ស្វែង​យល់​បច្ចេកវិទ្យា AR ក្នុង​រឿង​ហូលីវូដ​និង​ហ្គេម​ល្បី Pokemon Go

AR ឬ Augmented Reality ជា​បច្ចេកវិទ្យា​ទំនើប​មួយ​ដែល​ធ្វើ​ឲ្យ​រូបភាព​ឌីជីថល​និង​ពិភព​ពិត​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​ពិភព​តែ​មួយ។ បើ​និយាយ​ឲ្យ​ស្រួល​យល់ បច្ចេកវិទ្យា​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​បច្ចេកវិទ្យា​បង្ហាញ​ក្នុង​រឿង​ហូលីវូដ​បែប​វិទ្យាសាស្ត្រ​ជា​ច្រើន ដូចជា Iron Man ជា​ដើម ដែល​តួអង្គ​អាច​មើល​និង​ចុច​លើ​ព័ត៌មាន​ផុស​ចេញ​លើ​លំហ។

 

ស្វែង​យល់​បច្ចេកវិទ្យា AR ក្នុង​រឿង​ហូលីវូដ​និង​ហ្គេម​ល្បី Pokemon Go

 

AR ខុស​ពី​ពី VR (Virtual Reality) ត្រង់​ថា វា​ប្រើ​ប្រាស់​ពិភព​ពិត​មាន​ស្រាប់​ខាង​ក្រៅ ដោយ​បន្ថែម​ព័ត៌មាន​ឌីជីថល​ពី​លើ (ព័ត៌មាន​លើ​លំហ)។ ចំណែក​ឯ VR វិញ​បង្កើត​ពិភព​សិប្បនិមិត្ត 3D ថ្មី​ទាំង​ស្រុង​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​កំពុង​ស្ថិត​នៅ​ក្នុង​ពិភព​សិប្បនិមិត្ត​​​មួយ​ផ្សេង​ទៀត។

 

គ្រប់ App លើ​គ្រឿង​អេឡិចត្រូនិក​បំពាក់ AR ត្រូវ​បង្កើត​ឡើង​ក្នុង​កម្មវិធី 3D ពិសេស​មួយ​ដែល​អាច​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​កំណត់​និង​ចង Animation ឬ​ព័ត៌មាន​ឌីជីថល​ផ្សេងៗ​​ជាមួយ​នឹង AR Marker ដើម្បី​ថែម​ព័ត៌មាន​ផ្សេង​ពី​លើ​ពិភព​ពិត​​ខាង​ក្រៅ។ ដូច្នេះ ឧទាហរណ៍​ថា នៅ​ពេល​អ្នក​ប្រើប្រាស់​យក​ទូរសព្ទ​បំពាក់​កម្មវិធី AR ទៅ​ថត​អគារ​ផ្សេង​នៅ​ពិភព​ខាង​ក្រៅ នោះ​ផ្ទាំង​ព័ត៌មាន​ឌីជីថល​ដែល​បាន​កំណត់​ នឹង​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ពី​លើ​អាគារ​នីមួយៗ​តាម​រយៈ​ទូរសព្ទ។

 

ស្វែង​យល់​បច្ចេកវិទ្យា AR ក្នុង​រឿង​ហូលីវូដ​និង​ហ្គេម​ល្បី Pokemon Go
បច្ចេកវិទ្យា AR លើ​ស្មាតហ្វូន ជាទូទៅ​បញ្ចូល កាមេរ៉ា​ឌីជីថល, សិនស័រ​អុបទិក (Optical Sensor), សិនស័រ​ឥត​ខ្សែ, Global Positioning System (GPS) និង​ត្រី​វិស័យ​ទូរសព្ទ សម្រាប់​កំណត់​ទីតាំង​​អ្នក​ប្រើប្រាស់ ដើម្បី​អាច​ចាប់​ទិសដៅ​បាន​ច្បាស់លាស់ ពេល​មុខងារ AR ដំណើរការ។

 

