កៀក​ថ្ងៃ​ប្រលង​បាក់​ឌុប សិស្ស​និទ្ទេស​ A ឆ្នាំ​មុន ​​​​ប្រាប់​​បទ​ពិសោធន៍​​រំលឹក​មេរៀន​

នៅ​សល់​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​​ដំណើរ​ការ​ប្រលង​បាក់​ឌុប​​​​​ទូទាំង​ប្រទេស​នឹង​ចាប់​ផ្ដើម​។ ទន្ទឹម​នឹង​នោះ​ ​​សិស្ស​ថ្នាក់​ទី​១២​ដែល​ជា​បេក្ខជន​​ប្រលង​​​​ក៏​កំពុង​ខ្មីឃ្មាត​រំលឹក​មេរៀន​​​ពី​​ដើម​ឆ្នាំ​​​សារ​ឡើង​វិញ​ ដើម្បី​​ការ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​ក្នុង​ថ្ងៃ​​សំខាន់​របស់​ពួក​គេ​​។

 

កៀក​ថ្ងៃ​ប្រលង​បាក់​ឌុប សិស្ស​និទ្ទេស​ A ឆ្នាំ​មុន ​​​​ប្រាប់​​បទ​ពិសោធន៍​​រំលឹក​មេរៀន​

យុវជន​ ហ៊ុយ រ័ត្នពិសាល​

 

ដើម្បី​ជា​ការ​ចែក​រំលែក​​​នូវ​​ការ​ត្រៀម​​ខ្លួន​កៀក​ថ្ងៃ​ប្រលង យុវជន​ ហ៊ុយ រ័ត្នពិសាល​ សិស្ស​​និទ្ទេស A ឆ្នាំ​២០១៥​ ​​កន្លង​ទៅ និង​បច្ចុប្បន្ន​ជា​និស្សិត​រៀន​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​​នៅ​សកលវិទ្យាល័យ​​អាមេរិកាំង​ភ្នំពេញ​ ​​​​​​បាន​ប្រាប់​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​នូវ​ចំណុច​សំខាន់​ៗ​​ដែល​គួរ​រំលឹក​សម្រាប់​​​មេរៀន​​​ផ្នែក​លំហាត់ និង​មេរៀន​ផ្នែក​​ទន្ទេញ​៖

 

*** មេរៀន​លំហាត់៖ ចំពោះ​​​ការ​រំលឹក​​មុខ​វិជ្ជា​លំហាត់​ដូច​ជា គណិតវិទ្យា រូប​វិទ្យា គីមីវិទ្យា សិស្ស​និទ្ទេស​ A​រូប​នេះ​បាន​រៀប​រាប់​ថា​ គឺ​មាន​តែ​ការ​អនុវត្ត​​ធ្វើ​លំហាត់​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទើប​មាន​ប្រសិទ្ធភាព ដោយ​មាន​ភាព​អត់ធ្មត់ ត្រូវ​ដឹង​ពី​គន្លឹះ​ដោះ​ស្រាយ និង​​វិធី​ផ្ទៀង​ផ្ទាត់​លំហាត់​ឲ្យ​បាន​ត្រឹម​ត្រូវ។

 

“ការ​ធ្វើ​លំហាត់​នោះ គឺ​មិន​ទាម​ទារ​ឲ្យ​​យើង​ធ្វើ​តែ​លំហាត់​ថ្មី​ៗ មិន​ធ្វើ​លំហាត់​ដដែល​ៗ ឬ​ធ្វើ​លំហាត់​ពិបាក​ៗ មិន​ធ្វើ​លំហាត់​តូច​ៗ​នោះ​ទេ ប៉ុន្តែ​គឺ​ធ្វើ​ទាំង​អស់​ឲ្យ​បាន​ច្រើន​ ទើប​​កាន់​តែ​ឆាប់​ចាំ​ក្បួន​ធ្វើ​លំហាត់​ ព្រម​ទាំង​កាន់​តែ​ងាយ​ស្រួល​ពេល​ធ្វើ​លំហាត់​ម្ដង​ទៀត “។ នេះ​ជា​​ការ​រៀប​រាប់​របស់ យុវជន​ ពិសាល។

