ពលរដ្ឋ​នៅ​កំពង់ចាម​ចោទ​ថា​ការ​ជ្រើសរើស​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម មើល​ឃើញ​ថា នីតិវិធី​ជ្រើសរើស​បេក្ខជន​កិច្ចសន្យា​បម្រើ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្នាក់​ឃុំ​មាន​ភាព​មិន​ប្រក្រតី។ ពួកគេ​ថា បេក្ខជន​ដែល​ថ្នាក់​ឃុំ​ជ្រើសរើស​ជាប់​ដំណាក់កាល​ជម្រុះ​ដំបូង គឺ​ភាគ​ច្រើន​ជា​បក្ខពួក​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ជា​មនុស្ស​ដដែលៗ។ បញ្ហា​នេះ ប្រធាន​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ចាម បញ្ជាក់​ថា ការ​ចម្រុះ​បេក្ខជន​នៅ​ថ្នាក់​ឃុំ​មួយ​ចំនួន ដោយសារតែ​ពួកគេ​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជយោ និយាយ​ថា ការ​ជ្រើសរើស​បេក្ខជន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​មាន​ភាព​យុត្តិធម៌ គឺ​អាច​ធ្វើ​ឲ្យ​បេក្ខជន​ដែល​មាន​បំណង​ធ្វើ​ការងារ​នេះ​បាក់​ទឹក​ចិត្ត។ មិន​តែ​ប៉ុណ្ណោះ គឺ​បង្ហាញ​ពី​​សេចក្ដី​លម្អៀង បក្ខពួក​និយម​ទៀង​ផង។

ពលរដ្ឋ​នៅ​ឃុំ​ជយោ មួយ​រូប ដែល​បាន​តាមដាន​ដំណើរការ​ជ្រើសរើស​បេក្ខជន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី លោក មុំ ផល និយាយ​ថា បេក្ខជន​ដែល​គេ​ជ្រើសរើស​ចេញ​ពី​ថ្នាក់​ឃុំ គឺ​ភាគច្រើន​ជា​មនុស្ស​ដដែលៗ និង​មាន​និន្នាការ​ទៅ​រក​បក្ស​កាន់​អំណាច។ លោក​បន្ត​ថា មាន​បេក្ខជន​មាន​សមត្ថភាព និង​មាន​បទពិសោធន៍​ការងារ​បោះឆ្នោត​ដូច​គ្នា​នេះ ប៉ុន្តែ​ត្រូវ​បាន​គណៈកម្មការ​ជ្រើសរើស​សម្រេច​ចម្រុះ​ចោល​នៅ​ថ្នាក់​ឃុំ​តែម្តង ដោយ​មិន​ទាន់​ឆ្លងកាត់​ការ​ប្រឡង ឬ​ការ​ល្បង​សមត្ថភាព​ទេ៖ «ជ្រើសរើស ទី​មួយ​ដាក់​មក អ្នក​ទាំង​ប៉ុន្មាន​ហ្នឹង​ដាក់​មក ប្រកួត​គ្នា​ទៅ បើ​គាត់​ធ្លាក់​នៅ​កាំ​ណា​មួយៗ គឺ​អស់​ចិត្ត​ហើយ»

​ប្រភព​ដដែល​ឱ្យ​ដឹង​ថា មាន​បេក្ខជន​ធ្លាក់​វគ្គ​ជម្រុះ​មិន​ពេញចិត្ត​ចំពោះ​ការ​ជ្រើសរើស​បែប​នេះ​ឡើយ ពីព្រោះ​មិន​មាន​តម្លាភាព។ លោក​មើល​ឃើញ​ថា ប្រសិនបើ​ការ​ជ្រើសរើស​មនុស្ស​ដដែលៗ ក្រុម​ដដែលៗ ទៅ​ធ្វើ​ការ​ជូន​ពលរដ្ឋ គឺ​អាច​ប៉ះពាល់​សតិអារម្មណ៍​ក្នុង​ការ​បំពេញ​ការងារ​ជូន​ក្រុម​មនុស្ស​មក​ពី​និន្នាការ​បក្ស​នយោបាយ​ផ្សេង​ជា​មិន​ខាន។

ទាក់ទង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ចាម លោក ម៉េង ហួន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ថា នៅ​ថ្នាក់​ស្រុក​មាន​អនុ​គណៈកម្មការ​ជ្រើសរើស​បេក្ខជន ដោយ​ពួកគេ​មើល​ទៅ​លើ​លក្ខខណ្ឌ ព្រមទាំង​ការ​បំពេញ​បែបបទ ឬ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ដាក់​ពាក្យ​ស្នើ​សុំ។

