អួតខ្លួន​ប្រពន្ធ​លោក​គយ ចេញពី​បុរី​បោក​ពូម៉ូតូឌុបមួយ​ក្បាច់​និយាយ​លែង​ចេញ

អួតខ្លួន​ប្រពន្ធ​លោក​គយ ចេញពី​បុរី​បោក​ពូម៉ូតូឌុបមួយ​ក្បាច់​និយាយ​លែង​ចេញ



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​អួត​ថា​ខ្លួន​ជា​ប្រពន្ធ​លោក​គយ ហើយ​ហៅ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ឲ្យ​ឌុ​ប​ពី​ក្នុង​បុរី​ធូ​លន ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ទៅ​កាន់​ផ្សារ​ទួល​ទំពូង ខណ្ឌចំការមន ក្នុង​តម្លៃ​២៥.០០០​រៀល​ទាំង​ទៅ​ទាំង​មក កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ដោយ​ប្រាប់​ថា ទៅ​រក​ទិញ​គ្រឿងសង្ហារិម​យក​មក​ដាក់​ផ្ទះ ។ លុះ​ពេល​ទៅ​ដល់​ផ្សារ​ទួល​ទំពូង​ស្ត្រី​រូប​នេះ​បាន​បោក​បុរស​អ្នក​រត់​ម៉ូតូឌុប​នោះ​មួយ​ក្បាច់​និយាយ​លែង​ចេញ គឺ​មិន​ត្រឹមតែ​មិន​បាន​លុយ​ថ្លៃ​ម៉ូតូឌុប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បោក​យក​ទូរ​ស័​ព​ដៃ​១​គ្រឿង និង​លុយ​ចំនួន​១០​ដុល្លារ​ថែម​ទៀត បន្ទាប់​មក​គេចខ្លួន​បាត​តែ​ម្ដង ។

ប៉ុន្តែ​អាស្រ័យ​ដោយ​ស្ត្រី​រូប​នេះ​ជើង​ខ្លី រយៈពេល​៣​ថ្ងៃ​ក្រោយមក ក៏​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ប្រទះ​ឃើញ​នៅ​ម្ដុំ​ផ្សារ​ពោធិ៍​ចិន​តុង ទើប​ឃាត់ខ្លួន​និង​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅដើម្បី​ដាក់​ពាក្យបណ្ដឹង​ឲ្យ​ចាត់ការ​តាម​ច្បាប់​។ ប៉ុន្តែ​ដោយសារ​តែ​ហេតុការណ៍​នោះ​កើតឡើង​នៅ​ឯ​ផ្សារ​ទួល​ទំពូង ទើប​នគរបាល​ឲ្យ​នាំ​ស្ត្រី​នោះ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទួល​ទំពូង​វិញ ។

ការ​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា នៅ​ជិត​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ដែល​អស់លក្ខណ៍​នេះ​ឈ្មោះ ថេ​ង សុខ​វ៉​ន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន ស្ត្រី​រូប​នេះ​និយាយ​ថា ការ​ដែល​ជំរុញ​ខ្លួន​ឱ្យ​បោកប្រាស់​នេះ មក​ពី​អត់​លុយ​ព្យាបាល​ជំងឺ​ម្ដាយ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​ពេល​នេះ​នាង​សុខចិត្ត​សង​លុយ​ទៅ​អ្នក​រត់​ម៉ូតូឌុប​វិញ​ខ្លះ ប៉ុន្តែ​គាត់​មិន​ព្រមយក​ឡើយ និង​ដឹង​តែ​ពី​ប្ដឹង​យក​នាង​ទៅ​ដាក់គុក តើ​បាន​នរណា​មើលថែ​ម្ដាយ​ទៅ ?

ចំណែក​បុរស​អ្នក​រត់​ម៉ូតូឌុប​និង​ជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ពេញ សា​រ៉ាត់ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​គោក ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល បាន​បាត់​បង់លុយ​ចំនួន​១០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន​ហ្វា​យ​មួយ​គ្រឿង ។ អ្នក​រត់​ម៉ូតូឌុប​រូប​នេះ​និយាយ​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា  ស្ត្រី​ម្នាក់​នេះ​បាន​ពកូន​ប្រុស​អាយុ​ប្រហែល​៣​ឆ្នាំ​ម្នាក់ ទៅ​ហៅ​គាត់​ឲ្យ​ដឹក​ពី​ក្នុង​បុរី​ធូ​លន ទៅ​កាន់់​ផ្សារ​ទួល​ទំពូង ។ ប៉ុន្តែ​ពេល​ដឹក​ចេញ​ទៅ​មិន​បាន​ទៅ​ផ្សារ​ទួល​ទំពូង​ភ្លាម​ៗ​ទេ គឺ​បាន​ទៅ​កន្លែង​អ៊ុតសក់​នៅ​ក្នុង​ផ្សារ​ព្រៃ​ទា ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​វិញ បន្ទាប់​មក​ទើប​ឲ្យ​ដឹក​ទៅ​កាន់​ផ្សារ​ទួល​ទំពូង ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​២៥.០០០​រៀល​ទាំង​ទៅ​ទាំង​មក ។

ប្រភព​ដដែល​បន្ត​ថា លុះ​ទៅ​ដល់​ផ្សារ​ទួល​ទំពូង ស្ត្រី​ម្នាក់​នេះ​បាន​ឲ្យ​គាត់​ឈប់​ចាំ​នៅ​ខាងក្រៅ ហើយ​គេ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​មួយសន្ទុះ​ទើប​ចេញ​មក​វិញ​បាន​ប្រាប់​ថា ទិញ​អី​វ៉ា​ន់​អស់​លុយ​ហើយ​និង​ខ្វះ​១០​ដុល្លារ​ទៀត ។ បន្ទាប់​មក​បាន​ខ្ចី​លុយ​ពី​គាត់​ចំនួន​១០​ដុល្លារ និង​ខ្ចី​ទូរស័ព្ទ​និយាយ រួច​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

លុះ​មក​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ទើប​ប្រទះ​ឃើញ​និង​បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ប៉ុន្តែ​ដោយសារ​កន្លែង​កើតហេតុ​នៅ​ឯ​ផ្សារ​ទួល​ទំពូង ទើប​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅឲ្យ​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទួល​ទំពូង ខណ្ឌចំការមន​ចាត់ការ​វិញ ប្រៀប​ដូច​អន្ទង់​វែង​ឆ្នាំង​វែង ៕