ណាហ្គាវើល ផ្តួលក្រុមប៉ូលិស ដើម្បីសម្រេចទិសដៅក្នុងការឈ្នះលេខ៣

ក្រុមណាហ្គាវើល នឹងទទួលបានចំណាត់ថ្នាក់លេខ៣នៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦ ដូចការរំពឹងទុក បន្ទាប់ពីពួកគេបានដណ្តើមយក៣ពិន្ទុពីក្រុមអគ្គស្នងការនគរបាល់ជាតិ(ប៉ូលិស) នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ម្សិលមិញ ឯក្រុមភ្នំពេញក្រោន ក៏បានផ្តួលក្រុមវេស្ទើន ដើម្បីទទួលបាន៣ពិន្ទុបន្ថែមផងដែរ។

a1

បើទោះបីជា ការប្រកួតនៅជើងទី២នេះ ក្រុមប៉ូលិស មានទម្រង់លេងបានល្អប្រសើរជាងជើងទី១ ប៉ុន្តែពួកគេមិនអាចបង្អាក់ដំណើរក្រុមមានមហិច្ឆតាក្រសោបយកចំណាត់ថ្នាក់លេខ៣ ណាហ្គាវើល បាននោះទេ។ នៅក្នុងការប្រកួតនោះ ស៊ុន សុវណ្ណរិទ្ធី បានស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីយ៉ាងល្អ ដើម្បីជួយឲ្យណាហ្គាវើល នាំមុខ ១-០ នៅនាទីទី៣៩ មុនពេលរូបគេត្រូវប្តូរចេញដោយបញ្ហារបួសជង្គង់ នៅនាទីទី៤០។

a2

យ៉ាងណាក៏ដោយ ខ្សែប្រយុយុទ្ធ Michael បានស៊ុតបាល់បញ្ចូលទី ដើម្បីជួយឲ្យក្រុមប៉ូលិសតាមស្មើក្រុមណាហ្គាវើល ១-១ នៅនាទីទី៥០ ប៉ុន្តែការព្យាយាមវាយសម្រុករបស់ណាហ្គាវើល បានផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធ Klechi អាចលោតតែតបាល់បញ្ចូលទីបានយ៉ាងល្អ នៅនាទីទី៨២ ដើម្បីជួយឲ្យក្រុមណាហ្គាវើល ឈ្នះក្រុមប៉ូលិស ២-១ ដូចការប្រកួតជើងទី១ដែរ។

a3

ការទទួលបាន៣ពិន្ទុបន្ថែមលើកនេះ បានជួយឲ្យក្រុមក្រុមណាហ្គាវើល មានឱកាសស្ទើរ១០០ភាគរយទៅហើយ ក្នុងការទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងរដូវកាលនេះ ព្រោះការមាន៣៤ពិន្ទុ វាស្ទើរតែបានបិទច្រក់គូប្រកួតព្រះខ័នរាជស្វាយរៀង ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣នេះទៅហើយ បើទោះបីជា ស្វាយរៀង នៅសល់៣ប្រកួតទៀតក៏ដោយ។

a4

ដោយឡែក ក្រុមភ្នំពេញក្រោន បានយកឈ្នះវេស្ទើន ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន RSN របស់ខ្លួន កាលពីយប់ថ្ងៃពុធម្សិលមិញនោះដែរ ដើម្បីលប់បំផុតភាពមិនសប្បាយចិត្តចំពោះការស្មើគ្នា ២-២ ក្នុងការប្រកួតជើងទី១ ហើយជ័យជម្នះនេះបានជួយឲ្យ ភ្នំពេញក្រោន ដែលបានធ្លាក់ទៅឈរនៅលេខរៀងទី៦ កាលពីចុងសប្តាហ៍មុន ឡើងទៅឈរនៅលេខរៀងទី៤វិញ ដោយមាន២៥ពិន្ទុ ហើយបានទម្លាក់ក្រុមព្រះខ័នរាជស្វាយរៀង ដែលមាន២៥ពិន្ទុដែរនោះ ធ្លាក់មកឈរឈរនៅលេខរៀងទី៥ ហើយក្រុមខេមបូឌានថាយហ្គឺ មាន២៣ពិន្ទុ បានធ្លាក់មកឈរនៅលេខរៀងទី៦ រីឯក្រុមប៉ូលិស បន្តឈរនៅលេខរៀងទី៧ មាន១៧ពិន្ទុដដែល លើក្រុមស៊ីម៉ាក់ មាន៨ពិន្ទុ ក្រុមវេស្ទើន មាន៧ពិន្ទុ និងក្រុមឈរនៅបាតតារាង អាស៊ីអឺរ៉ុប ដែលមាន៦ពិន្ទុ៕

The post ណាហ្គាវើល ផ្តួលក្រុមប៉ូលិស ដើម្បីសម្រេចទិសដៅក្នុងការឈ្នះលេខ៣ appeared first on CamboSport.