លោក ហ៊ុន សែន រំឭក​អំពី​បម្រាម​​​​​ជួល​ដី​តាម​ព្រំដែន​ឱ្យ​ប្រទេស​ជិត​ខាង

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ក្រើន​រំលឹក​អំពី​បម្រាម​ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួល​ដី​នៅ​តាម​ព្រំដែន​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង ដែល​រួម​មាន​ប្រទេស​វៀតណាម ថៃ និង​ឡាវ។ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា ត្រឹមតែ​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ជួល​ដី​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង​តែមួយ​មុខ​មិន​គ្រប់គ្រាន់​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​តែ​អភិវឌ្ឍ​តំបន់​ទាំង​នោះ​ឱ្យ​រី​ចម្រើន ទើប​អាច​ដោះស្រាយ​បញ្ហា​បាន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​អាជ្ញាធរ​គ្រប់​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ថា “ហាម​ដាច់ខាត​ការ​ជួល​ដី​ឱ្យ​ប្រជាជន​វៀតណាម”។ លោក ហ៊ុន សែន ប្រកាស​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា នៅ​ខេត្ត​តាកែវ ហើយ​ត្រូវ​បាន​លោក​សរសេរ​រៀបរាប់​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​បាន​ក្រើន​រំលឹក​មន្ត្រី​របស់​ខ្លួន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ផ្ដល់​សេវា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​ឱ្យ​បាន​ឆាប់រហ័ស សមស្រប និង​មាន​ប្រសិទ្ធភាព។ លោក​សង្កត់​ធ្ងន់​ថា មន្ត្រី​ត្រូវ​គិត​ថា ខ្លួន​ជា​អ្នក​បម្រើ​ពលរដ្ឋ និង​ត្រូវ​ខិតខំ​លុប​បំបាត់​ឱ្យ​អស់​នូវ​ភាព​អសកម្ម​នានា។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់​ឃើញ​ថា ទន្ទឹម​នឹង​សេចក្ដី​អំពាវនាវ​នេះ រដ្ឋាភិបាល​គួរតែ​ប្រឹងប្រែង​អភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យ​មាន​ការ​រីក​ចម្រើន។ លោក​ថា ការ​ជួល​ដី​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង​នេះ ដោយសារ​ប្រជាជន​នៅ​តំបន់​ជាប់​ព្រំដែន​មាន​ជីវភាព​ក្រីក្រ ដូច្នេះ​ទើប​បង្ខំចិត្ត​ជួល​ដី​ឱ្យ​ទៅ​គេ និង​ខ្លះ​ទៀត​ធ្វើ​ចំណាកស្រុក៖ «»។

អ្នក​ស្រាវជ្រាវ​រូប​នេះ បន្ថែម​ទៀត​ថា ករណី​មួយ​ចំនួន​អាច​មក​ពី​មន្ត្រី​មាន​អំណាច​ខ្លះ​មាន​ដី​ច្រើន​ហិកតារ​នៅ​តំបន់​ព្រំដែន ហើយ​ជួល​ដី​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង។ ហេតុ​ដូច​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​ករណី​នេះ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​លក់ ឬ ជួល​ដីស្រែ ដីចម្ការ ឬ ដី​លំនៅឋាន នៅ​តាម​ព្រំដែន​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង ទោះបីជា​ក្នុង​រូបភាព​ណា​ក៏ដោយ។ វិធានការ​នេះ​ត្រូវ​បាន​ដាក់​ចេញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ជួល​ដីស្រែ​ដីចម្ការ ឬ​ដី​លំនៅឋាន​របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន ឱ្យ​ទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង​ដូចជា វៀតណាម ឡាវ និង​ថៃ ដើម្បី​បង្កបង្កើនផល ដាំ​ដុះ​ដំណាំ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។

ទោះបីជា​យ៉ាង​ណា ករណី​ជួល​ដី​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង​នៅ​បន្ត​កើតមាន​ដដែល ជាពិសេស​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម។ ជា​ឧទាហរណ៍ ពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អះអាង​ថា ជនជាតិ​វៀតណាម បន្ត​ចូល​មក​ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម​កាន់​តែ​ច្រើន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់។ ប្រជាពលរដ្ឋ​នោះ​អះអាង​ថា ជនជាតិ​វៀតណាម មិន​បាន​ជួល​ដី​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​បាន​ជួល​ខ្មែរ​ឱ្យ​ធ្វើ​ជា​តំណាង​ដើម្បី​លាក់បាំង​ការពិត ដែល​បញ្ហា​នេះ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។