លោកស្រី ថាក់ ឡា​នី សុំ​ឲ្យ​តុលាការ​បង្អង់​ការអនុវត្ត​ច្បាប់ តែ​តុលា​ការមិន​ព្រម​ និពន្ធដោយ : ម៉ៅ សុផា       August-17-2016, 10:39 pm         150

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី ថាក់ ឡា​នី សុំ​ឲ្យ​តុលាការ​បង្អង់​ការអនុវត្ត​ច្បាប់ តែ​តុលា​ការមិន​ព្រម​​ភ្នំពេញ​៖ នៅ​ថ្ងៃ​ពុធ​នេះ លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ចូល​តុលាការ​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​ជា​លើក​ទី​២​។ ប៉ុន្តែ លោក សំ សុ​គង់ មេធាវី​របស់លោក​ស្រី នៅតែ​ចូលទៅ​កាន់​តុលាការ ដើម្បី​ការពារ​កូន​របស់ខ្លួន តាមផ្លូវ​ច្បាប់​។

​ក្រោយ​ចាក​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សំ សុ​គង់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​បានដាក់​លិខិត​អញ្ញត្រកម្ម ទៅកាន់​ព្រះរាជអាជ្ញា ដើម្បី​សុំ​ឲ្យ​អ​ង្អ​ង់​ការអនុវត្ត​នីតិវិធី​លើ​លោកស្រី ថាក់ ឡា​នី​។ លោក បញ្ជាក់ថា តុលាការ បានសម្រេច​ទទួលយក​សំណើ​របស់ខ្លួន ទៅពិនិត្យ​និង​ពិចារណា ហើយ​។

​លោក សំ សុ​គង់ ពន្យល់ថា មូលហេតុ ដែល​លោក ស្នើ​ឲ្យ​ព្រះរាជអាជ្ញា អង្អាក់​ការអនុវត្ត​នីតិវិធី លើ​លោកស្រី ថាក់ ឡា​នី ព្រោះ​លោកស្រី ជា​សមាជិកា​ព្រឹទ្ធសភា ដែល​កំពុងមាន​អភ័យឯកសិទ្ធិ​ជាប់​នឹង​ខ្លួន​។ លោក​មេធាវី​រូបនេះ បន្ថែមទៀតថា លុះត្រា​លោកស្រី ថាក់ ឡា​នី ត្រូវបាន​ព្រឹទ្ធសភា ដក​អភ័យឯកសិទ្ធិ​ជាមុនសិន ទើប​តុលាការ អាច​ចាត់ការ​លើ​លោកស្រី​បាន​។

​បន្ទាប់ពី​ទទួល​លិខិត​សុំ​អញ្ញត្រកម្ម ទៅពិនិត្យ​រួចហើយ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ព្រះរាជអាជ្ញារង ដែល​កាន់​សំណុំ​រឿងនេះ បាន​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​ភ្លាមៗ​ថា លោក នៅតែ​បន្ត​ចំណាត់ការ​លើ​ការស៊ើបអង្កេត​ដដែល ដោយ​មិន​ព្រម​ធ្វើតាម​សំណើ​របស់​មេធាវី​នោះទេ​។ អ្នកនាំពាក្យ​រូបនេះ បាន​លើក​ហេតុផល​ថា ការមិន​ព្រម​ធ្វើតាម​សំណើ​ខាងលើ ដោ​សារ​តែ​ពាក្យសុំ​អញ្ញត្រកម្ម​ស្តីពី​ការ​បង្អង់​នីតិវិធី​របស់លោក​មេធា​វី មិនមាន​មូលដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​។​

​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ធ្លាប់​អះអាង​កន្លងមក​ថា លោក​បានទទួល​សិទ្ធិ​ក្នុងនាម​ជា​មេធាវី ដើម្បី​ប្តឹង អ្នកស្រី ថាក់ ឡា​នី  ដែល​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ តែ​មេធាវី​រូបនេះ មិន​បញ្ជាក់​ពីបទ​ចោទប្រកាន់​អ្វី​ឲ្យ​ច្បាស់​លើ អ្នកស្រី ថាក់ ឡា​នី ព្រោះ​លោក​ទុក​ឲ្យ​តុលាការ​ជា​អ្នកចោទ​ប្រកាន់​។

​ក្រៅពី​ប្ដឹង​អ្នកស្រី ថាក់ ឡា​នី លោក គី តិច ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ដែរ​។ លោក គី តិច ចាត់ទុក​ពាក្យសម្ដី​របស់​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី ថា ជាការ​រៀបចំ​គម្រោង​ទុកជាមុន ដើម្បី​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ សម្តេច ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡា​នី តែ​ម្នាក់ ១០០ រៀល​តែប៉ុណ្ណោះ ព្រោះ​សម្តេច​មិន​ចង់បាន​ប្រាក់​អ្វី​នោះឡើយ​។ តែ​សម្តេច​ចង់​បានតែ​ការបញ្ជាក់​ពី​ភាព​ស្អាតស្អំ​សម្រាប់​លោក ។ នេះ​ជាការ​បញ្ជាក់​របស់លោក គី តិច មេធាវី ការពារ​ក្តី​សម្តេច ហ៊ុន សែន​៕