មូល​ហេតុ​​បង្ក​ឲ្យ​ការ​ដក​ធ្មេញ​មាន​គ្រោះ​ថ្នាក់​ នឹក​ស្មាន​មិន​ដល់

ការ​ដក​ធ្មេញ​ ដោយ​​ពុំ​មាន​​បច្ចេកទេស​ជំនាញ​ត្រឹម​ត្រូវ​ ​ពិត​ជា​បង្ក​​គ្រោះ​ថ្នាក់​ដល់​​ផ្នែក​ផ្សេង​នៃ​រាង​កាយ ​​ពេល​ខ្លះ​អាច​ឈាន​ដល់​​ពិការ​ភ្នែក​ទៀត​ផង​។ ការ​បង្ក​​​គ្រោះ​ថ្នាក់​​​នោះ​ គឺ​​ដោយ​សារ​​មូល​ហេតុ​សំខាន់​មួយ​ចំនួន​។ នេះ​​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​សាស្ត្រាចារ្យ សឺន សុផារិទ្ធ ជា​ទន្ត​បណ្ឌិត ជំនាញ​ទន្តសាស្ត្រ​កុមារ​ និង​ជា​ប្រធាន​ផ្នែក​ទន្តសាស្ត្រ​នៅ​​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត។

 

មូល​ហេតុ​​បង្ក​ឲ្យ​ការ​ដក​ធ្មេញ​មាន​គ្រោះ​ថ្នាក់​ នឹក​ស្មាន​មិន​ដល់

លោក​សាស្ត្រាចារ្យ សឺន សុផារិទ្ធ ​ទន្ត​បណ្ឌិត ជំនាញ​ទន្តសាស្ត្រ​កុមារ

​ ​​​​​
តាម​ការ​រៀប​រាប់​របស់​លោក​​ សាស្ត្រាចារ្យ ការ​បង្ក​ឲ្យ​​ការ​ដក​ធ្មេញ​មាន​គ្រោះ​ថ្នាក់​​​នោះ​គឺ​បណ្ដាល​មក​ពី កន្លែង​ព្យាបាល​​​មិន​បាន​ល្អ​ត្រឹម​ត្រូវ។​ កត្តា​នេះ​ដែល​ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ​នៅ​ក្នុង​មាត់​ បណ្ដាល​ឲ្យ​ប៉ះ​ពាល់​សរសៃ​ភ្នែក និង​​​សរសៃ​ផ្សេង​ៗ​ទៀត​​​បាន។

 

​ក្រៅ​ពី​កត្តា​​​កន្លែង​ព្យាបាល​មិន​ល្អ​ស្អាត លោក​សាស្ត្រាចារ្យ​ក៏​​បាន​លើក​​ពី​​​​​ការ​ដក​ធ្មេញ​ដោយ​ពុំ​​មាន​បច្ចេកទេស​​​​​​​​​​សិក្សា​មិន​បាន​ដិត​ដល់​ក៏​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផង​ដែរ​។ ​​

 

លោក​សាស្ត្រាចារ្យ សុផារិទ្ធ បាន​លើក​​​ពី​ករណី​​​មួយ​​ដែល​អ្នក​ដក​ធ្មេញ​រួច​​ស្ពឹក​មួយ​ចំហៀង​មុខ ​​ឬ​វៀច​មុខ​គឺ​ដោយ​សារ​ ​ធ្មេញ​​​មាន​ឫស​របស់​វា​មាន​​ជាប់​គង​លើ​សរសៃ​ប្រសាទ​ចិញ្ចឹម​ធ្មេញ​​ នៅ​​​ពេល​ដែល​​ដក​វា​​​ អាច​បណ្ដាល​ឲ្យ​មាន​ការ​សង្កត់​​​ឬ​​​​ដាច់​សរសៃ​​នោះ​ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្ពឹក​មួយ​ចំហៀង​មុខ។

 

មូល​ហេតុ​​បង្ក​ឲ្យ​ការ​ដក​ធ្មេញ​មាន​គ្រោះ​ថ្នាក់​ នឹក​ស្មាន​មិន​ដល់

 

យ៉ាង​ណា​មិញ​ ​លោក​សាស្ត្រាចារ្យ​ បាន​បញ្ជាក់​ថា ការ​ដក​ធ្មេញ​​ ដែល​ធ្វើ​ឡើង​ដោយ​គ្រូ​ពេទ្យ​ធ្មេញ​មាន​ជំនាញ​ត្រឹម​ត្រូវ​ ដោយ​មាន​សិក្សា​​​ច្បាស់​លាស់ នោះ​​មិន​បង្ក​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ទេ។

 

 

គួរ​រំលឹក​ផង​ដែរ ការ​​​លើក​ឡើង​របស់​លោក​​សាស្ត្រាចារ្យ បាន​ធ្វើ​ឡើង​ក្នុង​​​​​​ឱកាស​​នៃ​ការ​ពិនិត្យ​​និង​ព្យាបាល​ជំងឺ មាត់-ធ្មេញ​ ដោយ​ឥត​​គិត​ថ្លៃ​ ជូន​កុមារ​កំព្រា ប្រជាជន​ក្រីក្រ​ ដែល​រៀប​ចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​​ សហការ​ជា​មួយ​អង្គការ AUSTRALIAN HEALTH HUMANITARIAN AID (AHHA)​របស់​ប្រទេស​អូស្ត្រាលី ពី​ថ្ងៃ​ទី​១៥​សីហា ដល់​ថ្ងៃ​ទី​១៧ ខែ​សីហា ២០១៦​នេះ៕

 

អត្ថបទ៖ មាន រតនា​​​​​​​​​