ស្រីស្អាត ២នាក់ និយាយអំពីបញ្ហា ត្រូវជនខិលខូច ប្រើប្រាស់រូបភាព របស់ខ្លួន យកទៅលេងក្នុងហ្វេសប៊ុក!

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ សព្វថ្ងៃនេះ បញ្ហាជាច្រើន កំពុងកើតមានឡើងក្នុងបណ្តាញសង្គម ដោយសារតែមនុស្សខិលខូចមួយចំនួន បានឆ្លៀតឱកាស យករូបថតនារីស្អាតៗ ទៅកេងបន្លំ និងឆបោកលុយអ្នកដទៃជាដើម។ ចុះតើអ្នកដឹងទេថា មនុស្សមួយចំនួនដែលរងគ្រោះដោយសារតែ ត្រូវគេយករូបថតខ្លួនទៅលេង តើពួកគេ ទទួលរងបញ្ហា ឬរឿងអាក្រក់អ្វីខ្លះ?

ហេតុនេះKhmerload បានសាកសួរនារីវ័យក្មេងមួយចំនួន ដែលពួកគេធ្លាប់ជួបបញ្ហាត្រូវគេយករូបទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចង់ដឹងថាយ៉ាងណានោះ ទៅតាមដានទាំងអស់គ្នា៖ 

ចំពោះនារីស្រស់ស្អាតវ័យក្មេង ឈ្មោះសុដាលីន វ័យ១៩ឆ្នាំ សព្វថ្ងៃប្រកបអាជីវកម្មផ្ទាល់ខ្លួន បានឲ្យដឹងថា “ចំពោះរឿងដែលគេយករូបខ្ញុំទៅលេង គឺច្រើនដងណាស់មកហើយ តែមានគណនីហ្វេសប៊ុកមួយ ដែលខ្ញុំចាប់អារម្មណ៍ និងសាហាវជាងគេ មានម្នាក់ ដែលខ្ញុំចាំបានថា ដាក់ឈ្មោះ និងរូបថតដូចខ្ញុំតែម្តង។ ហើយខ្ញុំ មិនដឹងថាគេចង់ ព្យាយាមធ្វើឲ្យដូចខ្ញុំ ក្នុងករណីស្រលាញ់ រឺធ្វើរឿងមិនគប្បីនោះទេ។ ពីដំបូងឡើយ គណនីហ្វេសប៊ុក ដែលតែងតែដើរតួជាខ្ញុំនោះ គឺខ្ញុំមិនបានដឹងទេ តែរហូតដល់ថ្ងៃមួយ មានមិត្តភក្តិ បានប្រាប់ថា គណនីហ្វេសប៊ុកមួយនោះ តែងតែធ្វើអ្វីគ្រប់បែបយ៉ាង តាមខ្លួនខ្ញុំ សូម្បីខ្ញុំថត រឺទៅណា គឺគេធ្វើតាមទាំងអស់ ដែលធ្វើឲ្យគ្រប់គ្នា យល់ច្រឡំថាជា គណនីហ្វេសប៊ុកមួយទៀតរបស់ខ្ញុំ។ អ្វីដែលសាហាវជាងនេះទៅទៀត គឺមនុស្សភាគច្រើន តែងតែជឿស្លុង និងតែងនិយាយទូរស័ព្ទជាមួយម្នាក់ស្រីនោះថែមទៀត"

ស្រីស្អាតលីន បានបន្តថា “ម្នាក់ស្រីមួយនោះ ត្រូវបានបែកការឡើង ខណៈខ្ញុំកំពុងលេងLive Bingo ហើយរូបគេកំពុងនិយាយទូរស័ព្ទជាមួយមនុស្សប្រុសម្នាក់ ដែលរូបគាត់ជាអ្នកប្រាប់ខ្ញុំ ពីគំនិតដ៏សែនអាក្រក់របស់គេ។ បន្ទាប់ពីខ្ញុំដឹងរួចមក ខ្ញុំក៏ធ្លាប់បាននិយាយជាមួយគេ ព្រោះពេលនោះដែរ ខ្ញុំសុំលេខពីបងប្រុសរូបនោះ ព្រោះចង់ឲ្យរូបគេ បញ្ឃប់នូវសកម្មភាពដើរបោកប្រាស់នេះជាបន្ទាន់។ ហើយរឿងនេះមួយ វាធ្វើឲ្យ ប៉ះពាល់កិត្តិយសខ្ញុំដ៏ធ្ងន់ធ្ងរ ដែលខ្លួនខ្ញុំផ្ទាល់មិនបានធ្វើអ្វីផង ស្រាប់តែគេថា ខ្ញុំធ្លាប់និយាយទូរស័ព្ទជាមួយប្រុសនេះ ប្រុសនោះទៅវិញ”

