យួន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី កាន់តែ​គឃ្លើន​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​តាម​តំបន​ព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ភាគី​យួន​បំពាន​សាងសង់​សំណង់​ផ្សេងៗ ក៏ដូចជា​ជីក​ស្រះ​ចូលមកក្នុង​តំបន់ស យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​តំបន់ស​នោះ គឺ​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​ខ្មែរ​។ ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ប៉ុស្ដិ៍​លេខ​៦០៣​ភូមិ​ឡំ បាន​សហការ​ជាមួយ​កម្លាំង​ទីបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០២ ចុះ​ពិនិត្យ​សំណង់​រឹង​ដែល​ភាគី​យួន​បាន​សាងសង់​ក្នុង​តំបន់ស ចំណុច​ប៉ុស្ដិ៍​សង្កេតការណ៍​លេខ​៧២៣​របស់​យួន​ជាប់​នឹង​ប៉ុស្ដិ៍​លេខ​៦០៣​ក្នុងភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

ប្រភពពី​មន្ត្រី​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ បាន​ឲ្យ​ដឹងថា សំណង់​ប៉ុស្ដិ៍​លេខ​៧២៣​របស់​យួន​នោះ ត្រូវ​ទាហាន​យួន​សាងសង់​លើ​តំបន់ស តាំងពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ពុំមាន​ការឯកភាព​ពី​ភាគី​ខ្មែរ​ឡើយ​។ រហូតមកដល់​ពេលនេះ​ភាគី​យួន​បាន​បន្ត​សាងសង់​យ៉ាង​គឃ្លើន​ដោយ​មិន​ព្រម​ទទួលយក​សំណើ​របស់​ភាគី​ខ្មែរ​តាមរយៈ​លិខិត​កំណត់​ទូត​ដែល​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​យួន​នោះទេ​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា យួន​នៅតែ​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូយ៉ាដាវ យ៉ាង​កំរោល​ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនទាន់​ឃើញ​មាន​វិធានការ​អ្វី​ដើម្បី​ទប់ស្កាត់​ក្រៅពី​ផ្ញើ​កំណត់​ទូ​តទៅ​រដ្ឋាភិបាល​យួន​នោះទេ​។

ទាក់ទង​ទៅនឹង​បញ្ហា​ព្រំដែន​នេះដែរ ប្រភពពី​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ភាគី​យួន​បាន​ស្នើសុំ​សាងសង់​ខ្លោងទ្វារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្រុក​ដាក់​កឺ ខេត្ត​យ៉ា​ឡាយ ជាប់​ព្រំប្រទល់​ច្រកទ្វារ​អន្តរជាតិ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ ប៉ុន្តែ​ភាគី​ខ្មែរ​មិន​ឯកភាព​ឲ្យ​ភាគី​យួន​សាងសង់​ខ្លោងទ្វារ​ច្រកព្រំដែន​អន្តរជាតិ​ស្រុក​ដាក់​កឺ​នោះទេ ព្រោះ​ចំណុច​នោះ​មិនទាន់មាន​ការឯកភាព​រវាង​ភាគី​ទាំង​២​នៅឡើយ​។ មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ទៀតថា កាលពី​២​សប្ដាហ៍​មុន​ភាគី​យួន​បាន​ដឹក​គ្រឿង​សម្ភារៈ​សំណង់​និង​គ្រឿងចក្រ​មក​ឈូសឆាយ​ទីតាំង​សម្រាប់​សាងសង់​ខ្លោងទ្វារ​ថ្មី ប៉ុន្តែ​ភាគី​ខ្មែរ​បាន​ហាមឃាត់​មិន​ឲ្យ​សាងសង់​នោះទេ​។

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ខ្សែ​ព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និង​ខេត្ត​យ៉ា​ឡាយ របស់​យួន មាន​ភាពចម្រូងចម្រាស​មិនទាន់​កំណត់​ច្បាស់លាស់ ជាក់ស្ដែង​បង្គោល​ព្រំដែន​លេខ​៣០​នៅ​ចំណុច​មុខ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺ​ភាគី​ទាំង​២​បាន​ឯកភាព​បោះ​ជា​ផ្លូវការ កាលពី​ខែធ្នូ ឆ្នាំ​២០១៥​។ ចំណែក​បង្គោល​ព្រំដែន​ចាប់ពី​លេខ​៣០​ទៅ​ទល់នឹង​លេខ​៣៩ គឺ​ពី​ច្រក​អន្តរជាតិ​អូយ៉ាដាវ ទៅ​ទល់នឹង​ខេត្តមណ្ឌលគិរី ភាគី​ទាំង​២​មិនទាន់​ឯកភាព​បោះបង្គោល​កំណត់ព្រំដែន​នៅឡើយ​ទេ​។ ប៉ុន្តែ​ភាគី​យួន​បាន​ចូលមក​សាងសង់​ប៉ុស្ដិ៍​ឈរជើង និង​មាន​គម្រោង​សាងសង់​ខ្លោងទ្វារ​នៅ​ច្រកព្រំដែន​ស្រុក​ដាក់​កឺ ដែលជា​ការបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​កំរោល​។ ដូច្នេះ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា គួរ​ពិនិត្យឡើងវិញ​ចំពោះ​សកម្មភាព​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន ព្រោះ​កំណត់​ទូត​របស់​កម្ពុជា​មិនត្រូវ​បាន​ភាគី​យួន​បើកភ្នែក​មើល​ឡើយ​៕

56ce05f87443f4393bf4cbf75e802400 fc8d0279-e4df-4231-aa3e-bb7b818e43e3