ឧ​ទ្យា​នុ​រក្ស​ភ្នំ​គូ​លេន​ប្តឹង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ថា​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និពន្ធដោយ : អ៊ីសា រ៉ហានី       August-17-2016, 7:55 pm         312

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឧ​ទ្យា​នុ​រក្ស​ភ្នំ​គូ​លេន​ប្តឹង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ថា​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើសៀមរាប៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ភ្នំ​គូ​លេន បានសម្រេច​សរសេរ​ពា​ក្យ​បណ្តឹង​របស់ខ្លួន​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​អនុប្រធាន​មន្ទីរ​បរិស្ថាន និង​នាយករង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម-ភ្នំ​គូ​លេន ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​លើ​បទល្មើស​ព្រៃឈើ។ យ៉ាងណាមិញ បណ្តឹង​នេះ​អាចជា​ជម្លោះ​ដណ្តើម​ដំណែង​គ្នា របស់​ថ្នាក់​គ្រប់គ្រង​មន្ទីរ​បរិស្ថាន។

ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​ចំនួន៩រូប បានសម្រេច​ផ្តិតមេដៃ​ប្តឹង​អនុប្រធាន​មន្ទីរ​បរិស្ថាន​មួយរូប គឺ​លោក ស៊ីម ឈី​វ​ឈាន​ពិសិដ្ឋ និង​ឈ្មោះ សួស្តិ៍ សាខា​ន់ មាន​តួនាទី​ជា​នាយករង​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន។ ក្នុង​ពាក្យបណ្តឹង​នោះ បាន​រៀបរាប់​ពី​ដំណើរ​ដើមទង អំពី​វត្តមាន​លោក  ពិសិដ្ឋ ដែល​ត្រូវ​ប្រធាន​មន្ទីរ​ចាត់តាំង​ក្នុង​បេសកកម្ម​រក​ជនល្មើស ដែល​កាប់​ដើមឈើ៦ដើម​នៅលើ​ភ្នំ​គូ​លេន។

ពាក្យបណ្តឹង ដែលមាន​ស្នាម​មេដៃ​ប្រធាន និង​ឧ​ទ្យា​នុ​រក្ស​ទាំង៩រូប បានសរសេរថា លោក វ៉ា​ញ់ វិញ ជា​ឧ​ទ្យា​នុ​រក្ស និង​ជា​អ្នកប្តឹង​មួយរូប​ដែរនោះ ធ្លាប់​ត្រូវបាន​គេ​ទាក់ទង ដើម្បី​សុំ​អារឈើ តែ​មិន​ហ៊ាន​សម្រេច ក៏​ប្រាប់​ដំណឹង​នេះ​ទៅ​នាយករង លោក សួស្តិ៍ សាខា​ន់។ ចុងក្រោយ លោក សួស្តិ៍ សាខា​ន់ ប្រាប់​វិញ​ថា ខ្លួន​បាន​អនុញ្ញាតិ​ឲ្យ​ឈ្មោះ សោម ស៊ា​ត អ្នកភូមិ​អន្លង់​ធំ និង​ឈ្មោះ កូវ ជា​អ្នកភូមិ​ថ្ម​ជ្រួញ អារឈើ ក្នុង​ការរក្សា​សម្ងាត់។ ចុងក្រោយ​ដើមឈើ​ទាំង៦ដើម ត្រូវបាន​អារ ហើយ​ដឹក​ចេញ និង​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ទើប​ធ្វើ​ឲ្យ​មាន​ការបើក​ការស៊ើបអង្កេត​រក​ជន​ល្មើស។

ពាក្យបណ្តឹង​ដដែល ដែល​សារព័ត៌មានថ្មីៗទទួលបាន បាន​សរសេរ​ទៀតថា អនុប្រធាន​មន្ទីរ​បរិស្ថាន លោក ពិសិដ្ឋ កាលពី​ថ្ងៃទី១ សីហា ឆ្នាំ២០១៦ ក៏បាន​អនុញ្ញាត​ឲ្យ​ឈ្មោះ សោម ស៊ា​ត និង​ឈ្មោះ កូវ អារ​គល់​គគីរ​មួយ​ដើម​ដែរ ដែលមាន​ទីតាំង​នៅមុខ​ផ្ទះ​មេឃុំ​ភូមិ​ថ្មី ដើម្បី​ចែក​ប្រយោជន៍​គ្នា។ ក្រោយមក គឺ​នៅ​ថ្ងៃទី៣ អនុប្រធាន​មន្ទីរ​បរិស្ថាន ក៏​បញ្ជា​ឲ្យ​ប្រធាន​ឧ​ទ្យា​នុ​រក្ស លោក សឿន វិបុល ទៅរក​រណា​យន្ត២គ្រឿង ដើម្បី​ទុក​អារឈើ​ងាប់​សងខាង​ផ្លូវ ក្នុង​បំណង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ភ្ញៀវទេសចរ ។ តែ​ឈ្មោះ វិបុល រក​មិនបាន​រណា​នោះទេ។

