David Beckham ដាក់លក់​ផ្ទះ​ប្រណីត​មួយកន្លែង​ខាត​លុយ​អស់​ជាង ៥ លាន​ដុល្លារ​អាមេរិក​

ថ្មីៗនេះ ផ្ទះប្រណីតរបស់អតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញលោក David Beckham និង ប្រពន្ធ នាង Victoria Beckham មួយកន្លែងមានទីតាំងស្ថិតនៅតំបន់ Bargemon ភាគខាងត្បូងនៃទឹកដីប្រទេសបារាំង ក្បែរទីក្រុងឆ្នេរ Cote d’Azur បានប្រកាសដាក់លក់ក្នុងតម្លៃ ៣.១ លានដុល្លារអាមេរិក ដែលតម្លៃប៉ុននេះលោក David Beckham ត្រូវខាតលុយអស់ចំនួន ៥.២ លានដុល្លារអាមេរិក ។

ផ្ទះដ៏ប្រណីតនេះទៀតសោតមានបន្ទប់ដេកចំនួន ៦ បន្ទប់ទឹកចំនួន ៤ បន្ទប់ទទួលភ្ញៀវចំនួន ៣ ហើយថែមទាំងមានអាងហែលទឹក និង ទេសភាពដ៏ត្រកាលថែមទៀតផង ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះមួយកន្លែងរបស់លោក David Beckham នេះបានទិញកាលពីឆ្នាំ ២០០៣ ក្នុងតម្លៃ ១.៩ លានដុល្លារអាមេរិក ប៉ុន្តែក្រោយមកពួកគេបានចំណាយលុយចំនួន ៦.៤ លានដុល្លារបន្ថែមទៀតដើម្បីជួសជុល ។ លោក David Beckham និង ប្រពន្ធ Victoria Beckham បានដាក់លក់ផ្ទះមួយកន្លែងនេះលើតារាងអចលនទ្រព្យក្នុងតម្លៃត្រឹមតែ ៣.១ លានដុល្លារប៉ុណ្ណោះគឺមានន័យថាត្រូវខាតបង់លុយចំនួន ៥.២ លានដុល្លារ ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ហេតុផលដែលលោក David Beckham និងប្រពន្ធនាង Victoria Beckham សម្រេចចិត្តដាក់លក់ផ្ទះដ៏ប្រណីតមួយកន្លែងនេះគឺដោយសារគ្រួសាររបស់ពួកគេមិនដែលបានទៅសម្រាកនៅក្នុងផ្ទះនេះឡើយ គឺពួកគេស្នាក់នៅតែសហរដ្ឋអាមេរិក និង ប្រទេសអង់គ្លេសតែប៉ុណ្ណោះ ៕

ប្រភព. DaillyMail.សម្រួលអត្ថបទ. យុទ្ធ