ក្រហាយ​ដើមទ្រូង​ញឹកញាប់ គួរតែ​គិត​ដល់​អាហារ​ទាំងនេះ​ផង​

ក្រហាយ​ដើមទ្រូង​ញឹកញាប់ គួរតែ​គិត​ដល់​អាហារ​ទាំងនេះ​ផង​

​អ្នក​ប្រហែលជា​អាច​មាន​អារម្មណ៍​ថា ក្នុង​ទ្រូង​ផ្នែក​ខាងក្រោម ចេះ​តែ​ក្រហាយៗ ជាពិសេស​នៅពេល​ញ៉ាំ​អី​ខុស​តែម្តង​។ រឿង​នេះ​ត្រូវបាន​គេ​ហៅថា ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ដែល​វា​ច្រើនតែ​កើតឡើង នៅពេល​អ្វីដែល​យើង​ញ៉ាំ​នោះ ផ្តល់​ផល​រំខាន​ដល់​យើង​វិញ​។ ប៉ុន្តែ ដំណឹង​ល្អ​នោះ​គឺថា រឿង​នេះ​យើង​អាច​បង្ការ​បាន តាមរយៈ​ការចៀសវាង​អាហារ ដែល​នាំ​ឲ្យ​ច្រាលទឹក​អាស៊ី​ត​ពី​ក្រពះ​។ ខាងក្រោម​នេះ គឺជា​អាហារ​មួយចំនួន ដែល​គួរតែ​ចៀសវាង បើសិន​ជា​អ្នក​ឧស្សាហ៍​មាន​បញ្ហា ច្រាល​ទឹក​អាស៊ី​ត​ពី​ក្រពះ​។​

ប៉េង​ប៉ោះ​
ថ្វី​បើ​ផ្លែ​ប៉េង​ប៉ោះ ផ្ទុក​ទៅ​ដោយ​សារធាតុ Lycopene វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ផ្សេង​ទៀត​ក៏​ដោយ ក៏​វា​គឺជា​អាហារ​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់ ព្រមទាំង​អាច​បង្ក ការ​ក្រហាយ​ក្នុង​ទ្រូង​បាន​។ បើសិន​ជា​អ្នក​មិន​អាច​ចៀសវាង ការ​ញ៉ាំ​ប៉េងប៉ោះ​បានទេ អ្នក​ត្រូវ​តែមាន ស្ករ​កៅស៊ូ​រសជាតិ​ជូរ​តាម​ខ្លួន​ដើម្បី​ទំពារ ព្រោះ​វា​នឹង​ជំរុញ​ដល់​ការចេញ​ទឹក​មាត់ ដើម្បី​លុបបំបាត់​ការ​ក្រហាយ​ទ្រូង​បាន​។

អាហារ​ឆារ ឬ​ចៀន​
បើសិន​ជា​អ្នក​ជា​មនុស្ស ចូលចិត្ត​ញ៉ាំ​អាហារ​បែបនេះ​មែន តែ​គ្រូពេទ្យ​រកឃើញថា អ្នក​មាន​បញ្ហា​ក្រហាយ​ដើមទ្រូង​ញឹកញាប់ នោះ​អ្នក​ប្រហែលជា​ត្រូវ​លះបង់​វា​ហើយ​។ នៅពេល​យើង​ញ៉ាំ​អាហារ​បែបនេះ វា​នឹង​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​រំលាយ ដូច្នេះ កាលណា​ក្រពះ​ប្រើ​ពេល​យូរ​បែបនេះ វា​ពិតជា​ងាយ​នាំឲ្យ ច្រាល​អាស៊ីត​មក​ខាងលើ​ក្រពះ​វិញ និង​ក្រហាយ​ដើមទ្រូង​ណាស់​។

ខ្ទឹម​បារាំង និង​ខ្ទឹមស​
មាន​មនុស្ស​ច្រើន​ណាស់​ដែរ ដែល​មាន​បញ្ហា​ក្រហាយ​ទ្រូង ក្រោយ​ពី​ញ៉ាំ​អាហារ ដែល​មាន​ខ្ទឹមស ឬ​ខ្ទឹមបារាំង​រួច​។ ដូច្នេះ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត គឺ​ត្រូវ​លះបង់​អាហារ​ទាំងនេះ​សិន​ទៅ​។

គ្រឿង​ស្រវឹង​
ការ​ញ៉ាំ​គ្រឿង​ស្រវឹង អាច​បណ្តាល​ឲ្យ​ក្រហាយ​ដើមទ្រូង​ខ្លាំង បើសិន​ជា​អ្នក​មាន​បញ្ហា​ក្រពះ​រួចហើយ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង បូករួម​នឹង​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ទៀត ពិតជា​មហន្តរាយ​ដ៏​ធំ​មួយ សម្រាប់​ជំងឺ​ច្រាល​ទឹក​អាស៊ី​ត​ពី​ក្រពះ​ណាស់​។

អាហារ​ហឹរ​
មូលហេតុ​នៃ​ការ​ក្រហាយ​ដើមទ្រូង​មួយ​ផ្សេងទៀត គឺ​អាហារ​ហឹរ​តែម្តង​។ បើសិន​ជា​អ្នក​មិន​អាច​ចៀសវាង​វា​បាន​ទេ​នោះ ចូរ​កាត់បន្ថយ​ឲ្យបាន​ច្រើន​បំផុត តាម​តែ​អាច​ធ្វើបាន​ទៅ​។

ញ៉ាំ​ទឹកក្រូច​ច្របាច់​ព្រឹក​ឡើង​
បើសិន​ជា​អ្នក​ចូលចិត្ត ញ៉ាំ​ទឹកក្រូច​ច្របាច់​នៅ​ព្រឹក​ឡើង នោះ​អ្នក​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​កើត​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ នៅ​ថ្ងៃក្រោយ​ជាមិនខាន​។ ផ្លែ​ឈើ​ដែល​មាន​អាស៊ីត​ខ្ពស់ អាច​បណ្តាល​ឲ្យ​ច្រាលទឹក​អាស៊ី​ត​ពី​ក្រពះ​បាន​។ ដូច្នេះ យក​ល្អ គួរតែ​ផ្អាក​ការ​ញ៉ាំ​អាហារ ឬ​ផ្លែឈើ​ជូរៗ​សិន​ទៅ ជាពិសេស ការ​ញ៉ាំ​នៅ​ព្រឹក​ឡើង​តែ​ម្តង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។