ជើង​ខ្លាំង​បង្ហោះ​រថយន្ត​រាល់ថ្ងៃ ពេល​នេះ​ភ្លាត់ស្នៀត​ក្រឡាប់​ប៊ិះ​ស្លាប់

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កូន​អ្នកមាន​លុយ​ម្នាក់​ឈ្មោះ សា ចំរើន អាយុ​ជាង​៥០​ឆ្នាំ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​វាយ​កំទេច​ថ្មភ្នំ​ស្ពុង ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ពេល​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ជា​ច្រើន​ត្រឡប់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រួ​វ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សា ណា​ក់ អាយុ​ជាង​២០​ឆ្នាំ រង​របួសធ្ងន់​ដង្ហើមចង្រិត រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​បើកបរ​រថយន្ត​ថៃ​ម៉ាក Hilux Vigo ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ថៃ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ បើកបរ​រថយន្ត​មួយ​គ្រឿង​ជា​រថយន្ត មក​ពី​ប្រទេស​ថៃ ក្នុង​ល្បឿន​លឿន​ដូច​ហោះ ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង ហើយ​ក៏​រេច​ង្កួ​ច​ពេញ​ផ្លូវ ក្រឡាប់​ជា​ច្រើន​ត្រឡប់  ត្រួ​វ​បាន​បងប្អូន​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​តែ​ម្តង សូ​ម្បី​តែ​សមត្ថកិច្ច​ក៏​ចុះ​ពិនិត្យ​មិន​ទាន់​ផង ព្រោះ​គេ​ខ្លាច​ខូច​កេរ្តិ៍ឈ្មោះ​។

ប្រភព​ព័ត៌មាន​បាន បន្ត​ឲ្យ​ដឹង​ដែរ​ថា ការ​បើកបរ​ល្បឿន​លឿន វា​ជា​ទម្លាប់​របស់​ជន​រង​គ្រោះ​ទៅ​ហើយ  ដោយ​មិន​ខ្វល់​ថា តាម​ជនបទ ទីប្រជុំជន ឬ​ទីក្រុង​នោះ​ទេ គឺ​មិន​ដែល​ឃើញ​សមត្ថ កិច្ច​ជំនាញ​ណា​ម្នាក់ ហ៊ាន​ហាមឃាត់ ដើម្បី​ធ្វើការ​អប់រំ​នោះ​ឡើយ ដោយ​មាន​ពេល​ខ្លះ នៅ ពេល​មាន​សមត្ថកិច្ច​ចរាចរណ៍​ចុះ​ល្បាត​តាម​គោលដៅ គឺ​បុរស​រង​គ្រោះ​ខាងលើ តែងតែ​បើក បរ មិន​ញញើត​នឹង​ច្បាប់​បន្តិច​សោះឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល ដែល​គេ​ស្គាល់​ថា​ជា​ក្តិ​ប​ចរាចរណ៍ បាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចរាចរណ៍​តាំងពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ គឺ​មិន​ហ៊ាន​ក្អក ឬ​ហាមឃាត់​រថយន្ត​របស់​បុរស​ខាងលើ​នោះ​ឡើយ ព្រោះ​ខ្លាច​ធ្លាក់​ដំណែង ប្រសិនបើ​មានការ​ឃាត់​រថយន្ត​ថៃ ដែល​បុរស​ខាងលើ​នោះ​បើកបរ គឺ​តែងតែ​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ​រហូត ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​ហ៊ាន​ធ្វើការ​ឃាត់ ដើម្បី​យក​មក​អប់រំ​នោះ​ទេ​។ តែ​សំណាង​មិន​ជួយ ពេល​នេះ​បាន​ក្រឡាប់ របួសធ្ងន់​បាត់​ទៅ​ហើយ ទុកជា​ការ​ព្រមាន​ជនល្មើស​នឹង​ច្បាប់​៕