ប្រជាជន​កម្ពុជា​ ត្រូវ​វង្វេង​ដោយសារ​ព័ត៌មាន

ប្រជាជន​កម្ពុជា​សម័យនេះ​ បាន​ទទួល​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ និង​គ្រប់​រូបភាព​តាម​កាសែត តាម​ទូរទស្សន៍ តាម​វិទ្យុ តាម​​វ៉េបសាយ​និង​តាម​បណ្តាញ​សង្គម​ ពិសេស​គឺ​ហ្វេ​ស​ប៊ុ​ក ​។

ភាព​សំបូរបែប​នៃ​ព័ត៌មាន​ទាំងនេះ​ ក្រៅពី​ផ្តល់​ផលប្រយោជន៍​ដល់​ការ​រិះគិត​ និង​ចំណេះដឹង​នោះ វា​ក៏​បាន​ធ្វើ​ឱ្យ​ប្រជាជន​វង្វេង​ផង​ដែរ​ ដោយសារ​មានរឿង​ខ្លះ​ សារព័ត៌​មានបាន​ផ្តល់​រូបភាព​បញ្ហា​តែ​មួយ​ជ្រុង​ ឬ​ក៏​មិន​គ្រប់​ជ្រុងជ្រោយ ​។ បើសិនជា​គេ​ស្តាប់​វិទ្យុ​បរ​ទេស​ គេ​នឹង​បានឮ​កម្ពុជា​​ដ៏​ខ្មៅ​ងងឹត​មួយ ​។ ប៉ុន្តែ​បើសិនជា​គេ​ទស្សនា​ទូរទស្សន៍ ​ឬ​អាន​កាសែត​ជាតិ​វិញ គេ​បានឃើញ​ពី​កម្ពុជា​ប្រកប​ដោយ​វិជ្ជមាន​ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវត្រូវ​។

ប៉ុន្តែ​ បើសិនជា​គេ​ទទួល​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​វិញ​ គឺ​មាន​គ្រប់​សណ្ឋាន​។ ព័ត៌មាន​ពិត ព័ត៌មាន​មិន​ពិត​ ព័ត៌មាន​ច​ចាម​អារ៉ាម ភូត​ភរ ព័ត៌មាន​បង្ខូច​កេ​រ្តិ៍ ឬ​ក៏​ការ​កាត់​ត​រូបភាព​យ៉ាង​អ​សីលធម៌​ក៏​មាន ​។

ដូច្នេះ វា​ចាំបាច់​ណាស់​ ដែល​ប្រជាជន​កម្ពុជា ​ត្រូវ​មានចំណេះ​ដឹង​ផ្ទាល់ខ្លួន​ និង​មានការ​ស្វែង​យល់​ផ្ទាល់ខ្លួន​បន្ថែម​ទៀត ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ដ៏​ពិតប្រាកដ​មួយ​ ដែល​មាន​ទាំង​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​សម្រាប់​ការ​គិតពិចារណា​ដោយ​ខ្លួនឯង ​។

ប្រជាជន​កម្ពុជា​ មិន​ត្រូវ​ឆាប់​ជឿ​ពេក​ អ្វី​ដែល​គេ​បានឃើញ បានឮ និង​បាន​អាន​ឡើយ​ ។ គេ​ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់​​បន្ថែម​ទៀត ​។ ប្រជាជន​កម្ពុជា ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​​ចំពោះ​អ្វី​ដែល​ពួក​គេ​បានឮ​តាម​រយ​:​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​។ រាល់​ព័ត៌មាន​ដែល​ត្រូវ​បាន​គេ​ផូស (post) តាម​ហ្វេ​ស​ប៊ុ​ក​នោះ ​មាន​ខ្លះ​ពិត ​និង​ខ្លះ​ទៀត​មិន​ពិត​ឡើយ ​។ ពេល​ខ្លះ ​វា​គ្រាន់តែ​ជា​យោបល់​របស់​មនុស្ស​ម្នាក់​ ។ ពេល​ខ្លះ ​វា​គ្រាន់តែ​ជា​ការ​ឃោសនា​របស់​អ្នកនយោបាយ​ ។ ពេល​ខ្លះ ​វា​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារ៉ា​ម ​ដែល​គេ​យក​មក​ផ្សាយ​ប៉ុណ្ណោះ​ ។ ដូច្នេះ​ ប្រជាជន​កម្ពុជា​​ មិន​ត្រូវ​ឆាប់​ខឹង ឆាប់​អរ ឆាប់​សប្បាយ ឬ​ឆាប់​មាន​ប្រតិកម្ម ​ដោយសារ​គ្រាន់តែ​ទទួល​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​ឡើយ ​។ ព័ត៌មាន​កាន់តែ​សំខាន់​ គឺ​ទាមទារឱ្យ​មានការ​ផ្ទៀងផ្ទាត់​កាន់តែ​ខ្លាំង​ផង​ដែរ​ ។

នៅ​ពេល​ដែល​ប្រជាជន​អាច​វាយតម្លៃ​បាន​ អ្វី​ដែល​ជា​ព័ត៌មាន​ពិត អ្វី​ដែល​ជា​ព័ត៌មាន​មិន​ពិត អ្វី​ជា​ពាក្យ​ច​ចាម​អារ៉ាម ​និង​អ្វី​ជា​មតិ​យោបល់​របស់​មនុស្ស​ម្នាក់​នោះ ពួក​គេ​នឹង​មិន​ងាយ​ត្រូវ​បាន​ចាញ់បោក​គេ​ទេ​ ។ ដូច្នេះ​ គេ​ក៏​មិន​អាច​បង្កើត​ភាព​វឹកវរ​តាម​រយ​:​ការ​ផ្សាយ​ព័ត៌មាន​ខ្វះ​ការ​ពិត​ដែរ ​៕