ទោះបី​មិន​មាន​សង្ឃឹម​ពី​មេឃ​ នៅ​តែ​ប្រឹង​ស្ទូង​ព្រោះ​គ្មាន​ជម្រើស

ទោះបី​មិន​មាន​សង្ឃឹម​ពី​មេឃ​ នៅ​តែ​ប្រឹង​ស្ទូង​ព្រោះ​គ្មាន​ជម្រើស



ខេត្តកំពង់ស្ពឺ ៖ ធ្វើស្រែ​នឹង​ទឹកជា​ពាក្យចាស់​បុរាណ​តែង​និយាយ​តម​ក​ដល់​ឥឡូវ​។ ចុះបើ​គ្មាន​ទឹក​តើ​បាន​អ្វី​ធ្វើស្រែ? ប្រជា​កសិករ​ជា​ច្រើន​គ្រួ​សារបាន​ និង​កំពុង​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត​ទឹក​ធ្វើស្រែ ប៉ុន្តែ​ទោះជា​មិន​មានទឹក​ក៏​ដោយ​ក៏​ពួក​គាត់​ទាំងនោះ​នៅ​តែ​ខិតខំ​ជម្នះ​ធ្វើការ​ដក​ស្ទូង​នៅ​លើគោក​ទាំង​ដីស្រែ​ស្ងួត​ហែង ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នៅ​ភូមិ​សាច់​ត្រី ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បងប្អូន​ប្រជា​កសិករ​បាន​រៀបរាប់​នូវ​ការ​លំបាក​របស់​ខ្លួន​មក​កាន់​អ្នកកាសែត​ថា ទោះបីជា​មិន​មាន​ភ្លៀង​បង្អុរ​ធ្លាក់​មក​គ្រប់គ្រាន់​ក៏​ដោយ ក៏​ប្រជា​កសិករ​ទាំងអស់​នាំ​គ្នា​មក​ស្ទូង​ក្រោម​កំ​ដៅ​ថ្ងៃ​ហែង ព្រោះ​ថាបើ​មិន​ស្ទូង​ទេ​នោះ សំណាប​របស់​ពួក​គាត់​ពិតជា​ក្រៀម​ស្វិត​ស្អុយរលួយ​ចោល​មិន​ខាន ។

ក្រុម​ប្រជា​កសិករ​បាន​បន្ត​ថា នៅ​ក្នុង​ឃុំ​ភា​រី​មាន​ជ័យ មាន​ទ្វារ​ទឹក​(​ទំនប់​ស្ទាក់​ទឹក​)​មួយ​កន្លែង​នៅ​ភូមិ​ទឹកថ្លា តែ​អ្នក​កាន់​ទ្វារ​ទឹក​មិន​ដែល​បើកទឹក​ទម្លាក់​មក​ក្រោម​ដើម្បី​ឱ្យ​ពួក​គាត់​បាន​ជួល​ម៉ា​ស៊ីន​មក​បូម​ដាក់​ស្រែ​នោះ​ទេ បើ​ទោះជា​មានការ​ស្នើ​សុំ​ឱ្យ​បើក​ក៏​ដោយ​។ ក្រុម​ប្រជាពលរដ្ឋ​បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ​ថា មិន​បាន​យកចិត្តទុកដាក់​ដល់​ពួក​គាត់​ដែល​កំពុង​តែ​មានការ​ខ្វះខាត​ទឹក​ក្នុង​ការ​ធ្វើស្រែ​នេះ​ឡើយ ។

មានការ​លើក​ឡើង​ថា គេ​មិន​បើកទ្វារ​ទឹក​ដើម្បី​ឱ្យ​ទឹកធ្លាក់​មក​ក្រោម​ទេ គឺ​គេ​ទុក​បូម​ប្រើ​តែ​ជាមួយ​បក្សពួក​របស់​គេ​តែ​ប៉ុណ្ណោះ ចង់​ខាងក្រោម​អត់​ទឹក​រីង​ខះ​យ៉ាងម៉េច​ក៏​គេ​មិន​ខ្វល់​ដែរ ។ ក្រុម​ប្រជា​កសិករ​លើក​ឡើង​ទៀត​ថា «​ដូច​លោក​ខាង​សារព័ត៌មាន​ឃើញ​ស្រាប់​ហើយ ពួក​ខ្ញុំ​ពេល​នេះ​កំពុង​ស្ទូងស្រូវ​នៅ​លើគោក​ស្ងួត​ហែង បើ​ទោះជា​ដឹង​ថា គ្មាន​សង្ឃឹម​នឹង​ការ​ប្រវាស់​មេឃ​ក៏​នាំ​គ្នា​ធ្វើ​ទាំង​បង្ខំ​ដែរ ពិបាក​ណាស់​ពូ​អើយ​ធ្វើ​ម៉េច បើ​យើង​ធ្វើស្រែ​ប្រវាស់​មេឃ​អ៊ី​ចឹ​ង​» ។