ជាចុងក្រោយ កញ្ញា លីន ក៏បានសំណូមពរ ទៅកាន់អ្នកដែលយករូបរបស់នាង ទៅប្រើប្រាស់ ដើម្បីក្តីសុខ និងប្រយោជន៍ផ្ទាល់ខ្លូននោះ សូមមេត្តាបញ្ចប់រឿងនេះ កុំឲ្យរូបនាងឈានទៅដល់ការប្តឹងផ្តល់ជាងនេះ។ ហើយចំពោះគណនីហ្វេសប៊ុករបស់ កញ្ញា លីន មានតែមួយ ដែលក្រៅពីហ្នឹង ដែលយករូបនាងទៅដាក់សុទ្ធតែគណនីហ្វេសប៊ុកក្លែងក្លាយទាំងអស់ ហើយនាងក៏បានផ្តាំទៅអ្នកលេងបណ្តាញសង្គមផងដែរ មុននឹងជឿជាក់នឹងអ្នកណាម្នាក់ សូមពិចារណាឲ្យបានច្បាស់។ 

បែរមក កញ្ញា អេនណា អាយុ២០ឆ្នាំ ជាសមាជិកក្រុមរាំនារីដ៏ល្បីឈ្មោះ OMG បានឲ្យដឹងថា “រាល់ថ្ងៃនេះ អ្នកដែលយករូបខ្ញុំទៅដាក់ជា Profile ក្នុងបណ្តាញសង្គមហ្វេសប៊ុក មានច្រើននាក់ណាស់ ដែលអ្នកខ្លះ chat ទៅទាក់ទងមនុស្សប្រុស ផ្ញើសារជាសំលេង ហើយជូនកាលទៀត ថែមទាំងបន្លំធ្វើជាខ្លួនខ្ញុំក៏មានផងដែរ ។ ពេលខ្លះ មិត្តភក្តិបានផ្ញើគណនីហ្វេសប៊ុកនោះឲ្យមើល ហើយសាកសួរខ្ញុំថា "គណនីហ្វេសប៊ុក" ថ្មីមែន? ពេលខ្លះខ្ញុំក៏ហួសចិត្ត នូវរឿងទាំងនេះដែរ  មិនមែនសប្បាយចិត្ត ពេលឃើញ រូបយើងទៅដាក់រញ៉េរញៃក្នុងហ្វេសប៊ុកអញ្ចឹងទេ។ 

ចំពោះការយករូបយើង ទៅប្រើប្រាស់ក្នុងហ្វេសប៊ុក វាពិតជាមានគ្រោះថ្នាក់ណាស់ ជួនកាលគេយកទៅដាក់ ក្នុងទំព័រហ្វេសប៊ុកនយោបាយ រឺក៏ផេកអាសអាភាសផ្សេងៗជាដើម។ ហើយអ្នកដែលយករូបខ្ញុំទៅលេង មាន៣ប្រភេទ ដែលអ្នកខ្លះស្រលាញ់យើង ចង់យករូបយើងទៅដាក់ជាធម្មតា រឺឯអ្នកខ្លះ ឃើញយើងស្អាត និងល្បី ក៏យកទៅដាក់ ដើម្បីឲ្យគេadd មកច្រើន។ តែអ្នកខ្លះទៀត បានយករូបខ្ញុំទៅលេង ដោយចង់ទាញផលប្រយោជន៍ ដូចជាគំនិតខិលខូច ចង់ឆបោកលុយអ្នកដទៃ”

កញ្ញា អេនណា បានបន្តថា “តាំងពីខ្ញុំលេងហ្វេសប៊ុកមក មាននារីម្នាក់ ដែលធ្វើឲ្យខ្ញុំក្តៅក្រហាយ និងមានបញ្ហាដោយសារតែរូបគេច្រើនជាទីបំផុត។ ម្នាក់ស្រីនោះ បានប្រើរូបខ្ញុំទៅលេង ដោយប្រាប់គេថា រូបគេមានគណនីហ្វេសប៊ុកចំនួន៣ ហើយតែងតែព្យាយាមតាមដានខ្ញុំគ្រប់សកម្មភាពរបស់ខ្ញុំ។

