សង្គម​ស៊ីវិល​គាំទ្រ​អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ចាត់​វិធានការ​លើ​អ្នក​លែង​សត្វ​ឲ្យ​ដើរ​ពាសពេញ​ក្រុង

មន្ត្រី​សង្គម​ស៊ីវិល និង​អាជីវករ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ម្ចាស់​សត្វ​ចិញ្ចឹម​មួយ​ចំនួន​ដែល​លែង​សត្វ​ពាហនៈ​របស់​ខ្លួន ឲ្យ​ដើរ​ពាសពេញ​ក្រុង ឬ​ដេក​តាម​ផ្លូវ​សាធារណៈ នាំ​ឲ្យ​ប៉ះពាល់​ភ្ញៀវ​ទេសចរ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង។ ពួក​គេ​គាំទ្រ​ឲ្យ​រដ្ឋបាល​ខេត្ត-ក្រុង​ព្រះសីហនុ ដាក់​ពិន័យ ឬ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​លើ​ម្ចាស់​សត្វ​ចិញ្ចឹម ដែល​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​បន្ត​លែង​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ឲ្យ​ដើរ​ពាសពេញ​ក្រុង។

ទោះ​បី​ជា​អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ម្តង​ជា​ពីរ​ដង​ទៅ​ម្ចាស់​សត្វ​ចិញ្ចឹម​ជាង ៤០​ម្ចាស់ ឲ្យ​មើល​ថែ​សត្វ​គោ ក្របី និង​ពពែ កុំ​លែង​ឲ្យ​ដើរ​អនាធិបតេយ្យ​ក្នុង​ក្រុង និង​ដេក​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​បន្តបន្ទាប់​បែប​ណា​ក្តី ក៏ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​សីហា ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងនោះ​មិន​យក​ត្រចៀក​ស្តាប់​ទេ។

ត្រង់​ចំណុច​នេះ អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក អ៊ុប សុវណ្ណចាន់ថន ស្នើ​ឲ្យ​រដ្ឋបាល​ក្រុង ត្រូវ​មាន​វិធានការ​ក្តៅ​ទៅ​លើ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងនោះ ដើម្បី​រៀបចំ​ឲ្យ​ក្រុង​ទេសចរណ៍​មួយ​នេះ​មាន​សណ្ដាប់ធ្នាប់​ល្អ​ឡើង​វិញ។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់​នា​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ត្រូវ​បញ្ឈប់​ការ​លែង​គោ ឬ​ពពែ​ជាដើម កុំ​ឲ្យ​ដើរ​ពាសពេញ​ក្រុង​ត​ទៅ​ទៀត ព្រោះ​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អាជីវករ​ជាដើម៖ «សំណូមពរ​ដល់​ម្ចាស់​កសិដ្ឋាន​ដែល​ចិញ្ចឹម​សត្វ​ពាហនៈ​ទាំងឡាយ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដើម្បី​ទប់ស្កាត់​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​សត្វ​ចិញ្ចឹម​ដើរ​ពាសវាលពាសកាល ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ទីក្រុង​ទេសចរណ៍​យើង​ជា​បន្ត​ទៀត ដោយ​ងាក​មក​ធ្វើ​ក្រោល ឬ​ចង​មើល​ថែ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សត្វ​ចិញ្ចឹម​ទាំងនោះ ដើរ​មក​ទី​សាធារណៈ​ដូច​ពេល​កន្លង​ទៅ​ទៀត»

ចំណែក​អាជីវករ​លក់​ដូរ​ផ្លែ​ឈើ និង​ម្ហូប​អាហារ​នៅ​ផ្សារ​រាត្រី​ក្បែរ​រង្វង់​មូល​តោ​ពីរ សំណូមពរ​ថា ល្មម​ដល់​ពេល​រដ្ឋបាល​ក្រុង​ព្រះសីហនុ មាន​វិធានការ​ក្តៅ​ទៅ​លើ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងឡាយ​ដែល​មិន​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ឲ្យ​បាន​តឹងរ៉ឹង និង​មាន​ប្រសិទ្ធភាព ដើម្បី​ជា​ការ​ព្រមាន៖ «សូម​ឲ្យ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់ ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​សត្វ​ពាហនៈ មាន​គោ ក្របី និង​សត្វ​ពពែ ដើរ​ពាសវាលពាសកាល​នៅ​តាម​ទីប្រជុំជន​ត​ទៅ​ទៀត។ សូម​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​ម្ចាស់​សត្វ​ចិញ្ចឹម​ឲ្យ​បាន​ធ្ងន់ធ្ងរ»

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ទៅ​ម្ចាស់​សត្វ​ចិញ្ចឹម​ជាង ៤០​ម្ចាស់​ជា​បន្តបន្ទាប់​កាល​ពី​ដើម​ខែ​កក្កដា ណែនាំ​កុំ​ឲ្យ​ម្ចាស់​សត្វ​ចិញ្ចឹម​លែង​សត្វ​ចោល​តាម​ដង​ផ្លូវ និង​តាម​ទី​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ ដោយ​ព្រមាន​ផាក​ពិន័យ​ក្នុង​សត្វ​ចិញ្ចឹម ១​ក្បាល​ចំនួន ១០​ម៉ឺន​រៀល ឬ​ផាក​ពិន័យ​ទ្វេដង ព្រម​ទាំង​អាច​ចាប់​សត្វ​ចិញ្ចឹម​ទាំងនោះ​បញ្ជូន​ទៅ​ឲ្យ​កងទ័ព​ប្រចាំ​ការ​នៅ​តាម​បន្ទាត់​ព្រំដែន​ចាត់ចែង៖ «បើ​សិន​ជា​គាត់​មិន​ចូល​ខ្លួន​មក​ដោះស្រាយ​នាំ​យក​សត្វ​ចិញ្ចឹម​របស់​គាត់​ក្នុង​រយៈពេល ៣​ថ្ងៃ ក្រោយ​អាជ្ញាធរ​ចាប់​បាន គឺ​យើង​គុណ​ទ្វេដង​នៃ​ចំនួន​ផាក​ពិន័យ គឺ​ចាប់​ពី ១​ក្បាល ១០​ម៉ឺន​រៀល ទៅ ១​ក្បាល ២០​ម៉ឺន​រៀល។ ហើយ​ក្នុង​ករណី​ហួស​ពី ៣​ថ្ងៃ ម្ចាស់​មិន​ចូល​ខ្លួន​មក​ដោះស្រាយ​លើ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ទេ គឺ​ហួស​ពេល ៣​ថ្ងៃ អាជ្ញាធរ​នឹង​ចាត់ចែង​សត្វ​ចិញ្ចឹម​ទាំងនោះ​ដោយ​ខ្លួន​ឯង រី​ម្ចាស់​លែង​មាន​សិទ្ធិ​ទៀត​ហើយ»

រដ្ឋបាល​ក្រុង​ព្រះសីហនុ បង្ហាញ​ថា នៅ​ភូមិសាស្ត្រ​នេះ​មាន​ម្ចាស់​សត្វ​ចិញ្ចឹម​គោ ក្របី និង​ពពែ ចំនួន ៤៦​ម្ចាស់ ដែល​កន្លង​មក​បាន​លែង​សត្វ​ចិញ្ចឹម​ឲ្យ​ដើរ​ពាសវាលពាសកាល និង​ដេក​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវ តាម​សួនច្បារ និង​ទី​សាធារណៈ​ក្នុង​ក្រុង​យ៉ាង​អនាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។