អាជ្ញាធរ​ខេត្ត​រតនគិរី​មិន​ឲ្យ​វៀតណាម​សង់​ខ្លោងទ្វារ​នៅ​មុខ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ

អាជ្ញាធរ​ខេត្ត​រតនគិរី អះអាង​ថា វៀតណាម បាន​ស្នើសុំ​សង់​ខ្លោងទ្វារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ជាប់​នឹង​ច្រក​ទ្វារ​ព្រំដែន​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​ឯកភាព​ឲ្យ​សាងសង់​នៅ​ឡើយ។ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បញ្ជាក់​ថា ខ្សែ​បន្ទាត់​ខណ្ឌ​ព្រំដែន​នៅ​ចំណុច​នោះ មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ។

អាជ្ញាធរ​ខេត្ត​រតនគិរី នឹង​បញ្ជូន​របាយការណ៍​វៀតណាម ស្នើសុំ​សង់​ខ្លោងទ្វារ​ប៉ុស្តិ៍​អន្តរជាតិ​របស់​ភាគី​វៀតណាម ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ បន្ទាប់​ពី​ភាគី​វៀតណាម បាន​ធ្វើ​លិខិត​ផ្លូវ​ការ​ស្នើសុំ​មក​អាជ្ញាធរ​ខេត្ត។

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ថា អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម បាន​ដាក់​លិខិត​ស្នើសុំ​សង់​ប៉ុស្តិ៍​នេះ​មក​អាជ្ញាធរ​ខេត្ត ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា។ លោក​ថា វៀតណាម សំអាង​ថា​កន្លែង​សង់​ខ្លោងទ្វារ​ប៉ុស្តិ៍​ព្រំដែន​ឋិត​ក្នុង​ដី​វៀតណាម ក៏ប៉ុន្តែ​តាម​កិច្ច​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កំណត់​ថា តំបន់​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​នោះ បង្គោល​ខណ្ឌ​សីមា​ត្រូវ​រក្សា​ស្ថានភាព​ដដែល មិន​អនុញ្ញាត​ឲ្យ​សាងសង់ ឬ​ធ្វើ​អ្វី​បាន​ឡើយ៖ «រឿង​ព្រំដែន​យើង​បោះ តែ​បង្គោល​សីមា​យើង​អត់​ទាន់​គិតគូរ​គ្នា។ ក្នុង​កិច្ចការ​បច្ចេកទេស​រឿង​បោះ​ព្រំដែន​វា​អ៊ីចឹង​ហើយ បាន​ជា​មាន​ការ​ជំទាស់​ពី​ខាង​យើង។ ធម្មតា​ការ​បោះ​បង្គោល​ព្រំដែន ហើយ​វា​នៅ​បង្គោល​សីមា​មួយ​ទៀត​ចន្លោះ​មួយៗ ខាង​ណា​ខាង​គេ ខាង​ណា​ខាង​យើង។ ដោយសារ​មិន​ទាន់​ច្បាស់លាស់ បាន​យើង​ទាមទារ​គេ​មិន​ឲ្យ​សាងសង់»

បង្គោល​ព្រំដែន​លេខ​៣០ នៅ​ចំណុច​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នោះ ភាគី​ប្រទេស​ទាំង​ពីរ​ឯកភាព​បោះ​ផ្លូវ​ការ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥។ ដោយឡែក​ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៣០ ទៅ​ទល់​នឹង​បង្គោល​ព្រំដែន​លេខ​៣៩ ចាប់​ពី​ច្រក​ទ្វារ​ព្រំដែន​ស្រុក​អូរយ៉ាដាវ ទៅ​ទល់​នឹង​ខេត្ត​មណ្ឌលគិរី ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​កំណត់​ខ្សែ​បន្ទាត់​ខណ្ឌ​សីមា​នៅ​ឡើយ។

តម្រួត​ព្រំដែន​ខេត្ត​រតនគិរី សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា កាល​ពី​ពីរ​សប្ដាហ៍​មុន ភាគី​វៀតណាម បាន​ដឹក​គ្រឿង​សម្ភារៈ និង​ឈូស​ឆាយ​ទីតាំង​ដើម្បី​សង់​ខ្លោងទ្វារ​នោះ ក៏ប៉ុន្តែ​សមត្ថកិច្ច​នៅ​តំបន់​នោះ​ហាមឃាត់​មិន​ឲ្យ​សង់។

ទាក់ទិន​សំណើ​សុំ​សង់​ខ្លោងទ្វារ​របស់​ភាគី​វៀតណាម នេះ ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី នៅ​ឡើយ។ លើស​ពី​នេះ លោក​ថា វៀតណាម មិន​អាច​សង់​ខ្លោងទ្វារ​នោះ​បាន​ទេ ប្រសិន​តំបន់​នោះ​មិន​ទាន់​ឯកភាព​គ្នា​វាស់វែង​បោះ​បង្គោល​ព្រំដែន​ផ្លូវ​ការ​រវាង​ប្រទេស​ទាំង​ពីរ៖ «ខ្ញុំ​មិន​ទាន់​បាន​ទទួល​ទេ ព្រោះ​យើង​បាន​កំណត់​ដោយ​ការ​ឯកភាព​គ្នា។ ទាល់​តែ​បាន​ទទួល​សិន បាន​ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​កើត។ តំបន់​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ទេ គាត់​ក៏​ដឹង​ដែរ តែ​គាត់​ចូល​ចិត្ត​តែ​រំលោភ»

កាល​ពី​ចុង​ខែ​កក្កដា ទាហាន​វៀតណាម បាន​រំលោភ​សង់​ប៉ុស្តិ៍​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ស​ហាមឃាត់ ចំណុច​អូរ​កុមារ ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។ ចំណែក​រាជ​រដ្ឋាភិបាល ក៏​បាន​ផ្ញើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម ភ្លាមៗ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី ផ្តល់​របាយការណ៍​វៀតណាម រំលោភ​សង់​ប៉ុស្តិ៍​នេះ។ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ភាគី​វៀតណាម មិន​ទាន់​ឆ្លើយ​តប​កំណត់​ទូត​របស់​ភាគី​កម្ពុជា យ៉ាង​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ​អះអាង​ថា វៀតណាម នៅ​តែ​បន្ត​សង់​ប៉ុស្តិ៍ បើ​ទោះ​បី​តម្រួត​ព្រំដែន​ស្នើសុំ​ឲ្យ​វៀតណាម គោរព​កិច្ច​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។