 

***មេរៀន​ទន្ទេញ៖ សម្រាប់​ផ្នែក​មេរៀន​ទន្ទេញ​វិញ​ តួ​យ៉ាង​ដូច​ប្រវត្តិ​វិទ្យា ជីវវិទ្យា អតីត​សិស្ស​សាលា​រៀន​សុវណ្ណភូមិ​រូប​នេះ​បាន​​ប្រាប់​​ពី​វិធីសាស្ត្រ​​ក្នុង​ការ​ទន្ទេញ​របស់​ខ្លួន​ថា ក្នុង​ការ​ទន្ទេញ​មេរៀន​នោះ គឺ​​គួរ​ទន្ទេញ​ឲ្យ​យល់​ពី​មេរៀន​ ទើប​ចាំ​បាន​យូរ មិន​មែន​ទន្ទេញ​ចាំ​មាត់​នោះ​ទេ។

 

យុវជន​មក​ពី​ខេត្ត​កណ្ដាល​​​ខាង​លើ​ បាន​បន្ថែម​​ថា៖ “ការ​ទន្ទេញ​មេរៀន​នោះ​ផង​ដែរ គឺ​ត្រូវ​មើល​មេរៀន​ឲ្យ​បាន​ជា​ប្រចាំ​ ទើប​ចាំ​បាន​ច្បាស់ ប្រសិន​បើ​មើល​ម្ដង​មិន​ចាំ​​​ មើល​ឲ្យ​បាន​ច្រើន​ដង កុំ​បោះ​បង់​ចោល”។

 

កៀក​ថ្ងៃ​ប្រលង​បាក់​ឌុប សិស្ស​និទ្ទេស​ A ឆ្នាំ​មុន ​​​​ប្រាប់​​បទ​ពិសោធន៍​​រំលឹក​មេរៀន​
 

 

សម្រាប់​​វិធី​ខាង​លើ​​ សិស្ស​និទ្ទេស​ A រូប​នេះ​បាន​ប្រាប់​ថា រូប​គេ​បាន​​​អនុវត្ត​វា​​ក្នុង​ការ​រំលឹក​មេរៀន​ពី​ដើម​ឆ្នាំ​ ដោយ​​មើល​​ពី​មេរៀន​​ណា​ខ្វះ​ចន្លោះ​មិន​ទាន់​ច្បាស់​ គឺ​យក​មក​សិក្សា​​បន្ថែម​ទៀត។

 

​ជា​ចុង​ក្រោយ យុវជន​រូប​នេះ​ក៏យុវជន​ ហ៊ុយ រ័ត្នពិសាល ក៏​បាន​ផ្ដាំ​ផ្ញើ​​​ទៅ​​​សិស្ស​​​ទី​​១២​ដែល​ត្រូវ​ប្រលង​បាក់​ឌុប​​ថា កុំ​ឲ្យ​មាន​ការ​ភ័យ​ព្រួយ​​ក្នុង​ការ​ប្រលង ព្រោះ​ការ​ភ័យ​ធ្វើ​ឲ្យ​ភ្លេច​មេរៀន ដោយ​ជឿ​ជាក់​លើ​សមត្ថភាព​​ខ្លួន​​ឯង៕

 

ចុចអាន៖  ប្រការ​​សំខាន់​ៗ​ដែល​បេក្ខជន​បាក់ឌុប មិន​​ត្រូវ​​ធ្វើ​​ដាច់​ខាត​​នៅ​ពេល​​ប្រលង

អត្ថបទ៖ មាន រតនា​​​​​​​​​
រូបភាព៖ ផ្តល់ឲ្យ

​​​​