ជាក់ស្ដែង ហ្គេម Pokemon Go ដែល​ធ្វើ​ឲ្យ​ពិភពលោក​កក្រើក​មួយ​រយៈ​នេះ​ ជា​ប្រភេទ​ហ្គេម​បំពាក់​បច្ចេកវិទ្យា AR។ អ្នក​លេង​ហ្គេម អាច​ដើរ​ចាប់​សត្វ Pokemon ដោយ​ការ​បើក GPS និង​កាមេរ៉ា ដូច្នេះ​អ្នក​ប្រើប្រាស់​នឹង​ឃើញ​សត្វ​ទាំង​នោះ​ផុស​ចេញ​នៅ​ពិភព​ខាង​ក្រៅ តាមរយៈ​កាមេរ៉ា​ទូរសព្ទ។

 

ស្វែង​យល់​បច្ចេកវិទ្យា AR ក្នុង​រឿង​ហូលីវូដ​និង​ហ្គេម​ល្បី Pokemon Go

 

កាល​ពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Google បាន​បញ្ចេញ​វ៉ែនតា Google Glass បំពាក់ VR ដែល​អាច​បង្ហាញ​ព័ត៌មាន​ផ្សេង​លើ​រូបភាព​នៅ​ខាង​ក្រៅ តាម​រយៈ​កញ្ចក់​វ៉ែនតា​អេឡិចត្រូនិក​នោះ។ ដោយ​សារ Google Glass អាច​សម្គាល់​ផ្ទៃមុខ, ប្រើ​សំឡេង​ដើម្បី​ថត រូប​និង​វីដេអូ ទើប​មាន​ការ​ព្រួយ​បារម្ភ​និង​មិន​ពេញ​ចិត្ត​ពី​បណ្ដា​អ្នក​ប្រើប្រាស់​ជា​ច្រើន​នៅ​អាមេរិក ដោយ​ខ្លាច​ការ​សន្ទនា​ពួកគេ​នឹង​ត្រូវ​លួច​ថត​ដោយ​វ៉ែនតា​ឆ្លាតវៃ​នេះ។

 

វ៉ែនតា Hololens របស់ Microsoft កាល​ពី​ឆ្នាំ​កន្លង​ទៅ ក៏​បំពាក់​ដោយ​បច្ចេកវិទ្យា AR ដូចគ្នា។ Hololens អាច​បង្ហាញ​រូបភាព​បន្ថែម លើ​ពិភព​ពិត​ខាង​ក្រៅ និង​ថែម​ទាំង​អាច​ឲ្យ​អ្នក​ប្រើប្រាស់​លេង​ហ្គេម​ដែល​មាន​តួអង្គ​សត្វ​សិប្បនិមិត្ត​ផុស​ចេញ​មក​លើ​ពិភព​ពិត​ខាង​ក្រៅ។ យ៉ាងណា​មិញ វ៉ែនតា Hololens មិន​ទាន់​ដាក់​លក់​សម្រាប់​អ្នក​ប្រាស់​ទូទៅ​នៅ​ឡើយ​ទេ ដោយ​បច្ចុប្បន្ន​ដាក់​លក់​សម្រាប់​តែ​អ្នក​អភិវឌ្ឍ​កម្មវិធី​ប៉ុណ្ណោះ។ Hololens មួយ​គ្រឿង​លក់​ក្នុង​តម្លៃ ៣ ០០០ ដុល្លារ។

 

ស្វែង​យល់​បច្ចេកវិទ្យា AR ក្នុង​រឿង​ហូលីវូដ​និង​ហ្គេម​ល្បី Pokemon Go

 

បច្ចេកវិទ្យា AR នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​វិស័យ​យោធា ដើម្បី​បង្វឹក​អ្នក​បើក​យន្តហោះ​ចម្បាំង។ Pilot ត្រូវ​ពាក់​មួក ដែល​កញ្ចក់​របស់​វា​អាច​បង្ហាញ​ផ្ទាំង​រូបភាព ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ដូច​កំពុង​​ប្រតិបត្តិការ​សឹក​ពិតៗ។

 

ស្វែង​យល់​បច្ចេកវិទ្យា AR ក្នុង​រឿង​ហូលីវូដ​និង​ហ្គេម​ល្បី Pokemon Go

 

រង់​ចាំ​មើល​ថា អនាគត បច្ចេកវិទ្យា Augmented Reality នឹង​វិវត្ត​ខ្លួន​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា​ខ្លាំង​កម្រិត​ណា ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ធំៗ​លើ​ពិភព​លោក​កំពុង​ស្រាវជ្រាវ​បំពាក់​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត
ប្រភព៖ បរទេស