ឥណ្ឌូណេស៊ីពន្លិចទូកនេសាទបរទេសក្នុងថ្ងៃបុណ្យជាតិដើម្បីប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់

ថ្ងៃពុធនេះ ឥណ្ឌូណេស៊ីបានបើកប្រតិបត្តិការដ៏អស្ចារ្យមួយ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។ ទូកនេសាទបរទេសជាង៧០គ្រឿង ត្រូវបានពន្លិច នៅតាមកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ គឺថ្ងៃបុណ្យឯករាជ្យជាតិ។ រដ្ឋាភិបាលក្រុងហ្សាការតា ធ្វើបែបនេះ ដើម្បីព្រមានអ្នកនេសាទផ្សេងទៀតកុំឱ្យហ៊ានឆ្លងចូលក្នុងដែនទឹកឥណ្ឌូណេស៊ីទៀត និងជាវិធីផ្ញើសារទៅកាន់ប្រទេសជិតខាង ប្រកបដោយអត្ថន័យបំផុត។

ពន្លិចទូកនេសាទបរទេសចំនួន៧១គ្រឿង ទៅក្នុងបាតសមុទ្ទ ជំនួសការផ្លុំទៀន ក្នុងថ្ងៃបុណ្យខួបឯករាជ្យជាតិ ៧១ឆ្នាំ គឺជាទិដ្ឋភាពដ៏ជាក់ស្តែងមួយនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី។

ការនេសាទខុសច្បាប់មិនត្រឹមតែបានធ្វើឱ្យឥណ្ឌូណេស៊ីបាត់បង់ចំណូលរាប់ពាន់លានដុល្លារទេ តែការនេសាទដោយខុសច្បាប់ ប្រើសម្ភារៈនេសាទខុសច្បាប់ បានបំផ្លាញបរិស្ថានយ៉ាងខ្លាំង ! នេះមិនគិតអំពីការបាត់បង់ការងារសម្រាប់ពលរដ្ឋឥណ្ឌូណេស៊ីផង។ ហេតុដូច្នេះហើយបានជាឥណ្ឌូណេស៊ីត្រូវបញ្ជូនសារដ៏ច្បាស់លាស់មួយនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិតែម្តង។ នេះជាប្រសាសន៍របស់នាយកការិយាល័យការពារនិងលុបបំបាត់ការនេសាទខុសច្បាប់។

តាំងពីឡើងគ្រប់គ្រងប្រទេសនៅឆ្នាំ២០១៤មក រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ជាអាទិភាពមួយ។ ក្នុងរយៈពេលពីរឆ្នាំនេះ ទូកនេសាទចិន ថៃ វៀតណាម ហ្វីលីពីន ឬម៉ាឡេស៊ី ចំនួន ១៧៦គ្រឿង ត្រូវបានកម្ទេចនៅនឹងកន្លែង បន្ទាប់ចាប់ក្រុមអ្នកនេសាទចេញពីទូក ដែលជាទូទៅ គឺដោយប្រើជាតិផ្ទុះ។

ប៉ុន្តែនៅលើកនេះ ស្របតាមសំណើរបស់អង្គការការពារបរិស្ថាន រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជ្រើសរើសវិធីពន្លិចទូកចោល ដែលល្អសម្រាប់បរិស្ថាន ព្រោះមិនប៉ះពាល់ដល់ជីវិតរុក្ខជាតិនិងសត្វក្រោមទឹក ដូចការជាតិបំផ្ទុះ ហើយខ្មោចទូកនោះអាចក្លាយជាជម្រកសប្បនិម្មិត្ត របស់មច្ឆា និងផ្កាថ្មផង។

ប្រតិបត្តិការពន្លិចទូក ដែលប្រព័ន្ធឃោសនាបានផ្សព្វផ្សាយយ៉ាងទូលំទូលាយបំផុតនេះ បានប្រព្រឹត្តទៅចំពេលវិបត្តិនៅសមុទ្ទចិនខាងត្បូងឡើងតានតឹងខ្លាំង។ កាលពីខែមិថុនា ក្រោមហេតុផលនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ឥណ្ឌូណេស៊ីបានហ៊ានដល់បាញ់កម្លាសំដៅទូកនេសាទចិនផង៕

ប្រភព៖ RFI


Related Posts