តួកគីបន្តកម្ចាត់មនុស្សពាក់ព័ន្ធនឹងរដ្ឋប្រហារមិនសម្រេចដល់ក្នុងវិស័យឯកជន

តួកគីមិនអស់មិនហើយនឹងការធ្វើរដ្ឋប្រហារមិនសម្រេចទេ ! ការបោសសម្អាតកម្ចាត់មនុស្ស នៅតែបន្តធ្វើជារដឹក។ នៅថ្ងៃអង្គារទី ១៦សីហា ម្សិលមិញ ប៉ូលិសតួកគីបានចុះទៅចាប់មនុស្សដល់ក្រុមហ៊ុនសហគ្រាសឯកជន ដែលគ្មាននរណាគិតដល់ថាវិស័យនេះអាចពាក់ព័ន្ធនឹងរដ្ឋប្រហារឡើយ។ គិតចាប់តាំងពីថ្ងៃរដ្ឋប្រហារមិនសម្រេចមក មានមនុស្សជាង៣៥០០០នាក់ ត្រូវចាប់យកទៅឃុំខ្លួន ខ្លះបានសេរីភាពវិញ ប៉ុន្តែការស្រាវតាមចាប់សកម្មជនគាំទ្រប្រមុខសាសនា ហ្វេទូឡះ ហ្គូឡេន Fethullah Gülen នៅតែបន្តធ្វើ ដោយគ្មានបន្ធូរដៃឡើយ។

អ្នកជំនួញជាច្រើនស្និទ្ធនឹងប្រមុខសាសនាហ្គីឡេន ធ្លាប់ខ្វល់ខ្វាយក្រែងជាប់ចូលតុលាការ តែលើកនេះអាជ្ញាធរតួកគីបានប្រើមធ្យោបាយសម្បើមក្រៃ។ នៅថ្ងៃអង្គារម្សិលមិញ ប៉ូលិសបានចុះធ្វើប្រតិបត្តិការបោសសម្អាតមនុស្ស ដល់ក្នុងសហគ្រាសឯកជន មិនតិចជាង៤០ក្រុមហ៊ុនទេ ប៉ុន្តែឈ្មោះក្រុមហ៊ុនទាំងនោះមិនត្រូវបានបង្ហើបឱ្យដឹងជាសាធារណៈឡើយ។

នាយករដ្ឋមន្ត្រីតួកគី លោក Binali Yildirim បានសន្យាថា គ្រប់អ្នកជាប់ចោទ នឹងមានសិទ្ធិទទួលការកាត់ក្តីយ៉ាងយុត្តិធម៌។ តែនាយករដ្ឋមន្ត្រីរូបនេះ ហាក់ដូចជាចង់វិលទៅអនុវត្តិច្បាប់ប្រហារជីវិតឡើងវិញផង បើយោលទៅតាមចុងពាក្យដែលលោកបានព្រលយចេញ។

ជាសរុប មានមនុស្សជាងពីរម៉ឺននាក់ ដែលកំពុងជាប់ឃុំឃាំង ឬត្រូវឃាត់ទុក បន្ទាប់ពីមានរដ្ឋប្រហារមិនសម្រេចកើតឡើង ហើយដំណើរការតុលាការក៏បានចាប់ផ្តើមដែរ។ ម្សិលមិញ រដ្ឋអាជ្ញាតួកគី បានទាមទារឱ្យដាក់ទោសបន្ថែមលើ ប្រមុខសាសនា ហ្វេទូឡះ ហ្គីឡេន ពីជាប់ពន្ធនាគារ ទៅទោសនៅក្នុងគុកអស់មួយជីវិត ព្រមទាំង ១៩០០ឆ្នាំ ក្នុងពន្ធនាគារបន្ថែមទៀត ចំពោះទោសដែលក្រុងអង់ការ៉ាចោទថាជាមេកើយពន្យុះឱ្យមានរដ្ឋប្រហារថ្ងៃទី ១៥កក្កដា។

ទន្ទឹមនឹងការតាមកាត់ទោស និងបន្តតាមចាប់ខ្លួនមនុស្ស តួកគីក៏បានធ្វើការប្រកាសដោះលែងអ្នកទោស ដែលបានកាត់ទោសរួច មុនថ្ងៃទី ១ កក្កដា ២០១៦ ពោលគឺមុនរដ្ឋប្រហារ ចំនួន៣៨០០០នាក់។ នេះបើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី ដែលបានបន្ថែមទៀតថាអាចនឹងមានការផ្តល់សេរីភាព មុនកំណត់ដល់អ្នកទោសផ្សេងៗ តែកុំរំពឹងសោះចំពោះអ្នកមានពាក់ព័ន្ធនឹងរដ្ឋប្រហារ។

សូមបញ្ជាក់ថា ក្រោយរដ្ឋប្រហារមិនសម្រេច យុទ្ធនាការបោសសម្អាតផ្ទៃក្នុង ក្នុងស្ថាប័នរដ្ឋនិងវិស័យឯកជន បាននាំមនុស្សជាង ៣៥០០០នាក់ឱ្យស្ថិតនៅក្រោយចំរ៉ឹងដែក ក្នុងនោះ បើតាមអាជ្ញាធរ ១១៦០០នាក់បានរួចខ្លួនវិញ។ ប៉ុន្តែពន្ធនាគារតួកគីនៅតែណែន ហេតុដូច្នេះហើយបានគេសង្ស័យថា ការប្រកាសដោះលែងអ្នកទោសមុនរដ្ឋប្រហារ ទំនងដើម្បីសម្រួលបន្ទុកបុគ្គលិកពន្ធនាគារ និងដើម្បីពន្ធនាគារទូលាយបន្តិច៕

ប្រភព៖ RFI


Related Posts