ខំ​ដើរ​រក​គ្រប់​គ្នា ពេល​ឃើញ​ម្នាក់​ៗ​សែន​រន្ធត់

ខេត្ត​ប៉ៃលិន ៖ តា​ចាស់​ម្នាក់​បាន​បាត់​ពី​ផ្ទះ​១​ថ្ងៃ​១​យប់ ធ្វើ​ឲ្យ​កូនចៅ​នាំ​គ្នា​ខំ​ដើរ​រក​គ្រប់​គ្នា​តែ​រក​មិនឃើញ​សោះ លុះ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ ត្រូវ​បាន​អ្នក​ដើរទៅ​ចម្ការ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង​នៅ​ចំណុច​អូរ​ជ្រៅ ក្នុងភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឃុ​ត ឈឿ​ន ភេទ​ប្រុស អាយុ​៨៥​ឆ្នាំ រស់នៅ​ជាមួយ​ប្អូន​ឈ្មោះ ស៊ុន ង៉ាំ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ក្បែ​វត្ត​សាលា​ក្រៅ​ចាស់ ស្ថិត​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​តែងតែ​ដើរ​វង្វេង​ផ្ទះ​ជា​ញឹកញាប់ ហើយ​ថ្មី​ៗ​នេះ​ជន​រង​គ្រោះ​បាន​វង្វេង​បាត់​ពី​ផ្ទះ​១​ថ្ងៃ​១​យប់​ដោយ​ពុំ​ដឹង​ជា​វង្វេង​ទៅ​ទីណា​នោះ​ទេ ។ សាច់ញាតិ និង​អ្នក​ជិតខាង​បាន​ខិតខំ​ប្រឹងប្រែង​ដើរ​រក​គាត់​ដែរ តែ​រក​មិនឃើញ​សោះ លុះ​វេលា​ម៉ោង​៦​ព្រឹក ព្រឹក​ថ្ងៃ​ទី​១៧​សីហា ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​តែ​ម្តង រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល ។

អ្នក​ភូមិ​មួយ​ចំនួន​បាន​សង្ស័យ​ថា ករណី​ស្លាប់​នេះ​អាច​ត្រូវ​អ្នក​ណា​ម្នាក់​វាយ ព្រោះ​នៅ​លើ​ផ្ទៃមុខ​របស់​គាត់​មាន​ស្នាម​ជាំ និង​មាន​ឈាម​ហូរ​ពេញ​មួក​ដែល​គាត់​ពាក់ ។

លោក ញ៉ឹ​ក ថុ​ល អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​តែ​ដួល​ខ្លួនឯង ព្រោះ​គាត់​មាន​វ័យ​ចំណាស់​ហើយ ដោយ​វង្វេង​បាត់​ពី​ផ្ទះ​របស់​ខ្លួន ខណៈ​បងប្អូន និង​សាច់ញាតិ​ដើរ​រក​ក៏​រក​មិនឃើញ ស្រាប់តែ​ប្រជាពលរដ្ឋ​ទៅ​ចម្ការ​ប្រទះ​ឃើញ​ដេក​ស្លាប់​ខ្លួនឯង​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា នេះ​មិនមែន​ជា​ករណី​ឃាតកម្ម ឬអ្វី​នោះ​ទេ ដោយសារ​តែ​គាត់​ដើរ​ដួល​បុក​នឹង​ថ្ម​បណ្តាល​ឱ្យ​របួស​ហូរ​ឈាម​រហូត​ស្លាប់​បែប​នេះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ខាងលើ​បណ្តាល​មក​ពី​ដើរ​វង្វេង​ផ្ទះ អត់​អាហារ ធ្វើ​ឲ្យ​ខ្យល់គរ​ដេក​ស្លាប់​តែ​ម្តង ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​សាច់ញាតិ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សាលា​ក្រៅ​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ៕