បើនិយាយត្រួសៗ នាងធ្វើឲ្យឈឺក្បាល ច្រើនរឿងណាស់ ដោយកាលពីមុន រូបគេបានដាក់ខ្ញុំ ដោយតែងសម្តែងចេញមកថាជាខ្ញុំ ។ ហើយនៅថ្ងៃមួយ មានបងប្រុងម្នាក់ ដែលគាត់ចង់ហៅខ្ញុំថត ព្រោះគាត់ធ្លាប់ឃើញខ្ញុំនៅក្រៅ តែគាត់មិនបានស្គាល់គណនីហ្វេសប៊ុកខ្ញុំពិតប្រាកដ និងគាត់ក៏បានឆាតទៅម្នាក់ស្រីនោះ។ ហើយរូបគេតែងតែនិយាយប្រកែកជាច្រើនដងជាច្រើនសារ ធ្វើឲ្យបងប្រុសម្នាក់នោះ គាត់ចាប់ផ្តើមឆ្ងល់ ក៏ព្យាយាមស្វែងរកគណនីហ្វេសប៊ុកពិតរបស់ខ្ញុំ រហូតបែកការណ៍តាំងពីពេលនោះមក។ ជាពិសេស មិនមែន តែរឿងមួយនេះទេ គឺម្នាក់ស្រីនោះ ក៏ធ្លាប់បានឆាតទិញឥវ៉ាន់ តាមហ្វេសប៊ុក តែជិតដល់ថ្ងៃត្រូវយករបស់ រូបគេបែរជាប្រកែកឡើងញ័រមាត់ ធ្វើឲ្យអ្នកលក់ក្តៅក្រហាយ មកឆាតជេរខ្ញុំ ទាំងខ្លួនខ្ញុំមិនដឹងខ្លួនទាល់តែសោះ។ និយាយរួមម្នាក់ស្រីនោះ បានដើរប្រាប់គេថា នាងមានគណនីហ្វេសប៊ុក៣ បូកផ្សំនិងហ្វេសប៊ុករបស់ខ្ញុំចំនួន២ ដូច្នេះទើបធ្វើឲ្យមនុស្សជាច្រើន មានការយល់ច្រឡំ និងស្មានខុស គិតថារូបខ្ញុំ ទើបតែបង្កើតគណនីហ្វេសប៊ុកមួយទៀត។

ក្រោយពីខ្ញុំបានដឹងរួចមក ខ្ញុំក៏បានបង្ហោះជាវីដេអូមួយ ដើម្បីបង្ហាញពីគណនីហ្វេសប៊ុកក្លែងក្លាយ ហើយក៏បានប្រាប់ទៅកាន់អ្នកលេងហ្វេសប៊ុក កុំឲ្យមានការចាញ់បោក ដោយសារតែម្នាក់ស្រីនេះទៀត”

ហើយចុងក្រោយសម្រាប់កញ្ញា អេនណា ក៏បានផ្តែផ្តាំទៅកាន់អ្នកលេងបណ្តាញសង្គមគ្រប់គ្នា សូមកុំមានការយលច្រឡំ ពេលឃើញរូបនាងក្នុងគណនីហ្វេសប៊ុកផ្សេងៗរឺក៏ផេកផ្សេងៗ ហើយនាង ក៏សូមប្រកាសមិនទទួលខុសត្រូវ ក្នុងករណីមានរឿងអាក្រក់កើតឡើង ចំពោះបញ្ហាខាងលើ ដែលនាងបានរៀបរាប់។ 

យ៉ាងណាមិញ Khmerload សូមក្រើនរំលឹកដល់ប្រិយមិត្តផងដែរ មុននឹងជឿជាក់អ្នកណាម្នាក់ក្នុងហ្វេសប៊ុក សូមមេត្តាគិតគូរល្អិតល្អន់ ព្រោះថ្មីៗនេះ មានបញ្ហាជាច្រើនក្នុងហ្វេសប៊ុក ដោយសារតែជនខិលខូច  បានរិះរកគ្រប់មធ្យោបាយ ដើម្បីបោកប្រាក់លុយកាក់ ឬធ្វើរឿងមិនគប្បីផ្សេងៗ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload