ដេញ​តាម​ប្រព័ន្ធ GPS ចាប់​បាន​ទាំង​២​នាក់

ខេត្តកំពង់ឆ្នាំង ៖ យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​រហូត​ចាប់​បាន​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​ជន​ទាំង​២​នាក់​នោះ​បាន​បើក​ទូរស័ព្ទ​ដែល​លួច​បាន​បម្រុង​យក​ទៅ​លក់ តែ​ដោយសារ​ទូរស័ព្ទ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ក៏​ត្រូវ​ម្ចាស់​ដឹង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ដេញ​ចាប់ខ្លួន​តែ​ម្តង ។

លោក ពេ​ជ រ៉ី នាយ​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ផ​ន លឹ​ម​ហួត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ និង​ម្នាក់​ទៀត​ឈ្មោះ ទូច ពុទ្ធា​រ៉ា ឆ​វិទូ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ។ ចំណែក​ម្ចាស់​ប្រាក់ និង​ទូរ​សព្ទ័​ដៃ ឈ្មោះ ឌុ​ច សុធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់​ដែរ ។

លោក​បាន​បន្ត​ថា កាលពី​វេលា​រំលង​អា​ធ្រា​ត្រា​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា មាន​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ បុរស​ឈ្មោះ ឌុ​ច សុធី ហើយ​លួច​យក​កាបូបដៃ​មួយ​ដែល​ក្នុង​នោះ​មាន​ប្រាក់​អា​មេ​រិ​ក​ចំនួន​១០៧៥​ដុ​លា្ល​រ ប្រាក់​ខ្មែរ​ចំនួន​៥០​ម៉ឺន​រៀល និង​ទូរ​សព្ទ័​ដៃ​២​គ្រឿង ដែល​នៅ​ក្នុង​ទូរស័ព្ទ​ទាំង​២​គ្រឿង​នោះ​ម្ចាស់​បាន​ភ្ជាប់​ប្រព័ន្ធ GPS ហើយ​ពេល​ដឹង​ថា​បាត់ ម្ចាស់​ទូរស័ព្ទ​បើក GPS ដើម្បី​តាមដាន​រក​មិនឃើញ ព្រោះ​ចោរ​បាន​បិទ​ទូរស័ព្ទ​ដៃ​នោះ​ទៅ​ហើយ ។ ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ ម្ចាស់​បានឃើញ​រលក​សញ្ញា​ទូរស័ព្ទ​ឡើង​វិញ ទើប​ប្តឹង​សមត្ថកិច្ច​ដេញ​តាម​ចាប់ខ្លួន​តែ​ម្តង ហើយ​អ្វី​ដែល​សំណាង​ទៀត​នោះ ប្រាក់​ទាំង​១០៧៥​ដុល្លារ​នៅ​ទាំងអស់ បាត់​តែ​ប្រាក់​ខ្មែរ​៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ និង​ក្រៅពី​នោះ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​២៦​កញ្ចប់​ទៀត​ផង ។

លោក​ប្រធាន​ការិយាល័យ​បន្ត​ថា ប្រាក់​ចំនួន​១០៧៥​ដុល្លា និង​ទូរស័ព្ទ​ដៃ​២​គ្រឿង បាន​រៀបចំ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ចំណែក​ជនសង្ស័យ​បាន​ប្រគល់​ឲ្យ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ដោយ​ចោទប្រកាន់​២​ករណី​ផ្សេង​គ្នា ទី​១ ពី​បទ​អំពើ​លួច និង​ទី​២ ពី​បទ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ៕