លោក ហ៊ុន សែន រំព្ញកអំពីបម្រាមជួលដីតាមព្រំដែនឲ្យប្រទេសជិតខាង

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានក្រើនរំលឹកអំពីបម្រាមហាមមិនឱ្យពលរដ្ឋខ្មែរជួលដីនៅតាមព្រំដែនទៅឱ្យពលរដ្ឋប្រទេសជិតខាង ដែលរួមមានប្រទេសវៀតណាម ថៃ និងឡាវ។ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម យល់ឃើញថា ត្រឹមតែការអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការជួលដីទៅឱ្យពលរដ្ឋប្រទេសជិតខាងតែមួយមុខមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែរដ្ឋាភិបាលត្រូវតែអភិវឌ្ឍតំបន់ទាំងនោះឱ្យរីចម្រើន ទើបអាចដោះស្រាយបញ្ហាបាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈទៅកាន់អាជ្ញាធរគ្រប់ខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ថា “ហាមដាច់ខាតការជួលដីឱ្យប្រជាជនវៀតណាម”។ លោក ហ៊ុន សែន ប្រកាសបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី១៦ ខែសីហា នៅខេត្តតាកែវ ហើយត្រូវបានលោកសរសេររៀបរាប់ក្នុងហ្វេសប៊ុក (Facebook) របស់លោកនៅព្រឹកថ្ងៃទី១៧ ខែសីហា។

ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏បានក្រើនរំលឹកមន្ត្រីរបស់ខ្លួនឱ្យយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ផ្ដល់សេវាសាធារណៈ និងដោះស្រាយបញ្ហារបស់ប្រជាជនឱ្យបានឆាប់រហ័ស សមស្រប និងមានប្រសិទ្ធភាព។ លោកសង្កត់ធ្ងន់ថា មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើពលរដ្ឋ និងត្រូវខិតខំលុបបំបាត់ឱ្យអស់នូវភាពអសកម្មនានា។

អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ឃើញថា ទន្ទឹមនឹងសេចក្ដីអំពាវនាវនេះ រដ្ឋាភិបាលគួរតែប្រឹងប្រែងអភិវឌ្ឍតំបន់ព្រំដែនឱ្យមានការរីកចម្រើន។ លោកថា ការជួលដីទៅឱ្យពលរដ្ឋប្រទេសជិតខាងនេះ ដោយសារប្រជាជននៅតំបន់ជាប់ព្រំដែនមានជីវភាពក្រីក្រ ដូច្នេះទើបបង្ខំចិត្តជួលដីឱ្យទៅគេ និងខ្លះទៀតធ្វើចំណាកស្រុក៖ «វានៅក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ច។ កាលណាយើងនិយាយអំពីការបញ្ឈប់ឲ្យជួល ឬការអំពាវនាវ យើងត្រូវគិតទាំងអស់ពីរដ្ឋាភិបាល សូម្បីតែដីសម្បទានជាមួយវៀតណាម ក៏បានន័យថា យើងជួលឲ្យទៅគេដែរ ប៉ុន្តែគ្រាន់តែជួលក្នុងផ្លូវរដ្ឋ។ អ៊ីចឹងពេលដែលរដ្ឋាភិបាលប្រកាសឲ្យឈប់ហ្នឹង រដ្ឋាភិបាលគួរតែឆ្លុះបញ្ចាំងជាមួយនឹងដីធំៗហ្នឹងផង។ កន្លែងដែលគ្រោះថ្នាក់ គឺដីធំៗហ្នឹង»។

អ្នកស្រាវជ្រាវរូបនេះ បន្ថែមទៀតថា ករណីមួយចំនួនអាចមកពីមន្ត្រីមានអំណាចខ្លះមានដីច្រើនហិកតារនៅតំបន់ព្រំដែន ហើយជួលដីទៅឱ្យពលរដ្ឋប្រទេសជិតខាង។ ហេតុដូចនេះ ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើករណីនេះ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញសារាចរហាមប្រជាពលរដ្ឋខ្មែរមិនឱ្យលក់ ឬ ជួលដីស្រែ ដីចម្ការ ឬ ដីលំនៅឋាន នៅតាមព្រំដែនទៅឱ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង ទោះបីជាក្នុងរូបភាពណាក៏ដោយ។ វិធានការនេះត្រូវបានដាក់ចេញ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរមួយចំនួនបានជួលដីស្រែដីចម្ការ ឬដីលំនៅឋានរបស់ខ្លួននៅតាមតំបន់ព្រំដែន ឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាងដូចជា វៀតណាម ឡាវ និងថៃ ដើម្បីបង្កបង្កើនផល ដាំដុះដំណាំ ឬប្រកបអាជីវកម្មផ្សេងៗ ដែលអាចប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។

ទោះបីជាយ៉ាងណា ករណីជួលដីទៅឱ្យពលរដ្ឋប្រទេសជិតខាងនៅបន្តកើតមានដដែល ជាពិសេសនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ជាឧទាហរណ៍ ពលរដ្ឋនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង អះអាងថា ជនជាតិវៀតណាម បន្តចូលមកជួលដីខ្មែរធ្វើកសិកម្មកាន់តែច្រើន ដែលបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។ ប្រជាពលរដ្ឋនោះអះអាងថា ជនជាតិវៀតណាម មិនបានជួលដីដោយផ្ទាល់នោះទេ ប៉ុន្តែបានជួលខ្មែរឱ្យធ្វើជាតំណាងដើម្បីលាក់បាំងការពិត ដែលបញ្ហានេះមិនទាន់ត្រូវបានអាជ្ញាធរដោះស្រាយនៅឡើយ៕

ប្រភព៖ RFA


Related Posts