លោក​បន្ត​ថា ប្រសិន​បេក្ខជន​មិន​មាន​លក្ខខណ្ឌ ឬ​ឯកសារ​គ្រប់គ្រាន់ អនុ​គណៈកម្មការ​នេះ​អាច​មាន​សិទ្ធិ​ទម្លាក់​នៅ​វគ្គ​ដំបូង​តែម្ដង។ លោក​បញ្ជាក់​ថា នីតិវិធី​ជ្រើសរើស​បេក្ខជន គឺ​មាន​ភាព​តឹងរ៉ឹង មិន​អាច​ជ្រើសរើស​បក្ខពួក​បាន​ឡើយ ពីព្រោះ​មាន​ការ​ប្រឡង​សរសេរ និង​កុំព្យូទ័រ ហើយ​ការ​សម្រេច​ជ្រើសរើស​នេះ គឺ​ជា​នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)៖ «ជ្រើសរើស​ហ្នឹង​ស្សតលីស (short list) ហ្នឹង ភាសា​ខ្មែរ បាទ! អា​ហ្នឹង​ត្រឹមត្រូវ ព្រោះ​ឯកសារ​វា​ចាញ់។ ដូច​ថា បេក្ខជន​បួន​នាក់ លើ​ឧទាហរណ៍​អីចឹង! ពិនិត្យ​ទៅ​ទាំង​បួន​នាក់​ហ្នឹង គឺ​មាន​ម្នាក់​ដែល​ត្រូវ (ជម្រុះ) ចេញ​ អ៊ីចឹង​គេ​ពិនិត្យ​មើល​លើ​ឯកសារ។ ឧបមា​គាត់​សរសេរ​តិច​ជាង​គេ អត់​មាន​អី អា​ហ្នឹង​គេ​ដក​ចេញ​ហើយ»

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ជ្រើសរើស​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ដែល​ជា​មន្ត្រី​កិច្ចសន្យា​រយៈពេល​ខ្លី ដើម្បី​បម្រើ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​នឹង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ ការ​ចែកចាយ និង​ដាក់​ពាក្យ​ស្នើ​សុំ គឺ​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ហើយ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់​វគ្គ​ដំបូង ឬ​បេក្ខជន​ដែល​ត្រូវ​ប្រឡង និង​ធ្វើ​តេស្ត​នៅ​ថ្ងៃ​ទី​១២ សីហា។ បន្ទាប់​ពី​មាន​ឈ្មោះ​ក្នុង​បញ្ជី​ធ្វើ​តេស្ត ពួកគេ​ត្រូវ​មក​ប្រឡង​នៅ​ថ្ងៃ​ទី​១៥ សីហា តាម​មណ្ឌល​ប្រមូល​ផ្តុំ ក្រុង ឬ ស្រុក។ ចំណែក​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា។ ជា​គោលការណ៍ ឃុំ សង្កាត់ នីមួយៗ ត្រូវ​ជ្រើសរើស​បេក្ខជន រួមមាន​ប្រធាន​ម្នាក់ ការី​កុំព្យូទ័រ​ម្នាក់ ចំណែក​អនុប្រធាន គឺ​ស្មៀនឃុំ​ត្រូវ​ជាប់​ដោយ​ស្វ័យប្រវត្ត ប៉ុន្តែ​បើ​ឃុំ ឬ​សង្កាត់​នោះ​មាន​ពលរដ្ឋ​លើស​ពី ៧​ពាន់​នាក់​ឡើង គេ​អាច​ជ្រើសរើស​ជំនួយការ​អនុ​ប្រធាន​ម្នាក់​ទៀត ឬ​ការី​កុំព្យូទ័រ​បន្ថែម​ជាដើម។

លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត រួមមាន ត្រូវ​មាន​សិទ្ធិ​បោះឆ្នោត។ មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង ហើយ​មាន​សញ្ជាតិ​ខ្មែរ។ មាន​ទីលំនៅ​ក្នុង​ឃុំ សង្កាត់ ស្រុក ខណ្ឌ ឬ រាជធានី ខេត្ត។ លើស​ពី​នេះ មាន​ឆន្ទៈ​បម្រើ​ការងារ​ក្នុង​គោលជំហរ​អព្យាក្រឹត និង​មិន​លម្អៀង ព្រម​ទាំង​ចំណុច​ផ្សេង​ទៀត។ ចំណែក​លក្ខខណ្ឌ​បច្ចេកទេស​វិញ ត្រូវ​ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ​ច្បាស់លាស់។ មាន​ចំណេះ​ដឹង​ប្រហាក់ប្រហែល ទាក់ទង​មុខ​តំណែង ហើយ​យល់​ដឹង និង​ចេះ​ប្រើប្រាស់​កុំព្យូទ័រ ព្រមទាំង​ចេះ​ប្រើប្រាស់​អ៊ីនធឺណិត (Internet) រឹតតែ​ប្រសើរ។ បន្ថែម​ពី​នេះ ត្រូវ​មាន​បទពិសោធន៍​ការងារ​ទាក់ទង​មុខ​តំណែង និង​ត្រូវ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។