ម៉ាលីពណ៌ ប្រាប់បទពិសោធន៍ហួសចិត្ត នាំបង្កើតកម្មវិធីចំណតក្បែរខ្ញុំ

កញ្ញា ប្លុង ម៉ាលីពណ៌ បាន​បង្កើត​កម្មវិធី​​​ទូរសព្ទ​ «Stops Near Me ឬ ចំណត​ក្បែរ​ខ្ញុំ» ហើយ​ App ​រថយន្ត​ក្រុងដំបូង​គេ​នៅ​កម្ពុជានេះ​ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​ហើយ កាល​ពី​ខែ​ មីនា ឆ្នាំ​ ២០១៦ កន្លង​មក​។

 

ម៉ាលីពណ៌ ប្រាប់បទពិសោធន៍ហួសចិត្ត នាំបង្កើតកម្មវិធីចំណតក្បែរខ្ញុំ

 

កញ្ញា​​ប្រាប់​ថា អ្នក​ដែល​ចង់​ប្រើប្រាស់​កម្មវិធី Stops Near Me ឬ ចំណត​ក្បែរ​ខ្ញុំ អាច​ទាញ​យក​ដោយ​ឥតគិតថ្លៃ​​ពី Play Store ឬ App Store។ កម្មវិធី​មួយ​នេះ នឹង​ប្រាប់​អ្នកប្រើប្រាស់​ពី​ចំណត​រថយន្តក្រុង​​នានា ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ចំណុច​ពិសេស​មួយ​ទៀត បើ​អ្នក​​ប្រើ​ចង់​ឈប់​នៅ​ស្តុប​​ណា​មួយ​នោះ វា​នឹង​បន្លឺ​សំឡេង​ប្រាប់​​មុន​ក្នុង​រយៈ​ចម្ងាយ ២០០​ម៉ែត្រ​។

 

ចំពោះ​គោលបំណងនៃ​ការ​​បង្កើត​ អតីត​និស្សិត​​អនុបណ្ឌិត វិស្វករ​អេឡិចត្រូនិក នៅ​បែលហ្ស៊ិក​រូប​នេះបង្ហើប​​ថា ដោយ​សារ​តែ​នាង​ជួប​បញ្ហា​ដោយ​​ខ្លួន​ឯង​ផ្ទាល់។

 

“…ខ្ញុំ​ជួប​បញ្ហា​ផ្ទាល់​ខ្លួន ខ្ញុំ​ង៉ៃ​ហ្នុង​នឹក​ឃើញ ជជែក​ជាមួយ​​មិត្តភ័ក្ដិ​ថា យើង​ម៉ោ​​​ពី​ស្រុក​ក្រៅ​យូរ​ហើយ មិន​ដែល​បាន​សាក​ជិះ​ឡាន​ក្រុង​នៅ​ស្រុក​យើង…ពេល​ចប់​ផ្ដើម​ប្រើ​ក៏​នឹក​ឃើញ​ថា រក​ព័ត៌មាន​មុន​​ឱ្យ​ហើយ ឡើង​នៅ​ណា ចុះនៅ​ណា…ចង់​កន្លះ​ម៉ោង​ទើប​អាច​រក​បាន….ដល់​អ៊ីចឹង​គិត​ថា គួរ​តែ​មាន App មួយ​​ហើយ…”។

 

បើ​និយាយ​ពី​មុខវិជ្ជា​វិទ្យាសាស្ត្រ​កុំព្យូទ័រវិញ (IT) កញ្ញា ប្លុង ម៉ាលីពណ៌ បាន​ទម្លាយ​​ថា ហាក់​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​ពី​​ស្ត្រី​​ឡើយ ដោយ​ស្ត្រី​ភាព​ច្រើន ចាបជំនាញ​ធនាគារ គណនេយ្យ​ជាដើម។ យ៉ាង​ណា​​ក្ដី កញ្ញា ប្លុង ម៉ាលីពណ៌ បាន​លើកទឹក​ចិត្ត និង​ជំរុញ​​ស្ត្រីឱ្យ​​ចូលរួម​ក្នុង​វិស័យ​មួយ​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម។ ​​​​

 

ចំពោះ​​ជំនាញ​ក្នុង​​មុខវិជ្ជា វិទ្យាសាស្ត្រ​កុំព្យូទ័រ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថា ស្ត្រី​អាច​ជ្រើសរើស​មួយ​ណា​ក៏​បាន​ដូចជា Network, Programming, Design ទៀតសោត តាម​ការ​ពេញ​ចិត្ត។

 

ក្នងវគ្គ Coffee Time នៃ​កម្មវិធី៣០ដេលី កញ្ញា ប្លុង ម៉ាលីពណ៌ បាន​ឱ្យ​ដំបូន្មាន​ថា បើ​ចង់​សរសេរ App មួយ​បាន​ជោគជ័យ អ្នក​បង្កើត​ត្រូវ​មាន​ការ​តាំង​ចិត្ត​ឱ្យ​ដល់​ទី​បញ្ចប់ បើ​ទោះបី​ជា​​ស្មុគស្មាញ​យ៉ាងណា​ក្ដី៕

អត្ថបទ៖ អ៊ុំ សុភក្តិ