ត្រង់ចំណុច​នេះ​លោក សឿន វិបុល ទទួលស្គាល់ថា លោក​ពិតជា​រក​រណាម​ក​អារឈើ​មិនបាន​មែន។ រីឯ​ចំណុច​ផ្សេងទៀត ក្នុង​ពាក្យបណ្តឹង​នោះ លោក សឿន វិបុល មិន​ទទួលស្គាល់​ឡើយ។
បើតាម​លោក វិបុល ពាក្យបណ្តឹង​នោះ មាន​គេ(មន្ត្រី​បរិស្ថាន​ម្នាក់ ដែល​លោក វិបុល សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ) រៀបចំ​ទុក ហើយ​ក្រុម​របស់លោក​គ្រាន់តែ​ផ្តិតមេដៃ​តែប៉ុណ្ណោះ។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក វិបុល ចាត់ទុក​ករណីនេះ ថា​ជា​ជម្លោះផ្ទៃក្នុង ហើយ​បានចាត់ទុក​ករណីនេះ ថា​គ្រាន់​ជា​ឧបករណ៍​នៃ​ជម្លោះ​របស់​ថ្នាក់លើ ហើយ​ពួកគេ គឺជា​ជនរងគ្រោះ​ក្នុង​រឿងនេះ​តែប៉ុណ្ណោះ។

ប្រភពពី​មន្ត្រី​បរិស្ថាន​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កាលពីពេលថ្មីៗនេះ នាយក​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន ទើបនឹង​ចូលនិវត្តន៍ ហើយ​ដំណែង​នេះ​នៅ​ទំនេរ។ នាយករង២នាក់ ដែល​ប្រភព​អះអាងថា កំពុង​ប្រជែង​ដំណែង​គ្នា​នោះ មាន​ទីមួយ​ឈ្មោះ ស៊ុត សុភា និង​ទី​ពីរ ឈ្មោះ សួស្តិ៍ សាខា​ន់។

ប្រភព​ដដែល​បន្ថែមថា ថ្នាក់ដឹកនាំ​របស់ខ្លួន ប្រជែង​គ្នា និង​ធ្វើការ​ដោយ​មិន​តាម​តួនាទី​របស់ខ្លួន​នោះទេ។ ការណ៍​នេះ ធ្វើ​មន្ត្រី​ថ្នាក់ក្រោម​ដែលជា​កូនចៅ មិនដឹង​គោរព​អ្នកណា​ឲ្យ​ប្រាកដ​ឡើយ។ ប្រភព​ខាងដើម​បានបញ្ជាក់​ទៀតថា មន្ត្រី​បរិស្ថាន​ថ្នាក់លើ​មួយចំនួន ពិតជា​បាន​ចូល​ដៃ​គ្នា​ជាមួយ​ឈ្មួញ​កាប់​ឈើ ហើយ​អ្នករងគ្រោះ គឺជា​ឧ​ទ្យា​នុ​រក្ស ដែលមាន​តួនាទី​គ្រប់គ្រង​នៅ​ទីនោះ។ «អ្នកណា​ដែល​ដើរ​តាម​គាត់ ចុះ​ធ្វើ​នេះ​ធ្វើ​នោះ មាន​លុយកាក់ អែបអប ត្រូវ​រហូត​ទៅ ចំណែក​ដូច​ខ្ញុំ ចាំតែ​ខុស...»។ នេះ​បើតាម​សំដី​ប្រភព មុននឹង​និយាយថា លោក ភួង លី​ណា ក៏មាន​ដាក់​ខែ​ពី​ឈ្មួញ​ឈើ​ជាប្រចាំ​ផងដែរ។

