បេះដូង​អូន​ស្រាំ​ខ្ទេច បងបាន​នែបនិត្យ​ហើយដោះដៃ​គ្មាន​អាល័យ​ស្នេហ៍

បេះដូង​អូន​ស្រាំ​ខ្ទេច បងបាន​នែបនិត្យ​ហើយដោះដៃ​គ្មាន​អាល័យ​ស្នេហ៍



ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​នារី​ម្នាក់​ដែល​ខូចចិត្ត ដោយសារ​សង្សារ​បាន​ខ្លួនប្រាណ​នាង​ហើយ​ដោះដៃ​ចោល គឺ​ពេល​នាង​ហៅ​ប្រុស​ស្នេហ៍​នោះ​ឱ្យមក​ជួប​បែរជា​មិន​មក ទើប​ធ្វើ​ឱ្យ​នាង​មានការអន់ចិត្ត​យ៉ាង​ខ្លាំង​ហើយ​គិត​ខ្លី​ចង់​ស្លាប់ ក៏​ឡើង​ទៅ​លើដំបូល​ផ្ទះ​លោត​ចុះ​មក​ក្រោម​បណ្តាល​ឱ្យ​របួស​ចង្កេះ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា នៅ​ភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ។ នារី​ខូចចិត្ត​រូប​នេះ​ឈ្មោះ អា​ទី អាយុ​២៦​ឆ្នាំ មាន​សង្សារ​ឈ្មោះ ម៉េច រ៉ា​ម៉​ន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ដី សង្កាត់​ច្បារមន ក្រុង​ច្បារមន  ។

នាង​អា​ទី​ដែល​ខូចចិត្ត​បាន​និយាយ​ថា ពេល​បាន​ខ្លួនប្រាណ​នាង​ហើយ​បែរជា​ធ្វើ​ព្រងើយកន្តើយ​ប្រុង​ដោះដៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​តូច​ចិត្តជា​ខ្លាំង​ថា ការ​ដែល​គេ​មក​លួងលោម​សុំ​ស្នេហ៍​នាង​គឺ​គ្រាន់តែ​ចង់បាន​ខ្លួនប្រាណ​នាង​តែ​ប៉ុណ្ណោះ​។ ដោយសារ​នាង​គិត​ដូច្នេះ​ហើយ ទើប​នាង​សម្រេចចិត្ត​ឡើង​ទៅ​លើដំបូល​ផ្ទះ​លោត​មក​ដី ក្នុង​គោល​បំណង​​សម្លាប់​ខ្លួន តែ​បែរជា​មិន​ស្លាប់ គ្រាន់តែ​របួស​ចង្កេះ ។

នារី​ខូចចិត្ត​រូប​នេះ​និយាយ​ទៀត​ថា ពេល​នេះ​នាង​ចង់​ស្លាប់ មិន​ចង់រ​ស់ទៀត​ទេ អ្វី​ដែល​ធ្វើ​ឱ្យ​នាង​អស់សង្ឃឹម​ខ្លាំង​បំផុត គឺ​នៅ​ពេល​ដែល​នាង​ទូរស័ព្ទ​រក​ប្រុស​ស្នេហ៍​បែរជា​គេ​មិន​ព្រម​លើក​ទូរស័ព្ទ ទើប​ឈឺចិត្ត​មិន​អាច​ទ្រាំ​រស់​តទៅ​ទៀត​បាន ។

អ្នក​ជិតខាង​ម្នាក់​និយាយ​ដឹង​ថា មុន​ពេល​កើតហេតុ​គ្រប់​គ្នា​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ​ជា​ធម្មតា ដោយ​ពុំ​មាន​អ្នក​ណា​ចាប់អារម្មណ៍​ថា​នាង​ឡើង​ទៅ​លើដំបូល​ផ្ទះ ប៉ង​លោត​សម្លាប់​ខ្លួន​នោះ​ឡើយ ។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក គ្រប់​គ្នា​ឮ​សំឡេង​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​ដូច​មាន​អ្វី​ធ្លាក់​ពីលើ​មេឃ​ក៏​នាំ​គ្នា​ចេញ​មក​រក​មើល​ស្រាប់តែ​ឃើញ​នាង​កំពុង​ដេក​លើ​ដី​ចុក​ននៀល​តែ​ម្នាក់ឯង ។ 

ក្រោយ​ឃើញ​សភាពការណ៍​ដូច្នេះ អ្នក​ជិតខាង​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​ពេល​សមត្ថកិច្ច​មក​ដល់ នារី​រង​គ្រោះ​ពុំ​ព្រមទៅ​មន្ទីរពេទ្យ​ទេ ហើយ​សមត្ថកិច្ច​បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ៕