គូស្នេហ៍​តារា​អា​មេ​រិ​ក​លែងលះ​គ្នា​ក្រៅ​តុលាការ

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៦ ផ្សាយ​ថា​តុលាការក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស បញ្ជាក់​ថា នាង  Ember Heard តារា​សម្តែង​អាយុ​៣០​ឆ្នាំ បាន​ព្រមព្រៀង​គ្នា​នៅ​ក្រៅ​តុលាការ​ស្តី​ពី​ការ​លែងលះ​ជាមួយ​លោក  Johnny Depp តារា​សម្តែង​អាយុ​៥៣​ឆ្នាំ ។ នាង  Ember Heard បាន​ដក​បទចោទប្រកាន់​ស្វាមី​លោក Johnny Depp ពី​បទ​ធ្វើបាប​រូប​នាង ។

សេចក្តីថ្លែងការណ៍​របស់​លោក​Depp និង  Heard បញ្ជាក់​ថា «​ចំណង​ស្នេហ៍​របស់​យើង​មាន​ពេល​ខ្លះ​រង្គោះរង្គើ ប៉ុន្តែ​នៅ​តែ​ស្រឡាញ់​គ្នា​ល្អូកល្អិន​ជា​និច្ច ។ គ្មាន​ភាគី​ណាមួយ​មាន​ចេតនា​បំផ្លិចបំផ្លាញ​លើ​រាង​កាយ និង​ផ្លូវចិត្ត​ឡើយ​» ។

«​វេ​ប​សាយ «TMZ» ផ្សាយ​ថា ពួក​គេ​ទាំង​២ បាន​ព្រមព្រៀង​គ្នា​ថា Depp ត្រូវ​ចំណាយ​ប្រាក់​លើ​ថ្លៃ​ចិញ្ចឹម​បីបាច់​នាង​Heard ចំនួន​៧​លាន​ដុល្លារ ខណៈ​ពេល​នាង​Heard ប្រកាស​ថា​នឹង​យក​ប្រាក់​ដែល​ទទួល​បាន​នេះ​ទៅ​បរិច្ចាគ​ដល់​អង្គការ​សប្បុរ​ធម៌ ។

នាង Heard បាន​ប្តឹង​សុំ​លែងលះ​លោក  Depp កាលពី​ឧសភា និង​បាន​ដាក់​សំណើសុំ​ឱ្យ​តុលាការ​ចេញ​បញ្ជា​ឱ្យ​ប្តី​ជា​តារា​សម្តែង​ក្នុង​រឿង «Pirates of the Caribbean » នៅ​ឆ្ងាយ​ពី​ខ្លួន ដោយ​ចោទប្រកាន់​ថា លោក​ធ្វើបាប​លើ​រាង​កាយ និង​ផ្លូវចិត្ត​របស់​នាង ។ គូស្នេហ៍​នោះ​បាន​ជួប​គ្នា​ក្នុង​ពេល​ថត​ភាពយន្ត​រឿង​« The Rum Day » កាលពី​ឆ្នាំ​២០១១ និង​បាន​រៀប​ការ​នឹង​គ្នា​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៥ ៕