អូស្រ្តាលីថា វៀតណាមលុបចោលគម្រោងរបស់អូស្រ្តាលីក្នុងការប្រារព្ធខួបលើកទី ៥០ នៃការប្រយុទ្ធរបស់ទាហានអូស្រ្តាលីក្នុងសង្គ្រាមវៀតណាម

រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការអំពាវនាវកម្រិតខ្ពស់ដល់រដ្ឋាភិបាលវៀតណាមនៅថ្ងៃពុធនេះ ដើម្បីឲ្យប្រទេសវៀតណាមលុបចោលនូវការហាមឃាត់ ដែលធ្វើឡើងភ្លាមៗដោយរដ្ឋាភិបាលវៀតណាមចំពោះទាហានជើងចាស់អូស្ត្រាលីក្នុងការប្រារព្ធខួបលើកទី ៥០ នៃការប្រយុទ្ធតស៊ូរបស់ទាហានអូស្ត្រាលីនៅក្នុងសង្គ្រាមវៀតណាមនៅចន្លោះទសវត្សរ៍ឆ្នាំ ១៩៥០ និងទសវត្សរ៍ឆ្នាំ ១៩៧០។

រដ្ឋាភិបាលវៀតណាមបានជូនដំណឹងដល់រដ្ឋាភិបាលអូស្ត្រាលីអំពីការហាមឃាត់នេះក្នុងរយៈពេលមិនដល់ ៤៨ ម៉ោងផង នៅមុនថ្ងៃដែលគ្រោងនឹងប្រារព្ធនូវខួបលើកទី ៥០ នេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅថ្ងៃពុធនេះ។

ទាហានជើងចាស់អូស្ត្រាលីច្រើនជាងមួយពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីប្រារព្ធខួបនៃការប្រយុទ្ធតស៊ូនៅក្នុងសមរភូមិ Long Tan ដែលគ្រោងនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែកនៅជិតភូមិ Long Tan ខេត្ត Phuoc Tuy ដែលនៅទីនោះ ទាហានអូស្ត្រាលី ១៨ នាក់ រួមទាំងទាហានវៀតណាមខាងជើង និងទាហានវៀតកុងជាច្រើនរយនាក់ផ្សេងទៀតបានស្លាប់នៅក្នុងចម្ការកៅស៊ូមួយកន្លែងកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៦៦។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop បាននិយាយនៅថ្ងៃពុធនេះថា៖ «រដ្ឋាភិបាលអូស្ត្រាលីមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាមនេះ‍»។

លោក Dan Tehan រដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជន បាននិយាយថា លោកមានការខកចិត្តបំផុត ដែលរដ្ឋាភិបាលវៀតណាមជូនដំណឹងអំពីការលុបចោលនូវគម្រោងរំលឹកខួបនេះ បន្ទាប់ពីបានចរចាអំពីគម្រោងនេះអស់រយៈពេល ១៨ ខែកន្លងមក។

លោកស្រី Julie Bishopរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានបញ្ជាក់ថា ទោះបីជាមានការហាមឃាត់ក៏ដោយ ក៏មានគណៈប្រតិភូផ្លូវការមួយក្រុមដែលរួមទាំងឯកអគ្គរដ្ឋទូតអូស្ត្រាលី និងឯកអគ្គរដ្ឋទូតនូវែលសេឡង់នឹងទៅដាក់កម្រងផ្កានៅថ្ងៃព្រហស្បតិ៍ស្អែកនេះដែរ៕

ប្រភព៖ VOA


Related Posts