ចូវ សុធារ៉ា ចាញ់ពិន្ទុកូឡុំប៊ីដាច់ អស់ឱកាសទៅវគ្គបន្ត

កីឡាការិនីចូវ សុធារ៉ា របស់កម្ពុជា បានរងបរាជ័យក្នុងលទ្ធផល ១០-០ ក្នុងការប្រកួតអូឡាំពិកជាលើកទី១របស់នាងកាលពីយប់មិញ (ម៉ោងនៅកម្ពុជា) លើវិញ្ញាសាចំបាប់នារី ទម្ងន់៤៨គីឡូក្រាម នៅពេលប្រកួតជាមួយនឹងកីឡាការិនីកូឡុំប៊ី Carolina Castillo Hidalgo ក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល។

Sotheara-and-Carolina

ការចាញ់ដោយពិន្ទុដាច់នេះ ធ្វើឲ្យ ចូវ សុធារ៉ា វ័យ៣២ឆ្នាំ ត្រូវធ្លាក់ចេញជាស្ថាពរត្រឹមការប្រកួតជុំទី១ ដែលជាវគ្គ១៦នាក់ចុងក្រោយនេះ ពោលគឺមិនមានឱកាសក្នុងការទទួលបានសិទ្ធិទី២ ដើម្បីឈានទៅវគ្គបន្តឡើយ។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់តាមបណ្តាញសង្គម Facebook ពីទីក្រុង Rio ថា៖ «យើងបានជម្នះឧបស័គ្គជាច្រើនតាំងពីការហូបចុក ស្នាក់នៅ និងការសម្រកទម្ងន់ជាដើម ប៉ុន្តែ សុធារ៉ា ហាក់ដូចជាមានការភ័យខ្លាចបន្តិច ដោយសារតែមិនដែលចូលរួមប្រកួតអូឡាំពិក។ គូប្រកួតរបស់គេ (Carolina) មានការជឿជាក់ជាង និងខ្លាំងជាង។

ចូវ សុធារ៉ា ក៏ចាញ់ប្រៀបផ្នែកកម្លាំង និងបច្ចេកទេសផងដែរ»។ ដោយឡែក កីឡាការិនីកូឡុំប៊ី Carolina វ័យ២៤ឆ្នាំ បានឈានទៅជួបកីឡាការិនីប៊ុលហ្គារី Elitsa Yankova ក្នុងវគ្គ៨នាក់ចុងក្រោយ មុននឹងចាញ់ក្នុងលទ្ធផល ៣-១។ ស្របពេលជាមួយគ្នានេះ កីឡាការិនីជប៉ុន Eri Tosaka បានផ្តួលកីឡាការិនី Mariya Stadnik ក្នុងលទ្ធផល ៣-១ ដើម្បីឈ្នះមេដាយមាសលើវិញ្ញាសាសេរី ទម្ងន់៤៨គីឡូក្រាមនេះ៕

The post ចូវ សុធារ៉ា ចាញ់ពិន្ទុកូឡុំប៊ីដាច់ អស់ឱកាសទៅវគ្គបន្ត appeared first on CamboSport.