អាជ្ញាធរ​ខេត្តសៀមរាប មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នៅ​តំបន់ភ្នំ​គូលែន​

ប្រជាពលរដ្ឋ​រស់នៅ​តំបន់ភ្នំ​គូលែន ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​រិះគន់ថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នៅ​តំបន់ភ្នំ​គូលែន​នោះទេ​។ ប្រភព​ខ្លះ​បាន​លើកឡើងថា មន្ត្រី​បរិស្ថាន​ការពារ​ព្រៃឈើ​នៅ​តំបន់ភ្នំ​គូលែន គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​កាប់​ឈើ​ខុសច្បាប់ ក៏ដូចជា​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​រាលដាល​។ ហេតុនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃឈើ​នៅ​តំបន់ភ្នំ​គូលែន ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សកម្មភាព​កាប់​ឈើ​នៅ​តំបន់ភ្នំ​គូលែន​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​បទល្មើស​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​ប៉ះពាល់​ដល់​តំបន់​អភិរក្ស​គួរ​ឲ្យ​ព្រួយបារម្ភ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា ប្រធាន​ស្នាក់ការ​បរិស្ថាន​ភ្នំ​គូលែន ឈ្មោះ វិបុល បានដឹង​យ៉ាងច្បាស់​អំពី​បទល្មើស​កាប់​ឈើ​ខុសច្បាប់ និង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ខុសច្បាប់​នៅ​តំបន់ភ្នំ​គូលែន ប៉ុន្តែ​មន្ត្រី​រូបនេះ​មិន​រាយការណ៍​ទៅ​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​ព្រៃ​សេះ​លើ​ភ្នំ​គូលែន កំពុង​រាលដាល​កាន់តែខ្លាំង​ហើយ​ដីព្រៃ​ជាច្រើន​ហិកតា​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​យ៉ាង​រលូន​គ្មាន​ការទប់ស្កាត់​ពី​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​ទាល់តែសោះ​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់ភ្នំ​គូលែន បាន​ឲ្យ​ដឹងថា ទាំង​មន្ត្រី​អាជ្ញាធរ​ស្រុក ទាំង​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​បន្ត​កើតឡើង​ឥត​ឈប​ឈរ​។ ដូច្នេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្វាយ​លើ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ស្វាយ​លើ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទាល់តែសោះ ហើយ​មន្ត្រី​បរិស្ថាន​តែងតែ​ឆ្លើយ​យករួចខ្លួន​ពេលដែល​បទល្មើស​រាលដាល​យ៉ាង​អនាធិបតេយ្យ​។ ក្នុងនោះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ទាន់ពេលវេលា​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់ភ្នំ​គូលែន ព្រោះ​បច្ចុប្បន្ន​បទល្មើស​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​ការពារ​នេះ​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

3fa51b01-8d19-4e17-8091-15cfb7402364 b188096c-85e9-4104-9bab-aabab46d342e ec32bd54-c895-4fc3-a559-180dbbb29b7f