ឆេះក្លិបយប់មិញហេងវិញ ព្រោះ…

រាជធានី​ភ្នំពេញ ៖ ក្លិប​កម្សាន្ត​«​អវតារ​»​ដែល​គេ​ចាក់សោ​បិទទ្វារ​ទុក​ចោល​ជា​យូរ​មក​ហើយ ស្ថិត​នៅ​កែង​ផ្លូវ​លេខ​១៥៨​និង​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ស្រាប់តែ​មាន​ផ្សែង​និង​អណ្តាតភ្លើង​ឆេះ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ។

តាម​អ្នក​នៅ​ក្បែរ​នោះ​ឲ្យ​ដឹង​ថា ក្លិប​កម្សាន្ត​មួយ​នេះ​ត្រូវ​បាន​គេ​បិទទ្វារ​ចោល​ជា​យូរ​មក​ហើយ ព្រមទាំង​ចាក់សោ​បិទ​ជិត​ថែម​ទៀត​ផង​។ លុះ​នៅ​វេលា​ពាក់កណ្តាល​អធ្រាត្រ​នោះ ស្រាប់តែ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ក្លិប ហើយ​ភ្នាក់ងារ​សន្តិសុខ​ដែល​យាម​នៅ​ក្បែរ​នោះ​បាន​ទូរស័ព្ទ​រាយការណ៍​ប្តឹង​សម្ថ​កិច្ច​មូលដ្ឋាន និង​នាំ​គ្នា​គាស់​ទ្វារ​ដើម្បី​ទម្លុះ​ចូល​ទៅ​ខាងក្នុង ។ បន្ទាប់​ពី​គាស់​ទ្វារ​របើក​ហើយ ក៏​ឃើញ​មាន​អណ្តាតភ្លើង​កំពុង​ឆេះ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។

សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ប្រហែល​មក​ពី​កម្តៅ​ក្នុង​អគារ​ប៉ះ​ជាមួយ​ជ័រ​និង​អេ​ប៉ុង​ដែល​គេ​ទុក​ចោល​ក៏​បង្កើត​បានជា​អណ្តាតភ្លើង ។ ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ប៉ុណ្ណោះ ។

អគ្គិភ័យ​នេះ​មានការ​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង ទើប​ភ្លើង​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ សីហា ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​រថយន្ត ៕