ក្រុម​បាល់ទាត់​ EDC ​នឹង​បង្កើត​ទីលាន​​ស្តង់ដារ​​ផ្ទាល់ខ្លួន​ត្រៀម​លីគ​ទី​២

​ក្រុម​បាល់ទាត់​​អគ្គិសនី​កម្ពុជា​​ (EDC ) ​បង្ហើប​គម្រោង​​ក្នុង​ការ​បង្កើត​​ទី​លាន​បាល់ទាត់​ផ្ទាល់​ខ្លួន​ស្ថិត​​នៅ​​​​​​សង្កាត់​ទូល​សង្កែ ខណ្ឌ​ឫស្សីកែវ​ក្រុង​ភ្នំពេញ ​ដែល​ទីលាន​នោះ​ នឹង​ធ្វើ​ឡើង​​​កម្រិត​ស្តង់ដារ​​​ឲ្យ​បានរួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ សម្រាប់​​ប្រើប្រាស់​​​​​ចូល​រួម​លេង​លីគ​ទី២ របស់​កម្ពុជា​ ។

 

ក្រុម​បាល់ទាត់​ EDC ​នឹង​បង្កើត​ទីលាន​​ស្តង់ដារ​​ផ្ទាល់ខ្លួន​ត្រៀម​លីគ​ទី​២ក្រុម​ EDC

 

​លោក ប្រាក់ វុទ្ធី គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​​អគ្គិសនី​កម្ពុជា​បាន​ឲ្យដឹង​ថា ​ក្រុម​របស់​លោក​​បាន​​ចុះ​កុងត្រា​រួចរាល់​​ជា​មួយ​ក្រុម​ហ៊ុន​មួយ ​​ក្នុង​ការ​សាងសង់​ទីលាន​​បាល់ទាត់​ផ្ទាល់​ខ្លួន​ ​ដែល​មាន​ទីតាំង​នៅ​តំបន់​ខាងលើ។ គម្រោង​របស់​ EDC គឺ​ធ្វើ​​ទីលាន​បាល់ទាត់​មួយ​ដែល​ត្រូវ​តាម​កម្រិត​ស្តង់ដារ​ មាន​ទាំង​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ កន្លែង​អង្គុយ​ទស្សនា​ និង​​​​​បំពាក់ភ្លើង​បំភ្លឺ​​ជាដើម។

 

​​គ្រូ​បង្វឹក​ធ្លាប់​ជួយ​បឹង​កេត​ឲ្យ​លើក​ពាន​លីគ​កំពូល​​កម្ពុជា​​​កាល​ពី​ឆ្នាំ​២០១២​រូប​នេះ​បន្ត​ថា ​​ជំហាន​ដំបូង​គឺ​សាងសង់​​​តែ​​ទីលាន​​សិន​សម្រាប់​ការប្រកួត ក្រោយ​ធ្វើ​ជំហាន​នេះ​រួច​ នឹង​ចាប់​​ផ្ដើម​ធ្វើ​​កន្លែង​អង្គុយ ឬ​កន្លែង​ផ្សេងៗ​ទៀត​តាម​ក្រោយ ហើយ​ស្មៅ​វិញ​គឺ​​ដាំ​ស្មៅ​ធម្មជាតិ​។ ​ការ​ចូល​រួម​លេង​លីគ​របស់​ EDC ​ក្នុង​គោល​បំណង​​ធំ​ពីរ​គឺ​ចូល​រួម​​លើក​កម្ពស់​វិស័យ​បាល់ទាត់ និង​​ធ្វើ​យ៉ាង​ណា​រំកិល​ខ្លួន​បាន​លេង​នៅ​លីគ​​​លំដាប់​កំពូល​របស់​កម្ពុជា។


បង​ប្រុស​បង្កើត​លោក​ ប្រាក់ សុវណ្ណារ៉ា​ ខាង​លើ​បន្ថែម​ថា ​ពេលវេលា​សាង​សង់​​​លោក​ មិន​ទាន់​ដឹង​ច្បាស់​ថា ក្រុម​ហ៊ុន​ដែល​បាន​ចុះ​កុងត្រា​រួចរាល់​នោះ​ នឹង​បើក​ការសាងសង់​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​ក្រុម​បាល់ទាត់​របស់​លោក​បាន​កំណត់​ពេល​វា​ជាក់​លាក់​ថា ​ទីលាន​ត្រូវ​តែ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​បម្រើ​សម្រាប់​ការ​ហ្វឹកហាត់ ក្នុង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ចូល​លេង​លីគ​ទី​២​។

 

​​​ក្រុម​បាល់ទាត់ EDC ​ជា​ក្រុម​បាល់ទាត់​​ទី​២ ​បន្ទាប់​ពី​​គីរីវង់​សុខ​សែន​ជ័យ​ ដែល​គ្រោង​ចូល​រួម​លេង​លីគ​ទី២​របស់​កម្ពុជា ​​មាន​ទីលាន​​ប្រើប្រាស់​ផ្ទាល់​ខ្លួន៕

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​ ​​​​
រូប​ថត៖ EDC