លោក បាន គី​មូ​ន​៖ អ្នក​ជំនួស​តំណែង​ខ្ញុំ គួរតែ​ជា​ស្ត្រី និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-17-2016, 9:39 pm         656

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក បាន គី​មូ​ន​៖ អ្នក​ជំនួស​តំណែង​ខ្ញុំ គួរតែ​ជា​ស្ត្រី​ស្រប​ពេលដែល​ដំណើការ​ជ្រើសរើស​បេក្ខជន​អគ្គលេខាធិការ​ថ្មី​អង្គការសហប្រជាជាតិ កំពុងតែ​ធ្វើ​នោះ អគ្គលេខាធិការ​ជិត​ចប់​អាណត្តិ បាន គី​មូ​ន (Ban Ki Moon) បានលើកឡើង​ពី​លទ្ធភាព​ដែល​អ្នក​បន្តវេន​ពី​រូបលោក ក្នុងការ​គ្រប់គ្រង​អង្គការ​ពិភពលោក​ដ៏​ធំ​នេះ គួរតែ​ជា​ស្ត្រី មិនមែន​បុរស​ឡើយ​។ ប៉ុន្តែ ការសម្រេចចិត្ត​យ៉ាងណា គឺ​អាស្រ័យ​លើ​សមាជិក​ទាំង​១៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ ដែល​នឹង​រើស​បេក្ខជន​ម្នាក់ សម្រាប់​ឲ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ បោះឆ្នោត​ជា​ចុងក្រោយ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ប្រមុខ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​និយាយថា អគ្គលេខាធិការ​បន្ទាប់​ពី​រូបលោក គួរតែ​ជា​ស្ត្រី សម្រាប់​ដឹកនាំ​ស្ថាប័ន​ពិភពលោក ដ្បិត​អស់​រយៈពេល​៧០​ឆ្នាំ​មកហើយ ដែល​បុរស​ជា​អ្នក​កាន់តំណែង​ដ៏​ធំ​នេះ​។ លោក បាន គី​មូ​ន ដែល​ចប់​អាណត្តិ​នៅ​ដំណាច់​ឆ្នាំនេះ និយាយទៀតថា វា​ដល់​ពេលដែល​ស្ត្រី​កាន់តំណែង​នេះ បន្ទាប់ពី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បុរស​៨​នាក់​មកហើយ​នោះ​។​

​មកទល់ពេលនេះ មាន​បេក្ខជន​ចំនួន​១១​នាក់ ដែល​ចូលរួម​ប្រជែង​សម្រាប់​តំណែង​អគ្គលេខាធិការ UN ដែល​ក្នុងនោះ​មាន​ស្ត្រី​៥​នាក់​។ ប៉ុន្តែ លោក បាន គី​មូ​ន សង្កត់ធ្ងន់ថា លោក​មិនមាន​សិទ្ធិ​អ្វី ក្នុងការ​ជ្រើសរើស​អ្នក​បន្តវេន​របស់លោក​ឡើយ​។ សមាជិក​ទាំង​១៥​ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ នឹង​សម្រេចចិត្ត​ក្នុង​រឿងនេះ ជាមួយនឹង​ការណែនាំ​បុគ្គល​ណា​ម្នាក់ ជា​អ្នក​បន្ត​តំណែង​លោក បាន គី​មូ​ន​។

​យោងតាម​សារព័ត៌មាន Al Jazeera អគ្គលេខាធិការ​ជនជាតិ​កូរ៉េខាងត្បូង បញ្ជាក់ថា ពិភពលោក មាន​ស្ត្រី​មេដឹកនាំ​ជាច្រើន ដែល​ល្បីល្បាញ មានចំណេះដឹង ទាំង​កម្រិត​រដ្ឋាភិបាល និង​អង្គការ​តំបន់​ជាច្រើន ក៏ដូចជា​នៅ​គ្រប់​ទីកន្លែង​ដទៃទៀត​ផងដែរ​។ ហេតុនេះ នៅ​អង្គការសហប្រជាជាតិ ក៏​គួរតែមាន​ដូច្នោះ​ដែរ​។

​ដោយ​មិន​លើកឡើង​ចំឈ្មោះ​បេក្ខជន​ណាមួយ លោក បាន គី​មូ​ន បន្តទៀតថា មាន​ស្ត្រី​ជាច្រើន ដែលមាន​សមត្ថភាព​ផ្លាស់ប្ដូរ​ពិភពលោក និង​អាច​ចូលរួម​ដោយ​សកម្ម​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​បាន​។ មិនតែប៉ុណ្ណោះ លោក ក៏បាន​សរសើរ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​បើក​ឲ្យ​ការជជែក​ដេញដោល​ជា​សាធារណៈ ក្នុងចំណោម​បេក្ខជន​ទាំងអស់ ដែល​នោះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អង្គការ​ពិភពលោក​មួយ​នេះ​។

​ជា​ប្រពៃណី​របស់ខ្លួន តំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ គឺ​ផ្លាស់ប្ដូរ​ទៅតាម​តំបន់​ផ្សេងៗ​លើ​ពិភពលោក​។ ឥស្សរជន​មកពី​អាស៊ី អឺរ៉ុប​ខាងលិច អាហ្វ្រិក និង​អាមេរិក​ឡាទីន សុទ្ធតែ​ធ្លាប់​កាន់តំណែង​នេះ ប៉ុន្តែ​មិនទាន់មាន​បេក្ខជន​មកពី​តំបន់​អឺរ៉ុប​ខាងកើត​នោះទេ ដែល​គេ​រំពឹងថា អ្នក​ស្នង​តំណែង​ពី​លោក បាន គី​មូ​ន អាចជា​បេក្ខជន​មកពី​តំបន់​នេះ​៕