​ក្នុង​ឋានៈ​ជា​គូ​មិត្តភាព​ប៉ុណ្ណោះ​ដោយសារ​តែ​គូប្រកួត​របស់​គេ​អវត្តមាន ដូច្នេះ​គេ​ទទួល​បាន​៣​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ​។ សរ រាជសីហ៍ ស​ប្ដា​ហ៍​នេះ​ត្រូវ​ជួប​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Na-Naw-Thong Net-Nam Chay​ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក ។ ដូច្នេះ​សម្រាប់​វត្តមាន​កីឡាករ​ថៃ​រូប​នេះ​ពេល​នេះ អត់​មាន​អ្នក​ណា​ដឹង​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​នោះ​ទេ ។ តែ​អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍ PNN បាន​អះអាង​ថា គេ​ជា​អ្នក​ប្រដាល់ ជើង​ខ្លាំង​មួយ​រូប​ដែល​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​មិន​តិច​នាក់​ទេ ។ ចាំ​មើល សរ រាជសីហ៍ ដែល​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ធ្លាប់​មានបទពិសោធន៍​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ស្ទើរ​រាប់​ភ្លេច លើក​នេះ​អាច​ផ្ដួល​គូប្រកួត​បាន​ឬ​អត់ ?

ចំណែក​ការ​ប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុ​ន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​មាន​កីឡាករ សេក រាំ​បូ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ កីឡាករ ចាន់ ប៊ុ​ន​ហឿ​ន មក​ពី​ក្លិប​និរោធ​មាន​ជ័យ ។ កីឡាករ វេន សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធិ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍ ៕