អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​និង​ខេត្ត​សៀមរាប​ព្រមព្រៀង​ចំណុច​ខ្លះ​នៃ​ការ​គ្រប់គ្រង​ផែនទី​រដ្ឋបាល

បច្ចុប្បន្ន ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​តាម​ព្រំប្រទល់​រវាង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​តំបន់​ដែល​ពួក​គេ​កំពុង​រស់នៅ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ខេត្ត​ណា​ឲ្យ​ប្រាកដ?

ភាព​ចន្លោះ​ប្រហោង​នៃ​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​នេះ បាន​កើត​មាន​ឡើង​ចាប់​តាំង​ពី​ពេល​ដែល​ក្រសួង​មហាផ្ទៃ បាន​រៀបចំ​ផែនទី​កាត់​ទឹក​ដី​ខ្លះ​ពី​ខេត្ត​សៀមរាប ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ខេត្ត​ឧត្តរមានជ័យ។

អភិបាល​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ បាន​ព្រមព្រៀង និង​យោគយល់​គ្នា​លើ​ចំណុច​មួយ​ចំនួន ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ឧត្តរមានជ័យ ប្រសិន​បើ​មាន​ដី​ស្រែ​ចម្ការ​ឆ្លង​ចូល​ព្រំដែន​ខេត្ត​សៀមរាប ក៏ដោយ គឺ​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពួក​គាត់។

ការ​ព្រមព្រៀង​គ្នា​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​កំណត់​ផែនទី​ផ្នែក​រដ្ឋបាល ដោយ​កាត់​ព្រំប្រទល់​ពី​ខេត្ត​សៀមរាប ខ្លះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខេត្ត​ឧត្តរមានជ័យ ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ព្រំប្រទល់​រដ្ឋបាល​នៃ​ការ​គ្រប់គ្រង​នៅ​ឡើយ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស ថាវី។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ថា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​ទៅ រូប​លោក និង​អភិបាល​ខេត្ត​សៀមរាប បាន​ជួប​ប្រជុំ​គ្នា​នៅ​តំបន់​ព្រំប្រទល់​ស្រុក​វ៉ារិន ខេត្ត​សៀមរាប និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ការ​ជួប​ប្រជុំ​នោះ គឺ​បាន​ពិភាក្សា​អំពី​ភាព​ចន្លោះ​ប្រហោង​ផ្នែក​រដ្ឋបាល​គ្រប់គ្រង ដោយ​មិន​បាន​ធ្វើ​ទៅ​តាម​ផែនទី​កំណត់​ឲ្យ​បាន​ច្បាស់។ លោក ស ថាវី បញ្ជាក់​ថា បើ​ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ បាន​គូរ​ផែនទី​កំណត់​ដែន​គ្រប់គ្រង​រដ្ឋបាល​រវាង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប ជា​យូរ​មក​ហើយ​ក្តី ក៏​បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​នៅ​មិន​ទាន់​យល់​ដឹង​ពី​ព្រំប្រទល់​ដី​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ខេត្ត​សៀមរាប ចូល​ទៅ​កាន់​កាប់​ដី​ស្រែ​ចម្ការ​ក្នុង​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ រួច​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ ជាដើម៖ «ចំណុច​នេះ​កាល​ពី​ក្រុម​យុវ​និស្សិត​ចុះ​ទៅ​វាស់វែង​ដី​ហ្នឹង បាន​ធ្វើ​ប្លង់ គឺ​មាន​ធ្វើ​ប្លង់​ជាន់​គ្នា។ អ៊ីចឹង​ជៀសវាង​ការ​គ្រប់គ្រង​ឲ្យ​មាន​តុល្យភាព»

អាជ្ញាធរ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ បាន​ព្រមព្រៀង​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រសិន​បើ​ប្រជាពលរដ្ឋ​ពី​ស្រុក​វ៉ារិន ខេត្ត​សៀមរាប ចូល​ទៅ​កាន់​កាប់​ដីធ្លី​នៅ​ក្នុង​ទឹក​ដី​នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​សូម​ឲ្យ​អាជ្ញាធរ​ស្រុក​អន្លង់វែង ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់ ហើយ​បើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ចូល​ទៅ​កាន់​កាប់​ដី​នៅ​ស្រុក​វ៉ារិន របស់​ខេត្ត​សៀមរាប ក៏​សូម​ឲ្យ​អាជ្ញាធរ​ទទួល​ស្គាល់​ដូច​គ្នា។

អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ មាន​ប្រសាសន៍​ថា នៅ​តំបន់​ជាប់​ព្រំប្រទល់​គ្នា​រវាង​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ខ្លះ គឺ​នៅ​មាន​បញ្ហា​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​មិន​ទាន់​ច្បាស់លាស់​មែន។ លោក លី សំរិទ្ធ បញ្ជាក់​ថា ដោយសារ​តែ​មាន​បញ្ហា​លើ​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​លើ​ចំណុច​ខ្លះ​នោះ ទើប​អាជ្ញាធរ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ចាំបាច់​ខ្លះៗ ព្រម​ទាំង​ចង់​ដឹង​មតិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​ពួក​គាត់​ចង់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ខេត្ត​ណា​មួយ​ផង?«សាកសួរ​ប្រជាពលរដ្ឋ​ប្រហែល​ជា​ធ្វើ​វេទិកា​សាធារណៈ​ហើយ ដូចជា​ការ​គ្រប់គ្រង​នៅ​ក្រោម​ខេត្ត​សៀមរាប ក៏ប៉ុន្តែ​ភូមិសាស្ត្រ​ផែនទី គឺ​ជា​ទឹក​ដី​របស់​ខេត្ត​ឧត្តរមានជ័យ តើ​គាត់​ចង់​នៅ​ក្រោម​ខេត្ត​ណា​ពិត​ប្រាកដ

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា បច្ចុប្បន្ន ព្រំប្រទល់​របស់​ខេត្ត​នេះ​ចំនួន ៣​ស្រុក បាន​គ្រប់គ្រង​ភូមិសាស្ត្រ​ជាន់​គ្នា​ជាមួយ​នឹង​ខេត្ត​សៀមរាប ដូចជា​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ជាមួយ​នឹង​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាមួយ​នឹង​ស្រុក​វ៉ារិន ខេត្ត​សៀមរាប ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ត្រួត​តំបន់​គ្រប់គ្រង​គ្នា​ជាមួយ​នឹង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។