ជុំវិញ​រឿងរ៉ាវ​នេះ លោក ភួង លី​ណា បាន​ប្រាប់​សារព័ត៌មានថ្មីៗថា លោក​បានទទួល​ពាក្យបណ្តឹង​ខាងលើ​នោះ​ហើយ តែ​លោក​ត្រូវការ​ការស្រាវជ្រាវ ដើម្បី​អាច​បកស្រាយ​បាន។ លោក​បន្ថែមថា លោក​នឹង​ចាប់ផ្តើម​ចុះ​ស្រាវជ្រាវ​ចាប់ពី​ថ្ងៃស្អែក​តទៅ ក្រោយ​លោក​ត្រឡប់​ពី​បេសកកម្ម​ទៅ​ក្រៅប្រទេស​រួចមក។

តាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរ​បរិស្ថាន រឿងរ៉ាវ​ខាងដើម កើតឡើង​បន្ទាប់ពី​ក្រសួងបរិស្ថាន បានបញ្ចប់​តួនាទី​នាយករង​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​ម្នាក់ ឈ្មោះ លោក ស៊ុត សុភា។ «អ្នក​ដែល​ប្តឹង​ក្នុង​រឿងនេះ ខ្លះ​សុំ​ដក​វិញ​ហើយ ព្រោះ​គាត់​ថា គាត់​ចេះតែផ្តិតៗទៅ អត់​បាន​មើល​ខ្លឹមសារ​ផង»។ នេះ​ជា​សំដី​របស់លោក ភួង លី​ណា។ ទាក់ទង​នឹង​ការចោទប្រកាន់ថា​លោក​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅលើ​ភ្នំ​គូ​លេន​នោះ លោក ភួង លី​ណា បាន​សើច មុននឹង​និយាយថា លោក​មិនអាច​ហាម​មហាជន​និយាយ ឫ​ចោទប្រកាន់​លោក​ទេ តែ​សំខាន់​លោក​ខ្លួនឯង​ពាក់ព័ន្ធ​ពិតមែន​ឫ​អត់ ហើយ​អ្នក​និយាយ​នោះ មាន​ភស្តុតាង ដើម្បី​ដាក់បន្ទុក​លោក​ដែរ​ឫ​ទេ។

គួររម្លឹកថា បទល្មើស​ព្រៃឈើ បានក្លាយ​ជា​រឿង​ចង្អុល​គ្នា​ទៅវិញទៅមក រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ចង្អុល​ថា អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន​ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ ចំណែក​ខាង​មន្ត្រី​វិញ​ចង្អុល​ថា ប្រជាពលរដ្ឋ ហើយ​បាន​កាប់ឆ្ការ​ទន្ទ្រាន​យក​ដី​ធ្វើ​ចំការ។

កាលពី​ឆ្នាំ២០១២ ស្ថាប័ន​អន្តរជាតិ​មួយ​បាន​ផ្សាយ​របាយការណ៍​តួលេខ​ព្រៃឈើ​នៅលើ​ភ្នំ​គូ​លេន។ តួលេខ​នៅពេល​នោះបាន​បង្ហាញថា ព្រៃឈើ​នៅសល់​ត្រឹម២០ភាគរយ​តែប៉ុណ្ណោះ។ បទល្មើស​នៅលើ​ភ្នំ​គូ​លេន បានកើត​ឡើងជា​ហូរហែ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ព្រៃ​នៅលើ​ភ្នំ​នេះ ក្លាយជា​វាយ​ដី​ធម្មតា​ទៅហើយ និង​ពុំមាន​តួលេខ​បញ្ជាក់​នោះដែរ។

រដ្ឋាភិបាល​សម្រេច​ដក​សិទ្ធិ​គ្រប់គ្រង​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​ឲ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​គូ​លេន។ តាំងពី​ឆ្នាំ២០១៥ រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​អភិវឌ្ឍន៍​តំបន់​នេះ​បាន​នៅឡើយ។ មន្ត្រី​នៃ​ក្រសួងបរិស្ថាន​ធ្លាប់បាន​និយាយថា ការអភិវឌ្ឍ​នៅលើ​ភ្នំ​គូ​លេន គឺ​ត្រូវការ​ប្រើពេល​យូរ ព្រោះ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន មានការ​ផ្ទេរ​ប្រជាពលរដ្ឋ​ចុះ​ពីលើ​ភ្នំ​នោះ​ជាដើម។ល៕