ក្រុម​ប្រជា​កសិករ​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ឃុំ​ស្រុក សូម​ចុះ​មក​ជួយ​បូមទឹក​សង្គ្រោះ​សន្ទូង​ពួក​គាត់​ផង បើ​គ្មាន​ទឹក​ទេ​សន្ទូង​ទាំងនេះ​ប្រាកដជា​នឹង​ក្រៀម​ស្វិត​អស់​ជាក់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ដែរ អ្នក​សារព័ត៌មាន​យើង​បាន​សុំ​ការ​ពន្យល់​ពី​លោក បុ​ិ​ច ឆែម មេឃុំ​ភា​រី​មាន​ជ័យ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មាន​ទ្វារ​ទឹក​ខាងជើង និង​ខាងត្បូង​ហើយ​ក៏​មិន​ដែល​មាន​អ្នក​ណា​មក​ទំនាក់ទំនង​សុំ​បើកទឹក​ឡើយ ។ ទ្វារ​ទឹក​នេះ គឺ​ខាង​ឃុំ​ជា​អ្នកគ្រប់គ្រង​តាម​លោក​ដឹង​គឺ ភូមិ​សាច់​ត្រី​ខាងជើង​ខ្វះ​ទឹក​ខ្លះ​មែន ដោយ​ទឹក​ទៅ​មិន​ដល់ ។ លោក​មេឃុំ​បន្ត​ថា ទឹក​មាន​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប្រើ​ម្តេច​បានជា​មាន​ពាក្យ​ថា​អត់​ទឹក​ធ្វើស្រែ​ទៅ​វិញ? បើ​យើង​បើក​ទម្លាក់​ទៅ​ខាងក្រោម​គេ​ស្រែក​មក​ថា​ទឹក​ច្រើន ។ លោក​មេឃុំ​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង​មិន​សហការ​គ្នា​បើកទ្វារ​ទឹក​ប្រើ​នោះ​ទេ ហើយ​បែរជា​មាន​អ្នក​ខ្លះទៅ​លួច​គាស់​ទំនប់​ទៅ​វិញ ។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក ញ៉ា​ញ់ ជៀប​ហ័​ង ប្រធាន​មន្ទីរ​ធនធាន​ទឹ​បានឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ខាង​មន្ទីរ​កំពុង​តែ​ដាក់​ម៉ា​ស៊ី​ន​បូមទឹក​នៅ​តាម​ស្រុក​មួយ​ចំនួន​ដើម្បី​សង្គ្រោះ​ស្រូវ​របស់​ប្រជា​កសិករ ។

ដោយឡែក​ស្រុក​ប​សេដ្ឋ​ប្រជា​កសិករ​មួយ​ចំនួន​គាត់​បាន​ច្រូតស្រូវ​នៅ​ដើមរដូវ​ខ្លះ​ហើយ ។ លោក​ប្រធាន​មន្ទីរ​បន្ត​ថា ស្រុក​ប​សេដ្ឋ​មានការ​ខ្វះ​ទឹក​តិច​ជាង​បណ្តា​ស្រុក​ផ្សេង​ទៀត​ទូ​ទាំង​ខេត្ត ខាង​មន្ទីរ​បន្ត​យកចិត្តទុកដាក់​បូមទឹក​ឱ្យ​បាន​គ្រប់​ស្រុក​ដើម្បី​ជួយ​សង្គ្រោះ​មិន​ឱ្យ​ប្រជា​កសិករ​ជួប​ប្រទះ​ការ​ខ្វះ​ទឹក​នោះ​ឡើយ​៕